ថៃបានប្រកាសផែនការបោះឆ្នោតនៅខែកក្កដាដែលមនុស្សជាច្រើនសង្ឃឹមថា នឹងនាំឲ្យមានស្ថិរភាពដល់នយោបាយប្រកបដោយភាពចលាចលនៅក្នុងប្រទេស។ ការបោះឆ្នោតត្រូវបានរំពឹងថា ជាការបោះឆ្នោតដែលមានការប្រកិតគ្នារវាងក្រុមឥស្សរជនបែបជំនាន់ដើមក្នុងប្រទេសថៃដែលតំណាងដោយគណបក្សប្រជាធិបតេយ្យដែលជាគណបក្សកំពុងកាន់អំណាចរបស់នាយករដ្ឋមន្រ្តី អាភីស៊ីត វេចាជីវៈ (Abhisit Vejjajiva) ហើយនឹងគណបក្សប្រឆាំងដែលគាំទ្រដោយអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស្ស៊ីណាវ៉ាត់ (Thaksin Shinawatra)។
នៅសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអាភីស៊ីត វេចាជីវៈនៃប្រទេសថៃបានប្រកាសរំលាយសភាតំណាងរាស្រ្ត ដែលជាការបើកផ្លូវសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី៣ខែកក្កដា។
នៅក្នុងសារថតទុកដែលត្រូវបានផ្សាយតាមទូរទស្សន៍ជាតិ លោកអាភីស៊ីតនិយាយថា ការបោះឆ្នោតអាចធ្វើឲ្យមានឡើងវិញនូវស្ថិរភាពនយោបាយនៅក្នុងប្រទេស។ លោកនិយាយថា ការបោះឆ្នោតជាការចាប់ផ្តើមថ្មីសម្រាប់ប្រទេសថៃដើម្បីចាត់វិធានការដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធិភាពសម្រាប់ប្រជាពលរដ្ឋនិងក្រុមគ្រួសារនៅក្រោមដំណើរការលទ្ធិប្រជាធិបតេយ្យ»។
ទោះបីលោកនាយករដ្ឋមន្រ្តីមានសុទិដ្ឋិនិយមក៏ដោយ អ្នកវិភាគនយោបាយមានការសង្ស័យអំពីលទ្ធភាពនៃការផ្សះផ្សារការបែកបាក់ដ៏ជ្រៅក្នុងប្រទេសថៃនេះ។ គណបក្សភឿថៃដែលជាគណបក្សប្រឆាំងបានត្រូវគាំទ្រដោយអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ស្ស៊ីណាវ៉ាត់ ដែលត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០០៦។ ចាប់តាំងពីពេលនោះមកប្រទេសថៃមានចលាចលដែលកើតពីបាតុកម្ម និងអំពើហឹង្សានៅក្នុងការតស៊ូដើម្បីអំណាចរវាងឥស្សរជននយោបាយរបៀបចាស់ដែលគាំទ្រដោយយោធានិងពួកអ្នកគាំទ្ររបស់លោកថាក់ស៊ីន។
លោកធីទីណាន់ ពុងស៊ុជីរាក់ (Thitinan Pongsudhirak) ជានាយកវិទ្យាស្ថាន សិក្សាសន្តិសុខ និងអន្តរជាតិនៅសកលវិទ្យាល័យជូឡាឡុងកនក្នុងទីក្រុងបាងកក។ លោកនិយាយថា អ្នកប្រឆាំងរបស់លោកថាក់ស៊ីន បានបង្ហាញថាពួកគេមានច្ឆន្ទៈរារាំងពួកអ្នកគាំទ្ររបស់លោកកុំឲ្យបានកាន់អំណាចម្តងទៀត។ លោកថ្លែងថា៖
