នៅក្នុងសវនាការបណ្តឹងសាទុក្ខថ្ងៃទី២ មេធាវីរបស់លោក ខៀវ សំផន បានអះអាងថាមិនមាន«ភ័ស្តុតាងគ្រប់គ្រាន់»លើការចោទប្រកាន់ថាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមមានគោលនយោបាយថ្នាក់ជាតិសម្លាប់ជនជាតិវៀតណាម ក្នុងអំពើប្រល័យពូជសាសន៍នោះទេ។
លោក ខៀវ សំផន អាយុ៩០ឆ្នាំ អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ក្នុងនោះក៏មានការចោទប្រកាន់លើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិវៀតណាម និងចាម។
អ្នកស្រី អង់តា គូស៊េ (Anta Guissé) ដែលជាសហមេធាវីបរទេស ជនជាតិបារាំង បានថ្លែងថាសាក្សីផ្តល់ចម្លើយកាលពីកន្លងទៅ ទាក់ទងនឹងការសម្លាប់ជនជាតិវៀតណាម មិនរឹងមាំនោះទេ ព្រោះគ្រាន់តែជា«ការឮតាមគេ» និងតាម«ពាក្យចចាមអារ៉ាម»តែប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថាមិនមានភ័ស្តុតាងបញ្ជាក់អំពីការសម្លាប់ជនជាតិវៀតណាមនៅទូទាំងប្រទេស ក្រៅតែពីការបង្ហាញការសម្លាប់នៅក្នុងខេត្តព្រៃវែង និងស្វាយរៀង និងកន្លែងផ្សេងទៀតតិចតួចប៉ុណ្ណោះ។
អ្នកស្រីបានថ្លែងថា៖ «អញ្ចឹងខៀវ សំផន គាត់ត្រូវបានផ្តន្ទាទោសចំពោះអំពើប្រល័យពូជសាសន៍វៀតណាមនេះ គឺមូលដ្ឋានគាំទ្រ គឺស្រាលណាស់។ អញ្ចឹងគឺព័ស្តុតាងមិនគ្រប់គ្រាន់»។
លោក វីនសិន ដឺ វ៉ាល់ (Vincent de Wilde) ដែលសហព្រះរាជអាជ្ញាអន្តរជាតិ បានថ្លែងច្រានចោលការលើកឡើងរបស់មេធាវីលោក ខៀវ សំផន ដោយលើកឡើងថាខ្មែរក្រហមមានគោលនយោបាយសម្លាប់ជនជាតិវៀតណាម មិនមែនត្រឹមតែទាហាននោះទេ គឺជនជាតិវៀតណាមទូទៅ។ លោកបន្ថែមថាព័ស្តុតាងបញ្ជាក់ថាវៀតណាមជា«សត្រូវសួពូជ»ក្នុងសម័យខ្មែរក្រហម។
របបខ្មែរក្រហមបានដួលរលំ ក្រោយការវាយប្រហាររបស់កងទ័ពវៀតណាម ដែលត្រូវបានចាត់ទុកថាជា «ការឈ្លានពាន» ប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានអះអាងថាជាជំនួយរំដោះកម្ពុជាចេញពីរបបប៉ុលពត។
សហព្រះរាជអាជ្ញាបន្ថែមថាការសម្លាប់ជនជាតិវៀតណាមពិតជាត្រូវបានរាយការណ៍ទៅថ្នាក់ដឹកនាំបក្សកុម្មុយនីស្តកម្ពុជាប្រជាធិបតេយ្យ ដែលលោកថាមានគោលដៅ«បំបាត់ឲ្យអស់ខ្មាំងគ្រប់ប្រភេទពីទឹកដីកម្ពុជា ជាពិសេសពួកឈ្លានពានវៀតណាម»។
របបខ្មែរក្រហមបានដួលរលំ ក្រោយការវាយប្រហាររបស់កងទ័ពវៀតណាម ដែលត្រូវបានចាត់ទុកថាជា«ការឈ្លានពាន»ប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានអះអាងថាជាជំនួយរំដោះកម្ពុជាចេញពីរបបប៉ុលពត។
លោក ខៀវ សំផន ដែលជាអតីតមេខ្មែរក្រហមថ្នាក់ខ្ពស់តែម្នាក់គត់ដែលនៅរស់រាន។ ក្រៅពីការចោទប្រកាន់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ចាមនិងវៀតណាម លោក ខៀវ សំផន ក៏រងការចោទប្រកាន់ផ្សេងៗ មានដូចជាការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ ការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការបោសសម្អាតនៅមន្ទីរសន្តិសុខ ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង និងការដ្ឋានលើកទំនប់ត្រពាំងថ្មជាដើម។
ក្រៅពីស្នើសុំឲ្យតុលាការមោឃភាពសាលក្រម និងការចោទប្រកាន់នានា លោក ខៀវ សំផន ក៏បានស្នើឲ្យតុលាការកែប្រែការផ្តន្ទាទោសមួយជីវិត មកជាការដាក់ពន្ធនាគារក្នុងពេលកំណត់ណាមួយ។
គួរបញ្ជាក់ថាបន្ទាប់ពីបញ្ចប់ការសួរដេញដោលសំណុំរឿងបណ្តឹងសាទុក្ខនេះ តុលាការអាចនឹងប្រកាសសាលាដីកាស្ថាពរនៅនៅចុងឆ្នាំ២០២២៕