ព្រះមហាក្សត្រខ្មែរនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីនឹងយាងទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាននៃប្រទេសចិន នៅសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ តាមការអញ្ជើញរបស់ភាគីចិន។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ព្រះរាជទស្សនកិច្ចនេះ «នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