ញាតិមិត្តនៃជនរងគ្រោះ៣នាក់នៅរដ្ឋ North Carolina ដែលត្រូវគេបាញ់ស្លាប់ បានជួបជុំគ្នានៅក្នុងរដ្ឋនេះកាលពីថ្ងៃព្រហស្បត៍ ដើម្បីសូត្រធម៌បួងសួងជូនវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ នៅពេលដែលប៉ូលីសក្នុងតំបន់បន្តធ្វើការស៊ើបអង្កេតឲ្យដឹងថា តើការបាញ់សម្លាប់នេះជាឧក្រិដ្ឋកម្មដោយសារការស្អប់មួយឬដូចម្តេច។
បណ្តាញព័ត៌មានក្នុងតំបន់រាយការណ៍ថា មានអ្នកកាន់ទុក្ខជាច្រើនពាន់នាក់បានទៅចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធសម្រាប់និស្សិត Deah Barakat អាយុ២៣ឆ្នាំ Yusor Abu-Salha អាយុ២១ឆ្នាំ ជាភរិយាដែលទើបនឹងបានរៀបអាពាហ៍ពិពាហ៍ថ្មីៗនេះ និង Razan អាយុ១៩ឆ្នាំ ជាប្អូនស្រីរបស់ Yusor។
អ្នកជិតខាងរបស់សពគូស្រករថ្មីនេះឈ្មោះ Craig Stephen Hicks អាយុ៤៦ឆ្នាំត្រូវជាប់ចោទអំពីបទឃាតកម្មកម្រិតលេខមួយក្នុងការបាញ់សម្លាប់នេះ។
ប៉ូលីសជឿថាជម្លោះអំពីកន្លែងចតរថយន្តនៅបរិវេណផ្ទះឈ្នួលរបស់អ្នកទាំងនេះជាមូលហេតុនៃការបាញ់ តែលោក Mohammed Abu-Salha ដែលជាឪពុកនាង Yusor និង Razan បាននិយាយកាលពីថ្ងៃពុធថា គាត់ជឿថាការបាញ់នេះគឺដោយមកពីអ្នកទាំងបីជាអ្នកកាន់សាសនាអ៊ីស្លាម។
អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ University of North Carolina លោក Rick White បានប្រាប់វីអូអេថា មានការឈឺចាប់ ទុក្ខសោក និងការភិតភ័យនៅក្នុងបរិវេណសាលារៀន៕