ទីក្រុង HAMPTON រដ្ឋ មីនីសូតា — ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរមកពីតាមបណ្តាប្រទេសមួយចំនួន និងតាមបណ្តារដ្ឋក្នុងសហរដ្ឋអាមេរិក បានចូលរួមមហាសន្និបាតសង្ឃលើកដំបូងបង្អស់ ចូលរួមពិធីបុណ្យវិសាខបូជា និងពិធីបុណ្យសូត្រព្រះត្រៃបិតក នៅវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៩។ ព្រះសង្ឃនិងពុទ្ធបរិស័ទបានតាំងចិត្តធ្វើកិច្ចការពង្រឹងពុទ្ធសាសនា និងជួយសហគមន៍រួមគ្នា ជាពិសេសការប្រកាសបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកនិងរចនាសម្ព័ន្ធដឹកនាំព្រះសង្ឃ៕