ក្រុមអាវលឿងដែលគាំទ្រខាងព្រះមហាក្សត្រជាច្រើនបានតវ៉ានៅក្រៅការិយាល័យផ្នែកវប្បធម៌របស់អង្គការសហប្រជាជាតិនៅទីក្រុងបាងកក ដោយទាមទារឲ្យមានការដកប្រាសាទខ្មែរដែលនៅជិតដែនដីមានជម្លោះចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ ពួកគេក៏បានដើរជាក្បួនកាត់តាមរាជធានីថៃលើកទឹកចិត្តប្រជាពលរដ្ឋកុំឲ្យបោះឆ្នោតនៅថ្ងៃទី៣ខែកក្កដា។ ចលនាអ្នកជាតិនិយមថៃបានឈប់គាំទ្ររដ្ឋាភិបាលថៃសព្វថ្ងៃ ដោយនិយាយថា រដ្ឋាភិបាលនេះមានភាពទន់ខ្សោយក្នុងការដោះស្រាយជម្លោះព្រំដែន។
កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ យ៉ាងតិចណាស់មានអ្នកតវ៉ាអាវលឿងជាង២.០០០នាក់បានធ្វើបាតុកម្មនៅក្រៅការិយាល័យអង្គការយូណេស្កូ (UNESCO) នៅទីក្រុងបាងកក។
ពួកអ្នកជាតិនិយមជាច្រើនចង់ឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO ដែលនឹងធ្វើការប្រជុំនៅថ្ងៃអាទិត្យនេះនៅទីក្រុងបារីសដកប្រាសាទមួយនៅទឹកដីកម្ពុជានៅជិតតំបន់ជម្លោះចេញពីបញ្ជីរបស់ខ្លួន។
ប្រាសាទខ្មែរដែលមានអាយុកាល៩០០ឆ្នាំសង់ឧទ្ទិសទៅព្រហ្មញ្ញសាសនានៅក្នុងទឹកដីកម្ពុជាដែលប្រជាពលរដ្ឋខ្មែរហៅថាព្រះវិហារ និងថៃហៅថា ព្រះវិហានបានប្រកាសជាបូជណីដ្ឋានបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨។
ការដាក់បញ្ចូលនេះបានជំរុញទឹកចិត្តអ្នកជាតិនិយមឱ្យមានការក្តៅក្រហាយទាំងសងខាង នឹងមានការផ្ទុះអាវុធជាបន្តបន្ទាប់រវាងទាហានថៃនិងខ្មែរ។
អ្នកតវ៉ាម្នាក់ឈ្មោះវីភីដា ថៃសាវ៉ាត (Vipida Thaisawat) និយាយថា កម្ពុជាកំពុងយកឈ្មោះបេតិកភណ្ឌពិភពលោកមករំលោភលើទឹកដីថៃ។ ដូចជាអ្នកតវ៉ាដទៃទៀតដែរ នាងអះអាងថា ប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីថៃ។
«ជាការណ៍ពិតប្រាសាទព្រះវិហារនឹងបានមកថៃវិញឬអត់នោះ វាមិនមែនជាបញ្ហាទេ ក៏ប៉ុន្តែបញ្ហានោះគឺកម្ពុជាចង់យកដីនៅជុំវិញប្រាសាទព្រះវិហារមកចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្រោមដែនដីកម្ពុជានោះ ពួកយើងមិនអាចឲ្យរឿងនោះកើតឡើងបានទេ»។
