លោកស្រី ប៉ាទ្រីស្យា អូប្រាយអិន (Patricia O'Brien) អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកកិច្ចការច្បាប់នឹងមកដល់កម្ពុជានៅក្នុងសប្ដាហ៍នេះដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយជាបន្ទាន់នូវវិបត្តិក្នុងសាលាក្ដីខ្មែរក្រហម ដែលស្ថិតនៅជុំវិញការចោទប្រកាន់ពីការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលក្នុងកិច្ចការកាត់ទោសពួកមេដឹកនាំខ្មែរក្រហម។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយពីលោកសហចៅក្រមស៊ើបអង្កេតខាងភាគីអង្គការសហប្រជាជាតិ លោក ស៊ីកហ្វ្រ៊ីត ប៊្លុង បានលាឈប់ពីការងារកាលពីថ្ងៃទី៨ ខែតុលា។ លោកបានប្រកាសថាមូលហេតុនៃការលាឈប់កើតពីការជាប់ទាក់ទងនឹងការជ្រៀតជ្រៀករបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការស៊ើបអង្កេតរបស់លោកក្នុងសំណុំរឿង០០៣ និង០០៤។ សំណុំរឿងទាំងនេះមានជនជាប់ចោទសរុបចំនួនប្រាំនាក់ ដែលសុទ្ធសឹងតែជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។
លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃការស្វែងរកការយោគយល់គ្នាកាន់តែប្រសើរឡើងរវាងភាគីកម្ពុជា និងអង្គការសហប្រជាជាតិចំពោះដំណើរការកាត់ទោសពួកខ្មែរក្រហម។
«អ្វីដែលអ្នកនាំពាក្យអង្គការសហប្រជាជាតិបានថ្លែងជាមូលដ្ឋាននោះគឺថា វាមានសារៈសំខាន់សម្រាប់អង្គការសហប្រជាជាតិក្នុងនិយាយទៅកាន់មន្រ្ដីជាន់ខ្ពស់ក្នុងសាលាក្ដីខ្មែរក្រហម និងមន្ដ្រីដទៃទៀតដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅបំផុតពីកង្វល់ទាក់ទងនឹងការចោទប្រកាន់នៃការជ្រៀតជ្រែកផ្នែកនយោបាយ»។
ប៉ុន្តែពុំមានមន្ដ្រីផ្លូវការណាម្នាក់នៃសាលាក្ដីខ្មែរក្រហមបានអះអាងពីកាលបរិច្ឆេទពិតប្រាកដ នៃការមកដល់របស់លោកស្រី ប៉ាទ្រីស្យា អូប្រាយអិន នោះទេ។ លោក ឡាស អលសិន បញ្ជាក់ថា លោកស្រីនឹងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេលពីរទៅបីថ្ងៃតែប៉ុណ្ណោះ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក ម៉ាទីន ណេសៀរគី (Martin Nesirky) បានថ្លែងកាលពីសប្ដាហ៍មុនថា លោកស្រីអូប្រាយអិននឹងជួបជាមួយមន្ដ្រីផ្លូវការរបស់កម្ពុជា និងមន្ដ្រីដទៃទៀត ដែលទាក់ទងនឹងសាលាក្ដីខ្មែរក្រហម។
យោងតាមកម្មវិធីរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីបានឲ្យដឹងថា លោកស្រី ប៉ាទ្រីស្យា អូប្រាយអិន នឹងជួបសន្ទនា ជាមួយលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលកាន់កាប់សំណុំរឿងកាត់ទោសមេដឹកនាំខ្មែរក្រហម នៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបញ្ជាក់ថា កង្វល់នៃបញ្ហាជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងសាលាក្ដីនឹងត្រូវដោះស្រាយក្នុងដំណើរទស្សនកិច្ចនេះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
លោក ហ៊ុយ វណ្ណៈ មន្ដ្រីផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមបញ្ជាក់ថា ព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមិនត្រូវគេទម្លាយឲ្យដឹងនោះទេ។ ក៏ប៉ុន្ដែជាគោលការណ៍នឹងមិនមានបញ្ហាអ្វីជាឧបសគ្គសម្រាប់សាលាក្ដីនោះទេក្នុងពេលនេះ។
«ប្រក្រតីភាពនៃតុលាការនឹងបន្ដទៅតាមធម្មតា»។
លោកស្រី គ្លែ ដាហ្វ៊ី (Clair Duffy) អ្នកឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហមមកពីអង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី កត់សម្គាល់ថា ដំណើរទស្សនកិច្ច របស់លោក ស្រីប៉ាទ្រីស្យា អូប្រាយអិន មានការជាប់ពាក់ព័ន្ធនឹងវិបត្តិនៃការជឿជាក់លើសាលាក្ដីខ្មែរក្រហមទាក់ទងទៅនឹងការជំនួសលោកចៅក្រមស៊ីកហ្វ្រ៊ីត ប៊្លុង និងជាការជាប់ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់មន្ដ្រីជាន់ខ្ពស់កម្ពុជាជំទាស់ទៅនឹងសំណុំរឿង ០០៣ និង០០៤។ លោក ស្រីគ្លែ ដាហ្វ៊ី គិតថាបញ្ហាទាំងនេះត្រូវតែដោះស្រាយនៅកម្រិតនយោបាយរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
«ភាគីទាំងសងខាងត្រូវតែមានកិច្ចសន្យាជាមួយគ្នាឡើងវិញដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ហើយអង្គការសហប្រជាជាតិ និងប្រទេសផ្ដល់ជំនួយត្រូវតែប្រកាន់ជំហរឲ្យបានរឹងមាំមែនទែន»។
ទោះជាយ៉ាងណា រដ្ឋាភិបាលខ្មែរកាលពីសប្ដាហ៍មុនបានបង្ហាញជំហររបស់ខ្លួនពីការគោរពការសម្រេចចិត្តនានារបស់សាលាក្ដីខ្មែរក្រហម៕
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយពីលោកសហចៅក្រមស៊ើបអង្កេតខាងភាគីអសប បានលាឈប់ពីការងារកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១១៕