«ភាគីប្រឆាំងលោកថាក់ស៊ីនបានព្យាយាមធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរារាំងលទ្ធផលនៃការបោះឆ្នោតនោះ រួមមានរដ្ឋប្រហារយោធា ការសរសេររដ្ឋធម្មនុញ្ញថ្មី រំលាយគណបក្សនានារបស់លោកថាក់ស៊ីនការហាមឃាត់អ្នកនយោបាយរបស់គណបក្សទាំងនោះ សម្របសម្រួលឲ្យរដ្ឋាភិបាលអាប់ភីស៊ីតកាន់តំណែង។ រដ្ឋាភិបាលអាប់ភីស៊ីត បន្ទាប់ពីការកាន់អំណាចអស់រយៈពេល២ឆ្នាំ នៅមិនអាចទាក់ទាញទឹកចិត្ត និងគំនិតរបស់ប្រជារាស្រ្តបាន»។
ការស្ទង់មតិនាពេលថ្មីៗនេះបានផ្តល់ឲ្យគណបក្សផឿថៃនាំមុខបន្តិចបន្តួចលើគណបក្សប្រជាធិបតេយ្យដែលជាគណបក្សកំពុងកាន់អំណាចរបស់លោកអាប់ភីស៊ីត។ កាលពីឆ្នាំទៅពួកបាតុករគណបក្សប្រឆាំងរាប់ពាន់នាក់ដែលគេស្គាល់ថាជាពួកអាវក្រហមបានកាន់កាប់ផ្នែកនានាក្នុងរាជធានីបាងកកអស់រយៈពេល២ខែ ដើម្បីទាមទារឲ្យមានការបោះឆ្នោតថ្មី ហើយបានបញ្ចប់អ្វីដែលពួកគេនិយាយថា ជាការធ្វើដោយអយុត្តិធម៌ដល់មេដឹកនាំរបស់ពួកគេ។
លោក អាភីស៊ីត បានបញ្ជាឲ្យយោធាបោសសម្អាតបាតុកម្មនោះដែលបណ្តាលឲ្យមាន ការប៉ះទង្គិចនានា និងបានធ្វើឲ្យមនុស្សជាង៩០នាក់ស្លាប់ដែលភាគច្រើនជាជនស៊ីវិល។
លោក ព្រែត អាដាមស៍ (Brad Adams) ជានាយកទទួលបន្ទុកកិច្ចការក្នុងតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធមនុស្ស (Human Rights Watch) ។ លោកបានប្រាប់ ក្លឹបអ្នកកាសែតបរទេសក្នុងទីក្រុងបាងកកកាលពីសប្តាហ៍មុនថា គ្មានការស៊ើបអង្កេតដែលឲ្យជឿបាននៅក្នុងការស្លាប់នោះទេ។ លោកនិយាយថា៖
«វាជាការបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរនៅតែមានអារម្មណ៍ថា អ្វីដែលបានកើតឡើងកាលពីឆ្នាំទៅ គឺនៅថ្មីៗនៅឡើយ។ ភាគីទាំងពីរនឹងប្រើប្រាស់អ្វីដែលបានកើតឡើងកាលពីឆ្នាំទៅ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួន។ ខ្ញុំគិតថា មិនមានលទ្ធភាពណាមួយដើម្បីទៅដល់ចំណុចនៃការផ្សះផ្សារជាតិក្នុងពេលនៃយុទ្ធនាការបោះឆ្នោតដែលនឹងត្រូវបានប្រារព្ធឡើងពីរខែមុននោះទេ។ ជាការពិត វាច្បាស់ណាស់ថា ក្នុងរយៈពេលនៃយុទ្ធនាការ បញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរឡើង»។
មេដឹកនាំអាវក្រហមដែលចូលរួមក្នុងបាតុកម្មបានត្រូវរងការចោទប្រកាន់ពីភេរវកម្ម ហើយនឹងធ្វើឲ្យអាម៉ាសដល់រាជាធិបតេយ្យ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូត១៥ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយមិនមានទាហានណាត្រូវរងការចោទប្រកាន់ដែរ ទោះបីមានភ័ស្តុតាងដែលអង្គការសិទ្ធមនុស្សបានបង្ហាញថា យោធាបានសម្លាប់បាតុករគ្មានអាវុធ។
