ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ចុះ​ឈ្មោះ​ជនអន្តោប្រវេសន៍​ដើម្បី​បង្ក្រាប​អ្នក​ជួញ​ដូរ​មនុស្ស


ស្រ្តី​ម្នាក់​នេះ​ ជា​ជន​ចំណាក​ស្រុក​ពី​ប្រទេស​ភូមា​​ កំពុង​រៀបចំ​បង្គា​នៅ​កន្លែង​លក់​ម្ហូប​សមុទ្រ​របស់​នៅ​ក្នុង​ក្រុង​មែសុត​ (Mae Sot)​ ដែល​ជា​ក្រុង​ស្ថិត​នៅ​ក្បែរ​ព្រំដែន​នៃ​ប្រទេស​ថៃ។​
ស្រ្តី​ម្នាក់​នេះ​ ជា​ជន​ចំណាក​ស្រុក​ពី​ប្រទេស​ភូមា​​ កំពុង​រៀបចំ​បង្គា​នៅ​កន្លែង​លក់​ម្ហូប​សមុទ្រ​របស់​នៅ​ក្នុង​ក្រុង​មែសុត​ (Mae Sot)​ ដែល​ជា​ក្រុង​ស្ថិត​នៅ​ក្បែរ​ព្រំដែន​នៃ​ប្រទេស​ថៃ។​

សប្តាហ៍​នេះជា​ឱសានវាទ​ចុង​ក្រោយ​សម្រាប់​កម្មវិធី​ចុះឈ្មោះ​កម្មករ​អន្តោប្រវេសន៍​ដែល​កម្មវិធី​នេះ​នឹង​ចុះបញ្ជី​កម្មករ​បរទេស និង​ស្ថាប័ន​ពាណិជ្ជកម្ម​ដែល​ជួល​ពួកគេ។ កម្មវិធីនេះ​មាន​បំណង​បង្ក្រាប​ក្រុម​ជនពាល​រត់ពន្ធ​មនុស្ស​ដែល​បាន​ទទួល​ផល​ចំណេញ​យ៉ាង​សម្បើម​ពី​កម្មករ​បរទេស និង​និយោជក​ដែល​កេងប្រវ័ញ្ច​លើ​កម្មករ។

ណៃ ដែល​ជាជនជាតិ​ភូមា អាយុ​២៥ឆ្នាំ​ បាន​មក​ប្រទេស​ថៃ​កាលពី​ប្រាំមួយឆ្នាំ​មុន ដើម្បី​ព្យាយាម​សង​បំណុល​ពី​របរ​រកស៊ី​បង្គា​ដែល​មិន​បាន​ជោគជ័យ​នៅ​ភាគ​ខាង​ត្បូង​ភូមា។ ដូច​ជនជាតិ​ភូមា​ដ៏ទៃ​ទៀត​ដែរ គាត់​បាន​ឲ្យ​ពួក​ជនពាល​ជួយ​រកការងារ​ឲ្យគាត់។ ក្រុម​ជន​ពាល​ទាំងនេះ​បាន​ជួញដូរប្រជា​ពលរដ្ឋ​ភូមា​រាប់ពាន់​នាក់​ឲ្យ​ចូល​ធ្វើការ​ក្នុង​រោងចក្រ​ ការងារ​កសិកម្ម​ បម្រើ​នៅ​តាមផ្ទះ ឬ​ជា​អ្នក​បម្រើ​ផ្លូវភេទ។

ណៃ​បាន​ឲ្យ​លុយ​ភ្នាក់ងារ​នេះ​ដើម្បី​រក​ការងារ​ឲ្យ​គាត់​នៅ​ក្នុង​រោងចក្រ​របស់​ថៃ។ ភ្នាក់ងារ​នេះ​បាន​ឲ្យ​គាត់​ខ្ចីលុយ​៣០០​ដុល្លារ​ទុកចំណាយ​ជាមុន។ គាត់​និយាយថា ប្រាក់​កម្ចី​នេះ​ត្រូវ​សង​វិញ​ក្នុង​តម្លៃ​ពី​ពីរទៅ​បី​ដង​ច្រើន​ជាង​ប្រាក់​ដើម​ក្នុង​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