ប្រទេសកម្ពុជាបានស្នើគម្រោងគ្រប់គ្រងរួមគ្នាមួយសម្រាប់ថែរក្សាតំបន់ប្រាសាទព្រះវិហារ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងធ្វើការត្រួតពិនិត្យហើយអាចនឹងសម្រេចនៅអាទិត្យក្រោយនេះ។
ប្រទេសថៃបានទាមទារឲ្យមានការពន្យាពេលសម្រេចលើគម្រោងនោះរហូត ដល់មានការសម្រេចលើទឹកដីនៅជុំវិញប្រាសាទដែលភាគីទាំងពីរទាមទារ។
កាលពីខែមុន ប្រទេសកម្ពុជាបានស្នើតុលាការអន្តរជាតិនៅទីក្រុងឡាអេឲ្យបកស្រាយលើសាលក្រមដែលនឹងមានទាក់ទងនឹងតំបន់ជម្លោះ៤,៦គីឡូម៉ែត្រការ៉េនៅតំបន់ជុំវិញប្រាសាទនេះ។
តុលាការអន្តរជាតិបានសម្រេចក្តីនៅក្នុងឆ្នាំ១៩៦២ ដែលថាប្រាសាទនេះគឺស្ថិតនៅលើទឹកដីកម្ពុជា ប៉ុន្តែមិនបានសម្រេចលើដីនៅជុំវិញតំបន់ប្រាសាទនេះទេ។ សេចក្តីសម្រេចរបស់តុលាការសង្ឃឹមថានឹងចេញក្នុងពេលមួយនៅដើមឆ្នាំក្រោយ។
កាលពីថ្ងៃសុក្រនេះ ក្រុមអាវលឿងបានដើរជាក្រុមពីការិយាល័យអង្គការ UNESCO និងឆ្លងកាត់ទីក្រុងបាងកកដោយបញ្ចេញកំហឹងរបស់ពួកគេទាំងអស់ទៅលើអ្នកនយោបាយថៃ។
ពួកគេបានជំរុញឲ្យប្រជាពលរដ្ឋថៃកុំទៅបោះឆ្នោតនៅថ្ងៃទី៣ខែកក្កដាខាងមុខនេះ ដោយនិយាយថា គ្មានគណបក្សណាមួយដែលមានទឹកចិត្តការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋថៃទេ រួមទាំងគណបក្សកាន់អំណាចប្រជាធិបតេយ្យដែលពួកគេធ្លាប់គាំទ្រនោះ។
ក្រុមអាវលឿងនិយាយថា រដ្ឋាភិបាលមានភាពទន់ខ្សោយនៅក្នុងការដោះស្រាយជម្លោះជាមួយប្រទេសកម្ពុជា និងពួកគេទាមទារឲ្យរដ្ឋាភិបាលឈប់សហការជាមួយអង្គការ UNESCO និងរដ្ឋាភិបាលទីក្រុងភ្នំពេញ។
រដ្ឋាភិបាលថៃបាននិយាយគេចវេសពីបំណងរបស់ខ្លួនក្នុងការចង់ដកប្រាសាទព្រះវិហារចេញពីបេតិកភណ្ឌពិភពលោក ក៏ប៉ុន្តែរដ្ឋាភិបាលក៏បានច្រានចោលការទាមទារជាច្រើនរបស់ក្រុមអាវលឿងដែរ។
ខណៈពេលនោះ ស្ថានភាពនៅព្រំដែននៅតែតានតឹងដោយកងទ័ពនៃប្រទេសទាំងពីរគឺស្ថិតនៅក្នុងសភាពប្រុងប្រៀបជានិច្ច។
ការផ្ទុះអាវុធរវាងភាគីទាំងសងខាងបានសម្លាប់មនុស្សយ៉ាងតិច១០នាក់នៅខែ កុម្ភៈ។ ១៨នាក់ផ្សេងទៀតបានស្លាប់ក្នុងការប្រយុទ្ធនៅខែមេសានៅជិតតំបន់ប្រាសាទបុរាណផ្សេងទៀតប្រហែល១៥០គីឡូម៉ែត្រនៅភាគខាងលិច។
ភាគីទាំងសងខាងបន្ទោសគ្នាទៅវិញទៅមកក្នុងការចាប់ផ្តើមការប្រយុទ្ធ៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស