តុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះបានសម្រេចផ្ដន្ទាទោសជនបរទេសចំនួនបីនាក់ឲ្យជាប់ពន្ធនាគាររហូតទៅដល់ប្រាំបីឆ្នាំ។ ជនទាំងបីនាក់ត្រូវចោទប្រកាន់ពីបទបានគំរាមធ្វើការវាយប្រហារទៅលើស្ថានទូតបស្ចិមប្រទេសក្នុងទីក្រុងភ្នំពេញកាលពីប្រាំបីខែមុននេះ។
ជនទាំងនោះគឺមានជនជាតិបង់ក្លាដេសចំនួនពីរនាក់ គឺលោក រ៉ាហ្វីកល អ៊ីស្លាម (Rafiqul Islam) អាយុ៤២ឆ្នាំនិងលោក មីយ៉ាស មហាម៉េដ ហ៊ុយម៉ាយុន កាឌៀ (Miah Mohammad Huymayun Kadir) អាយុ៤៥ឆ្នាំនិងជនសង្ស័យសញ្ជាតិនេប៉ាល់ម្នាក់គឺលោក ឌីប ប៉ូឌីយ៉ាល់ (D.P Paudyal) អាយុ៤៤ឆ្នាំ។
ការផ្ដន្ទាទោសក្រោមការចោទប្រកាន់ពីបទភេរវកម្មបន្ទាប់ពីក្រុមអាជ្ញាធរបានរកឃើញកាលពីក្នុងអំឡុងខែមេសា ឆ្នាំ២០១០ ថាជនសង្ស័យទាំងបីនាក់បានផ្ញើលិខិតគំរាមកំហែងព្រមានពីការវាយប្រហារប្រឆាំងស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអូស្រ្តាលី និងស្ថានទូតរបស់ប្រទេសអង់គ្លេស។ ជនបរទេសទាំងបីត្រូវនាំយកមកកាត់ទោសជាបន្ដបន្ទាប់ក្នុងអំឡុងខែមករាកន្លងទៅនេះ។
លោក ស៊ីន វិសាល ប្រធានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ បានអះអាងក្រោយពីការប្រកាសសាលក្រមកាលពីព្រឹកម៉ិញថាតុលាការមានភស្ដុតាងគ្រប់គ្រាន់ទាក់ទងនឹងការបង្ហាញអំពី ចេតនាប៉ុនប៉ងគំរាមកំហែងផ្នែកភេរវកម្ម។
«មានកំហុស មានសំអាងហេតុហើយ បានជាតុលាការហ៊ានសម្រេចនេះ»។
លោកមេធាវី មួង សុគន្ធ ការពារក្ដីឲ្យជនជាប់ចោទ រ៉ាហ្វីកល អ៊ីស្លាម មានប្រសាសន៍ថា តុលាការមិនមានភស្ដុតាងសំអាងរឹងមាំណាមួយក្រៅពីលិខិតដែលអាជ្ញាធរប្រមូលបាននោះទេ។
«ភស្ដុតាងដែលដាក់បន្ទុកដូចជាការឆែកឆេរ (អ្វី) ដែលត្រូវចាប់បានដោយសមត្ថកិច្ចគឺអត់មានទាំងអស់។ កូនក្ដីខ្ញុំនិងខ្ញុំមិនអាចទទួលយកបានទេដូច្នេះខ្ញុំនឹងរៀបចំដាក់បណ្ដឹងឧទ្ធរណ៍ក្នុងពេលឆាប់ៗ ជូនកូនក្ដីខ្ញុំ»។
ជនជាប់សង្ស័យក៏បានបដិសេធផងដែរចំពោះការចោទប្រកាន់របស់តុលាការក្នុងអំឡុងពេលសវនការដោយលើកឡើងថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
សូមបញ្ជាក់ថា D. P. Poudyal លោក Miah Mohammad Huymayun Kadir និងលោក Rafigul Islam ត្រូវចាប់ខ្លួនដោយប៉ូលីសក្រសួងមហាផ្ទៃកាលពីខែមិថុនានិងខែកញ្ញាឆ្នាំ២០១០ គឺចន្លោះពីពីរទៅប្រាំខែ បន្ទាប់ពីក្រុមអាជ្ញាធររកឃើញលិខិតព្រមានពីការវាយប្រហារ។
នៅក្នុងលិខិតនោះបានសរសេរថាមានភេរវករចំនួនបួននាក់នៅក្រុមអាល់កៃដា កំពុងមានវត្តមាននៅក្នុងទីក្រុងភ្នំពេញហើយប៉ុនប៉ងវាយប្រហារទៅលើស្ថានទូតបស្ចិមប្រទេសទាំងបីខាងលើនេះ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកលោក ម៉ាក វ៉េនិក (Mark Wenig) មិនធ្វើអត្ថាធិប្បាយលើករណីដាក់ទោសជនជាប់សង្ស័យទាំងបីរូបនោះទេ ក៏ប៉ុន្ដែលោកមានប្រសាសន៍តាមសារអេឡិចត្រូនិក (អ៊ីម៉ែល) ថា នៅពេលដែលយើងមិនគិតថា ភេរវកម្មមិនមែនជាបញ្ហាសម្រាប់ប្រទេសកម្ពុជានោះ បញ្ហាដូចជាការចន្លោះប្រហោងតាមព្រំដែនត្រូវបានភ្ជាប់ទៅនឹងអំពើភេរវកម្មកាលពីក្នុងអំឡុងអតីតកាល។ លោក ម៉ាក វ៉េនិក បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលនៅគ្រប់កម្រិតលើបញ្ហាភេរវកម្មនេះហើយប្រទេសកម្ពុជានៅតែជាដៃគូដ៏មានសារៈសំខាន់នៅក្នុងតំបន់ក្នុងការដោះស្រាយការគំរាមកំហែងភេរវកម្ម»៕