ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជំងឺ​ផ្លូវចិត្ត​នៃ​របប​ខ្មែរក្រហម​ឆ្លង​ជំនាន់


អ្នកស្រី​​ឃុន អូន​​ ដើម​​បណ្តឹង​​រដ្ឋប្បវេណី​​សំណុំរឿង​​០០២​​ឱប​រូបថត​​ប្តី​​ដែល​​ខ្មែរក្រហម​​សម្លាប់។​

ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិធម៌​ក្នុង​សាលាក្តី​ខ្មែរក្រហម​និង​ត្រូវ​និយាយរឿង​ឈឺចាប់​ក្នុង​របប​នេះ​ ដើម្បី​ឲ្យ​ធូរ​ទ្រូង​ ទើប​ពួក​គាត់​អាច​បាន​ធូរ​ស្រាល​ពី​ជំងឺ​នេះ​ ដែល​ជះ​ឥទ្ធិពល​ដល់​កូនចៅ​ជំនាន់​ក្រោយ។

នៅ​តាម​ទីក្រុង​នានា​នៅ​ស.រ.អា.​ដែល​មាន​ខ្មែរ​រស់​នៅ​ច្រើន ​អ្នក​ស្រី​សាស្ត្រាចារ្យ​នូ លក្ខិណា​បាន​ពន្យល់​ណែនាំ​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរក្រហម​អំពី​ទម្រង់​ការ​ច្បាប់​ដើម្បី​ចូលរួម​ដាក់​ទណ្ឌ​កម្ម​ខ្មែរក្រហម។

ក្នុង​កម្ម​វិធី​«ពី​ជន​រងគ្រោះ​មក​ជា​សាក្សី»​នៅ​ទីក្រុង​San Jose​ រដ្ឋ​កាលីហ្វ័រនីញ៉ា​ ស.រ.អា.​ អ្នកស្រី​ឃុន អូន​ ដែល​ជា​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ និង​ជា​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​០០២​ បាន​ប្រាប់​អ្នកស្រី​នូ លក្ខិណា​ និង​អ្នក​ចូលរួម​គឺ​យ៉ាង​ដូច្នេះ​ថា៖

«លោក​អុំ​ចង់​ឲ្យ​តុលាការ​សង​យ៉ាង​ម៉ិចដែរ?»

«ខ្ញុំ​មិន​ចង់​ឲ្យ​សងអ្វី​ទេ។ ​ទោះបី​ទាមទារ​ក្រុម​គ្រួសារ​មក​វិញ​ ក៏​គេ​មិន​រស់​មកវិញ​ដែរ​ តែ​ចង់​ឲ្យ​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង»។

ក្រៅ​ពី​ណែនាំ​ឲ្យ​ជន​រងគ្រោះ​កាត់​បន្ថយ​ជំងឺ​ផ្លូវចិត្ត​ដោយ​រក​យុត្តិធម៌​ និង​និយាយ​រឿង​ទុក្ខសោក​ឲ្យ​អស់​ពីទ្រូង​ លក្ខិណា​ក៏​ប្រើ​សិល្បៈ​ជួយ​ផ្លូវ​ចិត្ត​របស់​ពួក​គាត់​ផង​ដែរ។

នៅ​ឯ​កម្ម​វិធី​«សិល្បៈជាសាក្សី»​នៅ​ទីក្រុង​ Santa Ana​ រដ្ឋ​កាលីហ្វ័រនីញ៉ា​ស.រ.អា.​ ​ អ្នក​ចូលរួម​គូរ​រូប​អំពី​ព្រឹត្តិ​ការណ៍​ក្នុង​សម័យ​ខ្មែរក្រហម។

លោក​ភីធើ​ អ៊ូច​ បាន​ចង្អុល​រូប​គំនូរ​មនុស្ស​ជាប់​ចំណង​ដែល​លោក​បាន​គូរ​ ហើយ​ពណ៌នា​គំនូរ​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖

«នៅ​សម័យប៉ុល ពល​ អ្នក​នៅ​កណ្តាល​នេះ​ជា​រូប​ខ្ញុំ។​ ខ្មែរក្រហម​ចាប់​ ពេលខ្ញុំ​ធ្វើ​កង​ចល័ត​ណា៎!​ កង​ចល័ត​ ពេល​បះបោរ​ ខ្ញុំ​រត់​ទៅ​ស្រុក​ខ្ញុំ​វិញ​ គេ​ចាប់​ខ្ញុំ»។

បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរបាន​សួរ​លោកថា​ «នេះ​ជា​រឿង​ពិត?»

លោក​ងាក​រក​បុរស​នោះ​ ហើយ​ឆ្លើយ​ថា៖

«បាទ​ រឿង​ពិត»។

លោក​ភីធើ អ៊ូច​បន្ត​ទៀត​ថា​ «នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ស្រុក​មង្គលបូរី។ ​នេះ​គឺ​រូប​ខ្ញុំ»។​ លោក​ចង្អុល​ទៅ​កាន់​រូប​អ្នក​ជាប់​ចំណង​ពីរ​នាក់​ទៀត​ ហើយ​បន្ត​ថា៖

«ហើយ​ពីរ​នាក់​នេះ​ចល័ត​ដូចគ្នា។​ គេ​ចាប់​ចង​ទាំង​បីនាក់​ ហើយ​គេ​វ៉ៃ​មួយ​យប់​ មួយ​ថ្ងៃ។​ ម្នាក់​នេះ​ងាប់»។

អ្នកស្រី​នូ លក្ខិណា​លាន់​មាត់​ថា៖ «អូ!»

អ្នកស្រី​នូ លក្ខិណា​ ជា​សាស្ត្រាចារ្យ​សង្គម​វិជ្ជានៃ​សាកល​វិទ្យាល័យ ​Long Beach ​រដ្ឋ​ California។ ថ្វីបើ​អ្នកស្រី​ និង​ឪពុកម្តាយ​មិនធ្លាប់​រស់​នៅ​ក្នុង​របប​ខ្មែរក្រហម​ក៏ដោយ​ អ្នកស្រី​គិត​ថា​ អ្នកស្រី​មាន​កាតព្វ​កិច្ច​ជួយ​ជនជាតិ​ខ្មែរ​នៅ​ស.រ.អា.​ចូលរួម​ក្នុង​ការ​កាត់​ទោស​ខ្មែរក្រហម។ ​អ្នកស្រី​បាន​បង្កើត​វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា(ASRIC)។

រហូត​មក​ដល់​ពេល​នេះ​ តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង តាម​រយៈ​វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា​ (ASRIC)​នេះ​ជាង​១៧០​នាក់​ ដែល​ក្នុងនោះ​៤៣​នាក់​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី ​ក្នុង​សំណុំ​រឿង​០០២​ កាត់​ទោស​មេ​ដឹកនាំរបប​ខ្មែរក្រហម។

នៅ​សាកល​វិទ្យាល័យ​ទីក្រុង​Long Beach ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ អ្នកស្រី​បាន​ប្រាប់​វីអូអេ​សំឡេង​ស.រ.អា.​ថា៖

«អង្គការ​ASRIC​កំពុង​ជួយ​ជន​រងគ្រោះ​នៅ​ស.រ.អា.​ ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ចំពោះ​ខ្មែរក្រហម​ ដែល​ធ្លាប់​ធ្វើ​បាប​គាត់។​ ហើយ​ពួក​ខ្ញុំ​ចង់​សាក​ផ្លូវ​មួយ​ទៀត​គឺ​យក​សិល្បៈ​ជា​ឱកាស​មួយ​ជួយ​ឲ្យ​គាត់​និយាយ​បញ្ហា​គាត់។ ​ហើយ​សំខាន់​ជាង​គេ​គឺ​ជួយ​ផ្លូវ​ចិត្ត​គាត់ ឲ្យ​ធូរ​ស្រាល»។

កូន​សិស្ស​របស់​អ្នកស្រី​កោត​សរសើរ​កិច្ច​ប្រឹងប្រែង​របស់ ​ASRIC។

លោក​Deepak Naik​ និយាយ​និស្សិត​សង្គមវិជ្ជា​និយាយ​ថា៖

«សង្គម​វិជ្ជា​និង​ច្បាប់​ទាក់ទង​គ្នា​ ព្រោះ​យើង​ត្រូវ​យល់​ថា​ សង្គម​ត្រូវការ​ច្បាប់។​ កាល​ណា​ខ្ញុំ​ដឹង​អំពី​កិច្ចការ​របស់​សាស្ត្រាចារ្យ​លក្ខិណា​ក្នុង​សាលាក្តី​ខ្មែរក្រហម​កាន់​តែ​ច្រើន​ ខ្ញុំ​កាន់​តែ​យល់​ កាន់តែ​ចង់ដឹង​ដើម្បី​ធ្វើតាម​គម្រូ​របស់​គាត់»។

