ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មុខរបរ​ធ្វើក្អម​ឆ្នាំង​នៅ​ខេត្ត​កំពង់ឆ្នាំ​មាន​សង្ឃឹម​ឡើង​វិញ


កាលពី​សម័យ​អង្គរ ដំបូង​គេ​ធ្វើគ្រឿង​ឆ្នាំង​ក្អម​សម្រាប់​ព្រះ​មហាក្សត្រ​ តែ​ជំនាញ​នេះ​បាន​ថយ​ចុះ​ឥទ្ធិពល​របស់​ខ្លួន​ច្រើន​សតវត្សរ៍​ក្រោយ​មក។ ​ដើម្បី​លើក​ស្ទួយ​ជំនាញ​នេះ​ឡើងវិញ​ អង្គការ​របស់​ជប៉ុន​មិន​រក​កម្រៃ​មួយ​កំពុង​រួម​ជាមួយ​អ្នក​ធ្វើក្អម​ឆ្នាំង​ក្នុង​មូលដ្ឋាន​ ដើម្បី​បង្កើន​បច្ចេកទេស ​និង​ប្រាក់​ចំណូល​សម្រាប់​ពួក​គេ។​

ពីមុន ​គេតែង​ឃើញ​រទេះគោដឹក​ឆ្នាំងដី​ពេញ​រទេះ​លក់​នៅ​តាម​ផ្លូវ​រដាក់​រដុប​នៅ​ប្រទេស​កម្ពុជា។ ​ឆ្នាំង​ដី​នេះ​ធ្វើនៅ​ខេត្ត​កំពង់ឆ្នាំង​ ប្រហែល​៩០​គ.ម.​ខាង​ជើង​ភ្នំពេញ។​ ឈ្មោះ​ខេត្ត​កំពង់​ឆាំ្នង​អាច​បញ្ជាក់​ថា ​ជា​កន្លែង​ធ្វើ​ឆ្នាំង។​

តែ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ រទេះ​លក់​ឆ្នាំង​មិន​សូវ​មាន​ទេ​ ព្រោះ​មុខ​របរ​នេះ​ធ្លាក់​ចុះ។​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្មីៗ​នៅ​កម្ពុជា​ធ្វើឲ្យ​មនុស្សវ័យ​ក្មេង​នៅ​ជន​បទ​មករក​ការ​ធ្វើ​នៅ​ទីក្រុង។ ​ដូច្នេះ​មាន​មនុស្ស​តិចតួច​រក​ស៊ី​ធ្វើ​ឆ្នាំង។​

ឆ្នាំង​ដី​មិន​ភ្លឺ​រលោង​ ហើយ​ងាយ​បែក ​ដូច្នេះ​វា​ថោក​ ហើយ​អ្នក​ធ្វើក៏​បាន​កម្រៃ​តិចដែរ។

ពិព័រណ៍​នៅ​មជ្ឈមណ្ឌល​ «សិល្បៈខ្មែរ​អមតៈ»​នៅ​ភ្នំពេញ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹងប្រែង​អភិរក្ស​ប្រពៃណី​ធ្វើ​ឆ្នាំងក្អម​ ដោយ​អភិវឌ្ឍ​បច្ចេកទេស​ផលិត​និង​រកទី​ផ្សារ​ថ្មី។​

បច្ចេក​ទេស​គួប​ផ្សំ​នឹង​ការ​ធ្វើតាម​ប្រពៃណីធ្វើ​ឆ្នាំងដី​រលោង​ ហើយ​មាន​រចនា​ផ្សេងៗ។​

អ្នកស្រី​ Marison Gommard ​នាយក​ទំនាក់​ទំនង​របស់​«សិល្បៈខ្មែរ​អមតៈ»​និយាយ​ថា៖​

«ពិព័រណ៍​នេះ​យើង​ចង់​បង្ហាញ​គម្រោង​ដែល​ធ្វើ​ជាមួយ​សហគមន៍​នៅ​ខេត្ត​កំពង់​ឆ្នាំង​ដើម្បី​ធ្វើ​តាម​ប្រពៃណី​របស់​គេ។ ​ប៉ុន្តែ​យើង​បន្ថែម​បច្ចេកទេស​ថ្មី។​ ​ យើង​ធ្វើការ​ជាមួយ​គេ ​ដើម្បី​ធ្វើ​ក្អមឆ្នាំង​ទាន់​សម័យ​ សម្រាប់​ទីផ្សារ​ទំនើប»។​

ក្នុង​ឆ្នាំ២០០៩​ ​គម្រោង​ប្រពៃណី​ក្អម​ឆ្នាំង​កម្ពុជា​ចាប់ផ្តើម​នៅ​ខេត្ត​កំពង់​ឆ្នាំង ​ជា​គម្រោង​របស់​អង្គការ​របស់​ជប៉ុន​មិន​យក​កម្រៃ ​ហើយ​ឧបត្ថម្ភ​ដោយ​មូលនិធិ ​Nippon។​

លោក​ Hiroshi Ake​ អ្នក​សម្រប​សម្រួល​គម្រោង​និយាយ​ថា៖​

«គម្រោង​របស់​យើងមាន​គោល​បំណង​ពីរ។​ ទីមួយ​គឺធ្វើឲ្យ​វប្បធម៌​សម័យ​អង្គរ​រស់​ឡើង​វិញ។​ ពីមុន​មាន​វិធី​ធ្វើក្អម​ឆ្នាំងរលោងៗ​នៅ​កម្ពុជា​ តែវា​បាត់បង់​ ពេល​អាណាចក្រអង្គរ​ដួល​រលំ។​ យើង​ចង់​ធ្វើឲ្យ​ជំនាញ​ធ្វើក្អម​ឆ្នាំង​ភ្លឺ​រលោង​នេះ​មាន​ជីវិត​ឡើងវិញ ​ក្នុងពេល​ជាមួយគ្នា ​ដែល​យើង​បញ្ចូល​បច្ចេក​វិជ្ជា​ និង​រចនាបទ​ថ្មី​ ទំនើប។ ​នេះ​ជា​គោល​បំណង​ទីមួយ​ ហើយ​គោល​បំណងទី​ពីរ​គឺ​បង្កើន​ប្រាក់​ចំណូល​សម្រាប់​អ្នក​ធ្វើក្អម​ឆ្នាំង»។​

បច្ចេកទេស​ធ្វើក្អមឆ្នាំង​ខ្មែរ​បាត់បង់​នៅ​ពេល​មាន​អាណាចក្រ​ខ្មែរ​ធ្លាក់​ចុះ​រវាង​សតវត្សរ៍​ទី៩​ និង​សតវត្សរ៍​ទី​១៥។​

ហេតុនេះ​ហើយ​បាន​ជា​គម្រោង​នេះ​ប្រើ​បច្ចេកទេស​ធ្វើក្អម​ឆ្នាំង​របស់​ជប៉ុន ​នៅ​ Mashiko ​ជាទីក្រុង​នៅ ​Tochigi Prefecture ​ដែល​ល្បី​ខាង​ជំនាញ​ធ្វើ​ក្អម​ឆ្នាំង។​

ធ្វើ​ឆ្នាំង​គឺដូច​ធ្វើនំ​អញ្ចឹង ​ដែល​ត្រូវ​មាន​គ្រឿង​ផ្សំ​ល្អ។ ​

នៅភូមិ​អណ្តូង​ឫស្សី​នេះ​ល្បីថា ​មាន​ដីឥដ្ឋ​ធ្វើក្អម​ឆ្នាំង​ល្អ​បំផុត​នៅ​កម្ពុជា។​ ការ​លាយ​ដីឥដ្ឋស​ ដីឥដ្ឋ​ខ្មៅ​ ទឹក​និង​គ្រឿង​ផ្សំផ្សេងនោះ​ត្រូវ​មាន​រូប​មន្ត​ច្បាស់លាស់។​ ​បន្ទាប់​មក​ គេ​លុញ​វា​ឲ្យ​អស់ខ្យល់​ក្នុង​ល្បាយ ​ហើយ​ធ្វើឲ្យ​មាន​សំណើម​ស្មើ។​ ពី​ដើម​ ​គេ​ដាក់វា​នៅ​លើតុ ​ហើយ​ប្រើ​ដៃ​ធ្វើ​គ្រឿង​ក្អម​ឆ្នាំង​ ដែល​មាន​កន្លែង​ខ្លះ​ក្រាស់ ​កន្លែង​ខ្លះស្តើង ​ដែលនាំឲ្យងាយ​បែក។