ណៃ និយាយ​ថា​ល័ក្ខខ័ណ្ឌ​ការងារ​រោងចក្រ​គឺ​អាក្រក់​ណាស់។ មាន​រឿង​បង់​ប្រាក់​សងថ្លៃ​ធ្វើ​ដំណើរ​ក្នុង​កម្រិត​ទ្វេ​ដង។ អ្នក​មើល​ការ​ខុសត្រូវ​មាន​កាន់​កាំភ្លើង ហើយ​បើ​សិន​ជា​គេ​មិន​ចូល​ចិត្ត​អ្វី​ដែល​គេ​ឃើញ កម្មករ​នឹង​ត្រូវ​គេ​ធ្វើបាប។

ណៃ បាន​គេច​ខ្លួន ហើយ​សព្វថ្ងៃ ជា​កម្មករម្នាក់​ក្នុង​ចំណោម​កម្មករ​ភូមា​៣សែន​នាក់​ដែល​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​អាហារ​សមុទ្រ​នៅ​ក្នុង​ខេត្ត​សាមុត​សាកន​ នា​ជាយ​ក្រុង​បាងកក។ ផ្លាក​សញ្ញា​ជា​ភាសា​ភូមា​នៅ​តាម​ទីផ្សារ​គឹ​ជា​តឹក​តាង​វត្តមាន​របស់​ប្រជាពលរដ្ឋ​ភូមា​នៅ​ក្នុង​សហគមន៍។

រដ្ឋាភិបាល​ថៃ​ឲ្យ​ដឹង​ថា កម្មករ​អន្តោប្រវេសន៍​១​លាន​នាក់​បាន​ចុះ​បញ្ជី​ជាមួយ​កម្មវិធី រដ្ឋាភិបាល​ចាប់តាំង​ពី​ការ​ចាប់ផ្តើម​នៅ​ខែ​មិថុនា។ កាលបរិច្ឆេទ​ចុង​ក្រោយ​សម្រាប់​ការ​ចុះ​ឈ្មោះ​សំខាន់​គឺ​នៅ​ខែ​កក្កដា ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាលបាន​ពន្យារ​កាល​បរិច្ឆេទ​ចុងក្រោយ​សម្រាប់​កម្មករ​នេសាទ​ដល់​ថ្ងៃ​សៅរ៍។

បន្ទាប់ពី​កាលបរិច្ឆេទចុងក្រោយ​នេះកន្លងផុត​ និយោជក​អាចនឹង​ត្រូវ​ផាកពិន័យ​សម្រាប់​ការ​ជួល​កម្មករ​ដែល​មិន​បាន​ចុះ​បញ្ជី។ ហើយកម្មករ​ខុសច្បាប់​ក៍អាច​ប្រឈម​មុខ​នឹងការ​ផាកពិន័យ​ឬក៍​ដាក់​ពន្ធធនាគារ​ដែរ។

របាយការណ៍​មួយ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ដែល​ចេញ​ផ្សាយ​ក្នុង​ឆ្នាំនេះ​ បាន​ដាក់​ប្រទេសថៃ​ក្នុង​ចំណាត់​ថ្នាក់​ទី២​នៃ​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹងការ​ជួញ​ដូរ​មនុស្ស​ ដែល​ក្នុង​នោះ​មាន​ប្រទេស អាហ្វហ្កានីស្ថាន កម្ពុជា ចិន រុស្ស៊ី និងហ្សំប៊ី។

អង្គការ​សហប្រជា​ជាតិ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង​២​លាន​៥​សែន​នាក់​មក​ពី​ប្រទេស​ចំនួន​១២៧​ត្រូវ​បាន​ជួញ​ដូរ​ទៅ​ប្រទេស​ជាង​១៣០​ជា​រៀង​រាល់​ឆ្នាំ។ អង្គការ​ពលកម្ម​អន្តរជាតិ​ប៉ាន់ស្មាន​ថា​ការ​ជួញដូរ​មនុស្ស​ផ្តល់​ចំណូល​ជាង​៣០ពាន់លាន​ដុល្លារ​អាមេរិក​ដល់​ពួក​ឧក្រិដ្ឋជន។

