ក្រុមគ្រូពេទ្យជំនាញខាងជំងឺមនុស្សចាស់បានរកឃើញស្របគ្នានឹងរបាយការណ៍កាលពីលើកមុនថា អៀង ធីរិទ្ធ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយពិបាកនឹងចូលរួមសវនាការកាត់ទោសរូបគាត់។ ការរកឃើញបែបនេះត្រូវបានបកស្រាយជាសាធារណៈនៅក្នុងសវនាការរយៈពេលពីរថ្ងៃរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមស្ដីពីបញ្ហាសុខភាពរបស់អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចខ្មែរក្រហមរូបនេះ។ សវនាការបានចាប់ផ្ដើមនៅថ្ងៃពុធនេះ។
លោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្ស៊ែល (Seena Fazel) ជនជាតិអង់គ្លេសបានថ្លែងក្នុងសវនាការនោះថា ជនជាប់ចោទអាយុ៧៩ ឆ្នាំរូបនេះបាត់បង់ការចងចាំ ហើយអាចក្លាយជាឧបសគ្គក្នុងការកាត់ក្ដីពេញលេញលើរូបគាត់។ លោកបានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា៖
«ខ្ញុំគិតថា ស្ថានភាពបញ្ញារបស់គាត់អាចជាការរារាំងសវនាការ។ វាមានការពិបាកក្នុងការជួយជ្រោមជ្រែងដល់មេធាវីក្នុងការរៀបចំការពារក្ដីរបស់គាត់ដោយសារតែគាត់ចុះខ្សោយសតិបញ្ញា»។
កាលពីខែសីហា លោកសាស្ដ្រាចារ្យ ចន ខាំបែល អ្នកជំនាញផ្នែកជំងឺមនុស្សចាស់ បានលើកឡើងក្នុងសវនាការស្ដីពីបញ្ហាសុខភាពជនជាប់ចោទថា អៀង ធីរិទ្ធ មានបញ្ហាច្របូកច្របល់ក្នុងខួរក្បាល បាត់ការចងចាំ ព្រមទាំងពិបាកក្នុងការចោទជាសំណួរលើរូបគាត់នៅក្នុងសវនាការ ហើយគាត់ថែមទាំងមិនអាចចូលរួមសវនាការតាមរយៈវីដេអូភ្ជាប់ចូលទៅកាន់បន្ទប់គាត់បានទៀតផង។
ក្នុងសវនាការនៅថ្ងៃនេះលោកវេជ្ជបណ្ឌិតកម្ពុជា ហួត លីណា បានគូសបញ្ជាក់ថា អៀង ធីរិទ្ធ មិនដឹងថា គាត់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងទេ។
«រកឃើញថា គាត់មិនអាចដឹងអគារដែលកំពុងស្នាក់នៅនោះជាអគារអ្វី និងជាអគារដែលមានមុខងារអ្វីនោះទេ»។
អៀង ធីរិទ្ធ រួមជាមួយនឹងជនជាប់ចោទបីនាក់ផ្សេងទៀតក្នុងសំណុំរឿង០០២ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ដែលនាំឲ្យស្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម បានបង្ហាញថា សវនាការស្ដីពីបញ្ហាសុខភាព អៀង ធីរិទ្ធ នៅថ្ងៃនេះនឹងពិនិត្យមើលថា តើត្រូវបញ្ចប់នីតិវិធីច្បាប់លើជនជាប់ចោទរូបនេះ ឬយ៉ាងណាដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងរនោះ។
យ៉ាងណាក៏ដោយ ក្រុមវេជ្ជបណ្ឌិតចុងក្រោយបានលើកឡើងថា អាចមានលទ្ធភាពធ្វើឲ្យសុខភាពរបស់ អៀង ធីរិទ្ធ មានលក្ខណៈប្រសើរឡើង ហើយប្រសិនបើសាលាក្ដីខ្មែរក្រហមយល់ថា គាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមការកាត់ទោសរបស់គាត់នោះ គួរតែមានការពិនិត្យឡើងវិញលើស្ថានភាពជំងឺរបស់គាត់រាល់បីខែម្ដង ហើយគួរតែមានគ្រូពេទ្យជំនាញផ្នែកការធ្វើចលនាមនុស្សចាស់ផងដែរសម្រាប់ថែរក្សាគាត់៕