តែ​ឥឡូវ​គេ​ប្រើវិធី​បង្វិល ​ដែល​ជួយ​ឲ្យ​ផលិត​បាន​លឿន​ និងមានគុណភាព​ល្អ។​ បច្ចុប្បន្ន​ គម្រោង​នេះ​មាន​បុគ្គលិក​ក្នុង​ស្រុក​១០​នាក់​ ដែល​មាន​ប្រវត្តិ​ទាក់ទង​នឹង​ការធ្វើ​ក្អម​ឆ្នាំង​នៅ​កម្ពុជា។​

អ្នកស្រី​អន ​អារ៉ា​និយាយ​ថា៖​

«ធ្វើ​ក្អមឆ្នាំង​ហ្នឹង​ចេះ​តៗ​គ្នា​មក។​ ខ្ញុំក៏​ធ្លាប់​បាន​រៀន។​ ឪពុក​ម្តាយ​ ខ្ញុំគាត់​អត់​ចេះ​ទេ។​ តែខ្ញុំ​រៀន​ពីអុំ​ អ្នក​ជិតខាង​អី​ អញ្ចឹង​ទៅណា៎។​ ដល់ពេល​ចេះ​ហើយ​ធ្វើ​លក់​បាន​បន្តិចបន្តួច ​ព្រោះវា​ពិបាក ​ព្រោះ​យើង​ធ្វើ​យឺត​ណា៎»។​

ក្នុង​ដំណាក់​កាល​ផលិត​ គ្រឿង​ផ្សំ​រលោង​ ដែល​ធ្វើពី​បន្សំ​រវាង​កម្ទេច​ថ្ម​ និង​ទឹក ​ត្រូវ​គេ​ប្រើ​ពាស​ដើម្បី​កុំ​ឲ្យ​វា​ជ្រាប​ទឹក។​ ពីមុន​ គេ​ដុត​ក្អមឆ្នាំង​ក្នុង​រណ្តៅ​គុបភ្លើង​ក្នុង​សីតុណ្ហភាព​៨៥០​អង្សាសេ​ មិនក្តៅ​គ្រប់​គ្រាន់​ទេ​ ​ដូច្នេះ​វា​ងាយ​បែក។​ ឥឡូវ​គេធ្វើឡ​ដុត​វា​ដល់​កំដៅ​ប្រហែល​១២៥០​អង្សា​សេ។ ​ដូច្នេះ​វាធ្វើ​ឲ្យ​ក្អមឆ្នាំង​រឹង ​ហើយ​ល្អ​ជាង។​

រហូត​ដល់​ពេល​នេះ ​ការ​ប្រឹងប្រែង​នេះ​បាន​លទ្ធផល​ហើយ​ ហើយ​ក្រុមហ៊ុន​កំពុង​ប្រឹងប្រែង​ឆ្លើយ​តប​នឹង​ការ​បញ្ជា​ទិញ។ ​

លោក​ Ake ​និយាយ​ថា៖​

«ហាង​លក់ទំនិញ​ធំមួយ​របស់​ជប៉ុន​បើក​នៅភ្នំពេញ​ ហើយ​យើង​ទទួល​ការ​បញ្ជា​ទិញ​យ៉ាងច្រើន​ពី​ភោជនីយ​ដ្ឋាន​នានា​នៅទី​នោះ។​ យើង​រវល់​ណាស់​ថ្មីៗ​នេះ​ ដោយសារ​ការ​បញ្ជា​ទិញ​ច្រើន។ ​តែ​ទីផ្សារ​របស់​យើង​មិនមែន​តែ​នៅ​ភ្នំពេញ ​ឬ​កម្ពុជា​ទេ ​យើង​សង្ឃឹម​ថា នឹង​នាំចេញ​ទៅ​លក់នៅ​ជប៉ុន ​អាស៊ី ​អឺរ៉ុប​ទៀត»។​

អង្គការ​គម្រោង​ធ្វើ​ក្អម​ឆ្នាំង​ប្រពៃណី​ខ្មែរ​នេះ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០១៥។ ​ បន្ទាប់​មក ​អង្គការ​នេះ​ប្រគល់​មុខ​របរ​នេះ​ឲ្យ​បុគ្គលិក​គ្រប់គ្រង​ដោយ​ខ្លួន​ឯង។​

បើ​ទទួល​បាន​ជោគជ័យ​ ក្អម​ឆ្នាំង​ប្រពៃណី​ខ្មែរ​បុរាណ​នឹង​មាន​អនាគត​ភ្លឺស្វាង៕​

លោក​ពិន ស៊ីសុវណ្ណ​ប្រែសម្រួល

XS
SM
MD
LG