អ្នក​ចូលរួម​ក្នុង​កម្មវិធី​នានា​របស់​ ASRIC​និយាយ​ថា​ អ្នកស្រី​លក្ខិណា​បាន​ជួយ​ពួក​គេ​ច្រើន។

លោក​ឆែ ឈឿន ​អ្នក​ដាក់​ពាក្យ​ប្តឹង​សំណុំ​រឿង​០០២​ ប្រាប់​វីអូអេ​ថា៖

«ក៏​ប៉ុន្តែ​និយាយ​ពី​រឿង​ដែល​ថា​ ខ្ញុំ​គោរព​គាត់​ គឺ​គាត់​ជា​អ្នក​ចូល​ចិត្ត​ជាតិ​ខ្មែរ​ ចូល​ចិត្ត​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ»។

កិច្ច​ប្រឹងប្រែង​របស់​អ្នកស្រី​លក្ខិណា​ត្រូវ​អ្នក​ថត​វីដេអូ​អាជីព​ចងក្រង​ជា​ភាពយន្ត​ឯកសារ។

លោក​ Michael Siv​ បាន​ឲ្យ​ដឹង​ថា៖

«ខ្ញុំ​ថត​ឯកសារ​នេះ​ ពីព្រោះ​លក្ខិណា​ធ្វើការ​នេះ​សំខាន់​ណាស់។​ លក្ខិណា​ប្រមូល​ជន​រងគ្រោះ​របស់​ខ្មែរក្រហម​ និង​ឲ្យ​ពួក​គាត់​រក​យុត្តិធម៌។ ​គាត់​ត្រូវ​ការ​យុត្តិធម៌​ ដើម្បី​ឲ្យ​ជីវិត​របស់​គាត់​មាន​ន័យ​ត​ទៅ​ទៀត។ ​ពួក​គាត់​អាយុ​ជាង​៧០ ​ឬ​៨០​ឆ្នាំ​ហើយ។​ ASRIC​ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​គាត់។ ​គាត់​យក​វត្ថុ​អនុស្សាវរីយ៍ ​និង​និយាយ​រឿង​របស់​គាត់​ឲ្យ​ធូរ​ទ្រូង។​ ក្រៅពី​លក្ខិណា​ គ្មាន​អ្នក​ណា​អាច​ឲ្យ​គាត់​និយាយ​បាន​ទេ»។

នៅ​ឯ​សហជីព​គ្រូ​បង្រៀន​នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅដើម​ឆ្នាំ​នេះ​ អ្នកស្រី​លក្ខិណា​ប្រាប់​អ្នក​ចូលរួម​អំពី​មូលហេតុ​ដែល​អ្នកស្រី​ជួយ​ជន​រងគ្រោះ​ នៅ​ពេល​មនុស្ស​ជាច្រើន​ទៀត​ចង់​បំភ្លេច​រឿង​នេះ​ចោល។

«រោគ​សញ្ញា​ជំងឺ​ផ្លូវចិត្ត​មាន​ទាំង​ឪពុកម្តាយ​ដែល​ធ្លាប់​ឆ្លងកាត់​សម័យ​ខ្មែរក្រហម​ និង​កូនចៅ​ជំនាន់​ក្រោយ​ ហើយ​មាន​ទាំង​នៅ​ស.រ.អា.​ និង​នៅ​ស្រុកខ្មែរ។​ តួលេខ​ជំងឺ​ផ្លួវចិត្ត​មាន​ដល់​១៤​ទៅ​១៥​ភាគរយ»។

សូម​រំឭក​ថា​ អ្នកស្រី​លក្ខិណា​រក​ឃើញ​ថា​ សង្គម​ខ្មែរ​មាន​ជំងឺ​នេះ​ ពេល​អ្នកស្រី​ចុះ​ស្រាវជ្រាវ​សរសេរ​សារណា​ថ្នាក់​បណ្ឌិត​នៅ​ឆ្នាំ​១៩៩៧​ និង​ឆ្នាំ​១៩៩៨។

អ្នកស្រី​នូ​ លក្ខិណា​គ្រោង​រៀប​ចំ​ពិព័រណ៍​អំពី​គំនូរ រូបថត​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ទៀត​របស់​ជន​រងគ្រោះ​ ហើយ​រៀបចំ​វិចិត្រ​សាល​ដើម្បី​តម្កល់​ភស្តុតាង​ទាំង​នេះ​ផង៕

XS
SM
MD
LG