អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៅក្នុងរបបខ្មែរក្រហម មិនមានសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោសទៅលើរូបគាត់នោះទេ ហើយបានបង្គាប់បញ្ជាឲ្យដោះលែង អៀង ធីរិទ្ធ ចេញពីមន្ទីរឃុំឃាំងពីសាលាក្តីខ្មែរក្រហម។
ការសម្រេចនេះធ្វើឡើងតែបួនថ្ងៃប៉ុណ្ណោះ មុននឹងសាលាដំបូងចាប់ផ្តើមដំណើរការពេញអង្គសេចក្តីទៅលើសំណុំរឿង០០២ ដែលមានអៀង ធីរិទ្ធ នៅក្នុងនោះដែរ។ នៅក្នុងសេចក្តីសម្រេចកម្រាស់៣០ ទំព័រ នៅល្ងាចនេះ លោកចៅក្រម ណិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង បានបញ្ជាឲ្យបំបែបសុំណុំរឿងអៀង ធីរិទ្ធិ ចេញពីជនជាប់ចោទបីនាក់ផ្សេងទៀត នៅក្នុងសំណុំរឿង០០២ គឺអៀង សារី ដែលជាប្តីរបស់គាត់ និងខៀវ សំផន។ ក៏ប៉ុន្តែលោកចៅក្រម ណិល ណុន បញ្ជាប់ថានីតិវិធីប្រឆាំងទៅនឹងជនជាប់ចោទអៀង ធីរិទ្ធនៅតែបន្តដដែល។ យ៉ាងណាក៏ដោយក្រុមចៅក្រម មិនបានរកឃើញកិច្ចព្រមព្រៀងគ្នាថាតើត្រូវដាក់អៀង ធីរិទ្ធនៅមន្ទីរពេទ្យ ឬដោះលែងដោយគ្មានលក្ខខណ្ឌនោះ។
លោក ផាត់ ពៅស៊ាង សហមេធាវីកម្ពុជារបស់អៀង ធីរិទ្ធ បានអបអរសាទរការសម្រេចនេះ។ យ៉ាងណាក៏ដោយសហព្រះរាជអាជ្ញាមានលទ្ធភាពប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចនេះ។
«បញ្ហានេះ គឺជាគោលដៅរបស់មេធាវីហើយ»។
លោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជា មានប្រសាសន៍ថាសហព្រះរាជអាជ្ញា នឹងត្រូវពិនិត្យសើររើទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូងនេះជាមុនសិន។
«ខ្ញុំពិនិត្យទៅលើការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងសិន ហើយបើមានហេតុផលគ្រប់គ្រាន់ក៏យើងមិនមានបំណងប្តឹង ក៏ប៉ុន្តែបើមិនមានហេតុផលគ្រប់គ្រាន់ ក៏យើងសម្រេចប្តឹងដែរ។ ដូច្នេះ ខ្ញុំឥតទាន់ហ៊ាននិយាយថាប្តឹង ឬក៏មិនប្តឹងនោះទេ»។
លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមពន្យល់ថា វាត្រូវការយៈពេល១៦ថ្ងៃទៀតមុននឹងដឹងថាអៀង ធីរិទ្ធិ ត្រូវដោះលែងពីមន្ទីឃុំឃាំងរបស់សាលាក្តីខ្មែរក្រហម។
«សហព្រះរាជអាជ្ញានឹងធ្វើការប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចរបស់អង្គជំណុំជំរះសាលាដំបូងនេះ គឺគាត់មានរយៈពេល២៤ម៉ោង ហើយបន្ទាប់មកគឺអង្គជំណុំជំរះតុលាការកំពូល មានរយៈពេល២៤ ម៉ោង នៅក្នុងការសម្រេច ថាតើ បណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាហ្នឹង អាចទទួលយកបាន ឬមួយក៏យ៉ាងម៉េច។ បន្ទាប់មកនៅក្នុងនីតិវិធី គឺអង្គជំនុំជម្រះតុលាការកំពូល លោកនឹងមានរយៈពេល១៥ថ្ងៃ នៅក្នុងការសម្រេចទៅលើបណ្តឹងឧទ្ធរណ៍នេះ»។
លោកស្រី គ្លែរ ដាហ្វ៊ី (Clair Daffy) អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមមកពីអង្គការអ្នក
ផ្តោចផ្តើមគំនិតយុត្តិធម៌សង្គមសេរី OSJI របស់សហរដ្ឋអាមេរិកចាត់ទុកថា នេះគឺជាការសម្រេចចិត្ត របស់អង្គជំនុំជម្រះសាលាដំបូងស្របទៅនឹងស្តង់ដាអន្តរជាតិ។
«លោកស្រី គ្លែរ ដាហ្វ៊ី អត្ថិប្បាយថា ខ្ញុំគិតថា ទាំងអស់គ្នាបានរំពឹងទុកការសម្រេចទាំងអស់នេះ នឹងកើតឡើង ហើយដោយផ្អែកទៅលើភស្តុតាងនៃការវាយតម្លែផ្នែកវិជ្ជសាស្ត្រ អៀង ធីរិទ្ធ មិនមានសម្បទាគ្រប់គ្រាន់ សម្រាប់ចូលរួមសវនាការទេ។ ខ្ញុំគិតថា ហេតុដែលអង្គជំនុំជម្រះសាលាដំបូង រកឃើញដូច្នេះគឺជាសញ្ញាដ៏ល្អមួយបង្ហាញពីការអនុវត្តរបស់តុលាការនៃស្តង់ដាអន្តរជាតិស្តីពីការ
កាត់ទោសប្រកបដោយភាពត្រឹមត្រូវ»។
អៀង ធីរិទ្ធ អាយុ៧៩ឆ្នាំ ជាប់ចោទពីបទឧក្រិដ្ឌកម្មសង្គ្រាម ឧក្រិដ្ឌកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ទាក់ទងទៅនឹងការស្លាប់របស់ប្រជាជនកម្ពុជាជិតពីរលាននាក់។
ក្រុមគ្រូពេទ្យ បានបង្ហាញនៅក្នុងសវនាការស្តីពីកាយសម្បទាសម្រាប់ចូលរួមការកាត់ទោស របស់អៀង ធីរិទ្ធ កាលពីខែតុលាកន្លងទៅថា ជនជាប់ចោទរូបនេះបានបាត់ការចងចាំ មានបញ្ហាខួរក្បាល និងពិបាកចូលរួមសវនាការឲ្យបានត្រឹមត្រូវ។ កាលពីថ្ងៃពុធ សាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានសម្រេចថា នួន ជា អតីតបងធំទីពីរ នៃរបបខ្មែរក្រហម អាយុ៨៥ឆ្នាំ មានកាយសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមសវនាការ។
នួន ជា និង អៀង ធីរិទ្ធ គឺជាជនជាប់ចោទតែពីរនាក់គត់ នៅក្នុងចំណោមជនជាប់ចោទបួននាក់ ដែលទទួលបានការជំនុំជម្រះទៅលើកាយសម្បទាមុននឹងសវនាការពេញអង្គសេចក្តី នៃសំណុំរឿង០០២ ចាប់ផ្តើមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ៕