លោកស្រី ចយ អេហ្សេឡូ (Joy Ezeilo) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស​នឹង​ធ្វើ​ទស្សន​កិច្ច​ប្រទេស​ថៃ​នាសប្តាហ៍​នេះ​ដើម្បី​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់ និង​អ្នក​ដែល​ត្រូវ​បាន​ជួញដូរ។ លោកស្រី​និយាយ​ថា​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ប្រសើរ​ជាងនេះ​គឺ​ជា​ការ​ចាំបាច់​សម្រាប់​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ ប៉ុន្តែ​បុព្វហេតុ​ដែល​មាន​ភាព​ចម្រូង​ចម្រាស​នៃ​បញ្ហានេះ​អាច​ធ្វើ​ឲ្យ​ការ​ខំ​ប្រឹងប្រែង​នេះ​មាន​ការ​លំបាក។ លោក​ស្រីមាន​ប្រសាសន៍​ថា៖

«ជា​អកុសល​រឿង​មួយ​ចំនួន​កំពុង​តែ​ក្លាយ​ជា​រឿង​នយោបាយ​ដ៏​ខ្លាំង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​ពិភពលោក​ហើយ​វា​ក៏​បាន​បង្កើត​ភាពតានតឹង​យ៉ាង​ខ្លាំង​ និង​ដំណោះស្រាយ​ដែល​មាន​សារជាតិ​ស្អប់​ខ្ពើម​ជន​បរទេស​ចំពោះ​បញ្ហា​អន្តោប្រវេសន៍។ យើង​គួរ​តែ​ដឹងថា អន្តោប្រវេសន៍​ផ្តល់​ការ​អភិវឌ្ឍ​ដល់​ប្រទេស​ដែល​ទទួល​ពួកគេ​ក៏​ដូចជា​ប្រទេស​របស់​គេ​ដែរ។ ដូច្នេះ​ហើយ យើង​ត្រូវតែ​មើល​រឿង​នេះ​ក្នុង​ចក្ខុវិស័យ​ដែល​ទូលាយ​ជាង​នេះ»។

លោកស្រី អេហ្សេឡូ នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ក្រុម​កម្មករ​ចំណាក​ស្រុក​ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​ចុះ​ឈ្មោះ​កម្មករ​ចំណាក​ស្រុក និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក សុំពុង ស្រាក្រៅ (Sompong Srakraew) ប្រធាន​មូលនិធិ​បណ្តាញ​លើក​កម្ពស់​សិទ្ធិ​ពលកម្ម​នៅ​ថៃ​និយាយ​ថា បើ​ទោះជា​រដ្ឋាភិបាល​ថៃ​បាន​ចាត់​វិធានការ​ក្នុង​ការ​កាត់បន្ថយ​ការ​លំបាក​ដែល​កម្មករ​ខុសច្បាប់​ប្រឈម​ក៏​ដោយ​ វា​នៅ​តែ​មិនទាន់​ឈានដល់​គោលដៅ​ដែល​កំណត់​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅឡើយ។ លោក​មាន​ថ្លែង​ថា៖

«អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​ដែល​រដ្ឋាភិបាលថៃ​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ពលកម្ម​កុមារ។ ហើយ​ក្រសួង​ការងារ​បាន​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​ដើម្បី​បម្រើ​ពលកម្ម​កុមារ។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នានោះ​ដែរ​ ក្រសួង​ការងារ​ព្យាយាម​បដិសេធ​ថា មាន​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​រោងចក្រ។ ប៉ុន្តែ​ស្ថានភាព និង​ព័ត៌មាន​ ដែលបាន​មកពី​រដ្ឋាភិបាល​និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដូចជាខ្ញុំ​គឺ​មិនដូច​គ្នាទេ»។

ក្រុមពលកម្ម​អន្តោប្រវេសន៍​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ លោកស្រី អេហ្សេឡូ ប៉ុន្តែ​បញ្ជាក់​ថា រឿងនេះ​ជាបញ្ហា​តំបន់​ ហើយ​ការ​យក​ចិត្តទុក​ដាក់​គួរ​តែផ្តោត​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​ដែល​ទទួល​ខុសត្រូវ​លើ​របរ​រកស៊ី​ក្នុង​តំបន់៕

ប្រែ​សម្រួល​ដោយ​បូរី ស៊ីរីវណ្ណ

XS
SM
MD
LG