លោកស្រីរុងរ៉ាវី ឆាឡឺមស្រីភីនីយ៉ូរីត (Rungrawee Chalermsripinyorit) ជាអ្នកវិភាគតំបន់អាស៊ីអាគ្នេយ៍របស់អង្គការវិបត្តិអន្តរជាតិ (International Crisis Group)។
លោកស្រីរុងរ៉ាវីមានប្រសាសន៍ថា បញ្ហាគន្លឹះនៅក្នុងប្រទេសថៃគឺជាការជ្រៀតជ្រែកផ្នែកនយោបាយក្នុងប្រព័ន្ធតុលាការដែលធ្វើឲ្យជំនឿលើរដ្ឋាភិបាលធ្លាក់ចុះ។ លោកស្រីមានប្រសាសន៍ថា៖
«នេះជាអ្វីដែលតុលាការនឹងត្រូវព្យាយាមដោះស្រាយ ហើយបញ្ហាកំណែទម្រង់យុត្តិធម៌នៅក្នុងប្រទេសនេះត្រូវតែធ្វើ ហើយតើយើងនឹងធ្វើឲ្យមនុស្សទុកចិត្តប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសនេះយ៉ាងដូចម្តេច។ អស់លោកអ្នកដឹងហើយថា មនុស្សណាក៏ដោយដែលរំលោភច្បាប់ នឹងត្រូវទទួលទោសដូចគ្នា»។
ពួកបាតុករអាវក្រហមនិយាយថា រដ្ឋាភិបាលបន្តបង្ក្រាបពួកគេ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធាបានបិទស្ថានីយ៍វិទ្យុសហគមន៌ដែលជាសម្ព័ន្ធមិត្តរបស់ពួកអាវក្រហមហើយបានឃុំឃាំងពួកអ្នកគាំទ្រអាវក្រហម។ ប្រទេសថៃមានប្រវត្តិពេញទៅដោយអន្តរាគមន៍យោធាក្នុងកិច្ចការនយោបាយដោយមានរដ្ឋប្រហារ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួន១៨ដងចាប់តាំងពីឆ្នាំ១៩៣២មក។ ទោះបីមានពាក្យចចាមអារ៉ាមថា ពួកយោធានឹងធ្វើអន្តរាគមន៍ម្តងទៀតដើម្បីរារាំងពួកអាវក្រហមមិនឲ្យបានទទួលជ័យជម្នះក្នុងការបោះឆ្នោតក៏ដោយ ក៏មន្រ្តីយោធាបានបដិសេធអ្វីដែលថាពួកគេនឹងធ្វើរដ្ឋប្រហារមួយទៀតដែរ។
អ្នកវិភាគធីទីណា ព្យាករណ៍ថា បើមិនមានការសម្របសម្រួលខាងនយោបាយណាមួយពីភាគីទាំងពីរនោះទេ វានឹងមិនមានដំណោះស្រាយប្រកបដោយសន្តិវិធីដល់ជម្លោះនាពេលបច្ចុប្បន្ននេះទេ។ លោកថ្លែងថា៖
«មនុស្សជាច្រើន ទទួលប្រយោជន៍ជាច្រើនពីប្រព័ន្ធឋាននុក្រមនយោបាយសង្គមនេះ ហើយវាជាការពិបាកណាស់ដើម្បីបំបាត់វា។ ហើយប្រសិនបើ យើងបំបាត់វា អ្វីដែលកើតមានឡើងបន្ទាប់ អាចមានលក្ខណធ្ងន់ធ្ងរជាងនេះ។ ដូច្នេះ ការសម្របសម្រួលរវាងភាគីទាំងពីរ ជាមធ្យោបាយដ៏ល្អបំផុតឲ្យមានការជឿនលឿនទៅមុខ។ ភាគីទាំងពីរត្រូវទទួលស្គាល់បញ្ហានេះ ហើយធ្វើការជាមួយភាគីម្ខាងទៀត»។
សាធារណជនថៃ ហាក់ដូចជាមានសេចក្តីសង្ឃឹមតិចតួចថាមេដឹកនាំនយោបាយនឹងព្រមព្រៀងសម្របសម្រួលបែបនោះ។ ការស្ទង់មតិនៅឆ្នាំនេះដោយអង្គការមូលនិធិអាស៊ីឲ្យដឹងថា ប្រជារាស្រ្តថៃជាង៨០ភាគរយជឿជាក់ថា ការបែកបាក់ខាងនយោបាយនៅក្នុងប្រទេសនឹងនាំឲ្យមានអំពើហឹង្សាម្តងទៀត៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន