ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាដីកា​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុចគ្រោង​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ


កាំង ​ហ្កេកអ៊ាវ​ ហៅ ​ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង​ឬ​មន្ទីរ​ស​២១​​ជាប់​ចោទ​ក្នុង​សំណុំរឿង​០០១​​ពី​បទ​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្រ្គាម​ បទ​មនុស្ស​ឃាត​ និង​ទារុណកម្ម ​ចំពោះ​ការ​សម្លាប់​អ្នក​ទោស​គុក​ទួលស្លែង​យ៉ាងតិច​១២៣៨០​នាក់។
កាំង ​ហ្កេកអ៊ាវ​ ហៅ ​ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង​ឬ​មន្ទីរ​ស​២១​​ជាប់​ចោទ​ក្នុង​សំណុំរឿង​០០១​​ពី​បទ​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្រ្គាម​ បទ​មនុស្ស​ឃាត​ និង​ទារុណកម្ម ​ចំពោះ​ការ​សម្លាប់​អ្នក​ទោស​គុក​ទួលស្លែង​យ៉ាងតិច​១២៣៨០​នាក់។

មន្ដ្រី​ផ្លូវការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ជូន​ដំណឹង​ពី​កាល​បរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា​សំណុំរឿង​ឌុច​ក្នុង​អំឡុង​សប្ដាហ៍​ក្រោយ​នេះ។ ​ជាមួយ​គ្នា​នេះ​ប្រភព​ផ្សេង​ទៀត​យល់​ថា ​ការ​ប្រកាស​សាលដីកា​អតី​មេគុក​ទួលស្លែង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ។

លោក​ឡាស ​អលសិន​ (Lars Olsen) ​មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​បញ្ជាក់​ថា ​គេ​នឹង​អាច​ដឹង​ច្បាស់​ពី​ថ្ងៃ​ប្រកាស​សាលដីកា​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​ទៅ​កាន់​តុលាការកំពូល​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

«យើង​រំពឹង​ថា ​នៅ​ក្នុង​សប្តាហ៍ក្រោយ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​សាលដីកា។​ យើង​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​នោះ​ដើម្បី​ដឹង​ថា ​តើ​ការ​ប្រកាស​សាលដីកា​ធ្វើ​ឡើង​នៅ​ពេល​ណាពិត​ប្រាកដ»។

កាំង ​ហ្កេកអ៊ាវ​ ហៅ ​ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង​ឬ​មន្ទីរ​ស​២១ជាប់​ចោទ​ក្នុង​សំណុំរឿង​០០១ពី​បទ​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្រ្គាម​ បទ​មនុស្ស​ឃាត​ និង​ទារុណកម្ម ​ចំពោះ​ការ​សម្លាប់​អ្នក​ទោស​គុក​ទួលស្លែង​យ៉ាងតិច​១២៣៨០​នាក់។​ អង្គជំនុំ​ជម្រះ​សាលា​ដំបូង​កាលពី​ខែ​កក្កដា ​ឆ្នាំ ​២០១០​បាន​សម្រេច​ផ្ដន្ទា​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគា​ចំនួន​៣៥ ​ប៉ុន្ដែ​ទោស​នេះ​ត្រូវ​បាន​កាត់កង​នៅ​ត្រឹម​១៩​ឆ្នាំ​វិញ។

កាល​ពី​ខែ​កញ្ញា ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រកាស​សាល​ដីកា​ក្នុង​សំណុំរឿង​ឌុច​នឹង​ធ្វើ​ឡើង​នៅ​ដំណាច់​ឆ្នាំ​នេះ ​ខណៈ​ដែល​ការ​កាត់ទោស​ឌុច​ចប់​សព្វគ្រប់​ដោយ​តុលាការ​កំពូល​អស់​រយៈ​ពេល​ប្រាំពីរ​ខែ​គត់​នៅ​ថ្ងៃ​នេះ។

លោក​ស្រី ​គ្លែ ​ដាហ្វ៊ី ​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​កាត់ទោស​របស់​អង្គការ​យុត្តិធម៌​សង្គម​សេរី ​OSJI​ របស់​សហ​រដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា ​អ្នក​ស្រី​បាន​ឮ​ថា ​ការ​ប្រកាស​សាលដីកា​ដោយ​តុលាការ​កំពូល​ក្នុង​សំណុំរឿង​ឌុច​នឹង​ធ្វើ​នៅ​ចុង​ឆ្នាំ​នេះ ​ឬ​ដើម​ឆ្នាំ​ក្រោយ។

លោក​ស្រី​យល់​ថា​ វា​យូរ​ដែរ​ហើយ​សម្រាប់​ការ​រង់ចាំ​របស់​ជន​ជាប់ចោទ​ក៏​ដូច​ជា​ការ​រង់ចាំ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។

យ៉ាងណាក៏ដោយ​ការទន្ទឹង​រង់ចាំ​ក្នុង​ពេល​នេះ​គឺ​ថា ​តើ​សាលដីកា​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​តម្កល់​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ឬ​យ៉ាងណា?

លោក​ជុំ ​ម៉ី ​និង​លោក​ប៊ូ ​ម៉េង​ គឺ​ជា​ជន​រងគ្រោះ​តែ​ពីរ​រូប​គត់​បច្ចុប្បន្ន​នៅ​រស់រាន​មាន​ជីវិត​ បន្ទាប់​ពី​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ ដែល​បាន​រួចផុត​ពី​ការ​កាប់​សម្លាប់​ប្រមាណ​ជិត​ដប់​នាក់​ បាន​ស្លាប់​ជា​បន្ដ​បន្ទាប់។

លោក​ជុំ ​ម៉ី ​បច្ចុប្បន្ន​គឺ​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ ដោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ហៅ​កាត់​ថា​ ក្សេមក្សាន្ដ។ ​សម្រាប់​រូប​លោក ​ប្រសិន​បើ​តុលាការ​កំពូល​រក្សា​ការ​ផ្ដន្ទា​ទោស​ឌុច​ត្រឹម​៣៥​ដូច​មុន​នោះ​ វា​នឹង​មិន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នោះ​ទេ។

«ប្រសិន​បើ​គាត់​ដាក់​ទោស​(​ឌុច​)​លើស​ពី​៣៥​ឆ្នាំ ​ដូច​ព្រះ​រាជ​អាជ្ញា​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទោស​ចំនួន​៤៥​ឆ្នាំ ​នោះ​គឺ​ជា​យុត្តិធម៌​ហើយ»។

លោក​ប៊ូ ​ម៉េង​មាន​ប្រសាសន៍​ថា ​លោក​នឹង​សប្បាយ​ចិត្ត​ ប្រសិនបើ​តុលាការ​កំពូល​ផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​លើស​ពី​រយៈ​ពេល​៣៥​ឆ្នាំ​ ពីព្រោះ​គឺ​ជា​ការ​ដាក់ទោស​ដែល​មិន​មាន​តុល្យភាព​ជាមួយ​នឹង​ចំនួន​ជន​រងគ្រោះ​ ដែល​បាន​ស្លាប់បាត់​បង់​ជីវិត។

«វា​អត់​មាន​តុល្យភាព​នឹង​ជីវិត​មនុស្ស​ ដែល​បាន​ស្លាប់​រាប់​លាន​នាក់​ក្នុង​សម័យ​ប៉ុល ​ពត​ទេ។ ​សុំ​(ដាក់​ទោស) ​មួយ​ជីវិត​ដើម្បី​ឲ្យ​អ្នក​ដឹកនាំ​ជំនាន់ក្រោយ​កុំ​ឲ្យ​យក​តម្រាប់​តាម​ឌុច»។

ឌុច​មាន​អាយុ​៦៩​ឆ្នាំ។ ​គាត់​ត្រួតត្រា​គុក​ទួល​ស្លែង​ពី​ឆ្នាំ​១៩៧៦​ដល់​ខែ​មករា​ ឆ្នាំ​១៩៧៩។​ គាត់​ត្រូវ​បាន​បញ្ជូន​ពី​ការ​ឃុំឃាំង​បណ្ដោះ​អាសន្ន​នៅ​តុលាការ​យោធា​នៅ​ឆ្នាំ​២០០៧។​ សហ​ព្រះរាជ​អាជ្ញា​ទាំង​ពីរ​រូប​គឺ​លោក​អាន់ឌ្រូ ​ខេលី ​និង​លោក​ស្រី​ជា ​លាង​បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ផ្ដន្ទាទោស​ឌុច​ឲ្យ​ជាប់​ ពន្ធនាគារ​អស់​មួយ​ជីវិត​ ឬ​យ៉ាង​ហោច​ណាស់​ចំនួន​៤៥​ឆ្នាំ​ ដោយ​មិន​មាន​ការ​បន្ធូរ​បន្ថយ​ទោស។

លោក​វ៉ាន់ថាន់ ​ពៅតារា ​នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​ប្រសាសន៍​ថា​ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​ជន​រងគ្រោះ​ ប្រសិន​បើ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​រក្សា​ការដាក់ទោស​ឌុច​ដូច​មុន។

«ប្រហែល​ជា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការជឿ​ទុកចិត្ត​របស់​គាត់​លើ​តុលាការ។ ​តែ​បើ​ការ​សម្រេច​ផ្ទុយ​ពី​នេះ​តាម​ការ​ស្នើសុំ​របស់​សហ​ព្រះរាជ​អាជ្ញា​ឲ្យ​តំឡើង​ទោស​ឌុច​នោះ ​វា​នឹង​មាន​ន័យ​សម្រាប់​ជន​រងគ្រោះ​ ពីព្រោះ​ទី​មួយ​គាត់​អាច​ទទួល​យក​បាន​ ទី​ពីរ​ធ្វើ​ឲ្យ​គាត់​ស្ងប់​ចិត្ត»។

ក៏ប៉ុន្ដែ​លោក​នេត្រ ​ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​ទោស​ឌុច​ជា​ចុង​ក្រោយ​យ៉ាងណា ​គឺ​សុទ្ធ​តែ​ជា​ប្រយោជន៍​នៃ​យុត្តិធម៌។

«ការ​សម្រេច​យ៉ាងណា​នោះ​គឺ​ជា​ការ​សម្រេច​មួយ​ប្រកប​ដោយ​នីតិ​វិធី​ច្បាប់ ​ហើយ​វា​នៅ​តែ​ឆ្លើយតប​ទៅ​នឹង​ផល​ប្រយោជន៍​យុត្តិធម៌»។

ទីប្រឹក្សា​ច្បាប់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក​ស្រី​អាន ​ហេនដិល ​(Anne Heindel)​ ធ្លាប់បាន​ពន្យល់​ថា​ ភាព​ស្មុគ្រស្មាញ​ក្នុង​សំណុំរឿង​ឌុច​ និង​កង្វះ​ពិសោធន៍​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ក្នុង​ការកាត់​ក្ដី​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​បែប​នេះ​ បាន​នាំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ពេល​វេលា​ច្រើន។

លោក​ឡាស​ អលសិន ​និង​លោក​ស្រី​អាន ​ហេនដិលក៏ធ្លាប់​បាន​លើកឡើង​ពី​បញ្ហា​បក​ប្រែ​ភាសា​ផង​ដែរ​ ដែល​ជំរុញ​ឲ្យ​មាន​ភាព​ស្មុគ្រ​ស្មាញ​ដល់​ដំណើរ​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល។

ក៏​ប៉ុន្ដែ​ប្រភព​ស្និទ្ធិ​នឹង​សាលាក្ដី​ខ្មែរក្រហម​មួយ​ចំនួន​បាន​បង្ហាញ​ពី​ភាព​មិន​ទាន់​ចុះ​សម្រុង​គ្នា​រវាង​ចៅ​ក្រម​អន្ដរជាតិ​ និង​ចៅ​ក្រម​ជាតិ​ក្នុង​ការ​កំណត់​ទោស​ទណ្ឌ​របស់​ឌុច​ ដែល​ជា​រឿង​មិន​ល្អ​ដល់​ការ​ចេញ​សាលដីកា៕

XS
SM
MD
LG