ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្ក្រាប​របស់​យោធា​ថៃ​បាន​បញ្ចប់​បាតុកម្ម​ តែ​ពួក​បាតុករ​មិន​បាន​បោះបង់​ចោល​ការ​ទាមទារ​របស់​ពួកគេ​ទេ


នៅពេល​នេះ​ អាជ្ញាធរ​ថៃ​បាន​បង្ក្រាប​ពួក​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មក​ពី​តំបន់​ស្រុក​ស្រែ​ចម្ការ​ ដែល​បាន​កាន់កាប់​ផ្នែក​នានា​នៃ​រាជធានី​ចំនួន​ពីរ​ខែ។​ ការ​បង្ក្រាប​ដោយ​ក្រុម​យោធា​បាន​បញ្ចប់​បាតុកម្ម​ទាំង​នោះ​ ក៏​ប៉ុន្តែ​មិន​មែន​មុន​មនុស្ស​ជាង​៨០​នាក់​បាន​ស្លាប់​ទេ​ ដោយ​ភាគ​ច្រើន​បំផុត​ជា​ពួក​បាតុករ។​ យ៉ាង​ណា​ក៏​ដោយ​ពួក​បាតុករ​មិន​បាន​បោះបង់​ចោល​ការ​ទាមទារ​របស់​ពួក​គេ​ឱ្យ​ មាន​ការ​បោះឆ្នោត​ជា​ថ្មី ​និង​ឱ្យ​មាន​យុត្តិធ៌ម​សម្រាប់​ពួក​ជន​ដែល​បានស្លាប់​នោះ​ទេ។

អ្នកស្រី Paeng​ Lam​ Saleeto អង្គុយ​នៅ​លើ​ក្តារក្រាល​នៃ​ផ្ទះ​អ្នកស្រី​នៅ​ក្នុង​ខែត្រ Udon Thani ស្តាប់​ការ​ជជែក​ដេញដោល​គ្នា​តាម​វិទ្យុ​ដោយ​ពួក​អ្នក​នយោបាយ​ក្នុង​ក្រុង​បាងកក​ អំពី​អំពើ​ហិង្សា​កាល​ពី​ខែមុន។

អ្នកស្រីនិយាយ​ថា​ អ្នកស្រី​មិន​យល់​អ្វី​ទាំងអស់​ដែល​ពួក​អ្នក​នយោបាយ​ទាំងនេះ​និយាយ​ ក៏ប៉ុន្តែ​ជា​ការ​ច្បាស់លាស់​ចំពោះ​អ្នកស្រី​ថា​ភាគី​ទាំង​ពីរ ​គឺ​រដ្ឋាភិបាល​និង​ពួកប្រឆាំង​កំពុង​ឈ្លោះ​ប្រកែក​គ្នា។

នៅ​ជិត​អ្នកស្រី​មាន​រូបថត​ដាក់​កញ្ចក់​មួយ​នៃ​កូន​ប្រុស​អ្នកស្រី​អាយុ​ ៣២ ឆ្នាំ ​ដែល​ជា​បាតុករ​ម្នាក់​ក្នុង​បណ្តា​ពួក​បាតុករ​មួយ​ចំនួន​ដែល​បានស្លាប់​កាល​ពី​ថ្ងៃ​ទី ​១៩​ ខែ​ឧសភា​ នៅ​ពេល​ដែល​ពួក​ទាហាន​បណ្តេញ​ពួកគេ​ឱ្យ​ចេញ​ពី​ក្រុង​បាងកក។ ​អ្នកស្រី Saleeto និយាយ ​ថា​អ្នកស្រី​គាំទ្រ​កូន​ប្រុស​អ្នកស្រី​ពីព្រោះ​គាត់​បាន​ការពារ​លទ្ធិប្រជាធិបតេយ្យ ​និង​បាន​ទាមទារ​ឱ្យ​មាន​ដ្ឋាភិបាល​ត្រឹមត្រូវ។​ ក៏ប៉ុន្តែ​ សាកសព​របស់​កូនប្រុស​អ្នកស្រី​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ជំរុំ​របស់​ពួកបាតុករ​ក្នុង​វត្ត​មួយ ​ដែល​គេ​គិត​ថា​ជា​កន្លែង​មាន​សុវត្ថិភាព​ពី​ការ​ប៉ះទង្គិច​គ្នា។

អ្នកស្រី Saleeto និយាយ​ថា ​អ្នកស្រី​មិន​ចង់​ឱ្យ​កូន​អ្នកស្រី​ណា​ម្នាក់​ចូលរួម​ក្នុង​បាតុកម្មទៀត​ទេ។​ អ្នកស្រី​មិន​បាន​ដឹង​ថា​ មាន​ការ​សម្លាប់​មនុស្ស​ទេ។​ អ្នកស្រី​ថ្លែង​ថា​ ប្រសិន​បើ​អ្នកស្រី​បាន​ដឹង​ដូច្នេះ​ អ្នកស្រី​បញ្ឈប់​កូន​ប្រុស​អ្នកស្រី​មិន​ឱ្យ​ទៅ​ចូល​រួម​ក្នុង​បាតុកម្មនេះ​ទេ។

ចាប់តាំង​ពី​ខែ​មិនា​មក​ ពួក​បាតុករ​អាវក្រហម​រាប់​ពាន់​នាក់​បាន​កាន់​កាប់​ផ្នែក​កណ្តាល​ក្រុងបាងកក ​ដោយ​រាំង​ផ្លូវ​ធំៗ​និង​បង្ខិត​បង្ខំ​ហាង​ជំនួញ​រាប់​រយ​ឱ្យ​បិទ​ទ្វារ។

នៅ​ក្នុង​រយៈ​ពេល​មាន​បាតុកម្ម​ពីរ​ខែ​ មនុស្ស​ជាង​៨០​នាក់​បាន​បាត់បង់​ជីវិត​ ហើយ​នៅ​ពេល​ដែល​ក្រុម​ទាហាន​រដ្ឋាភិបាល​ចាប់ផ្តើម​បណ្តេញ​ពួក​បាតុករ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ពួក​បាតុករ​អាវក្រហម​ខឹង​សំបារ​ បាន​ដុត​អាគារ​ជាង​៣០​ក្នុង​ក្រុង​បាងកក។

រដ្ឋាភិបាល​បាន​សន្យា​ថា ​នឹង​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​អំពី​អំពើ​ហិង្សា​នេះ​ ក៏ប៉ុន្តែ​បាន​និយាយ​ថា​អំពើ​ឃោរឃៅ​ភាគច្រើន​ជា​ការងារ​របស់​ពួក​ភេរវជនក្នុង​ចំណោម​ពួក​បាតុករ។

នៅ​ក្នុង​ខេត្ត Udon Thani ដែល​ជា​សំបុក​របស់​ពួក​អាវក្រហម ​មាន​ការ​ទុកចិត្ត​បន្តិច​បន្តួច​លើ​រដ្ឋាភិបាល​ដែល​ពួក​បាតុករ​និយាយ​ថា​ បាន​ដក​ពួក​អ្នក​តំណាង​ជាប់ឆ្នោត​របស់​ពួក​គេ​ពី​អំណាច។

តាមរយៈ​ច្បាប់​គ្រា​មាន​អាសន្ន ​រដ្ឋាភិបាល​បង្ក្រាប​បណ្តាញ​ផ្សាយ​ព៌តមាន​និង​សកម្មភាព​របស់​ពួក​អាវក្រហម។ ​ ពួកមន្ត្រី​រដ្ឋាភិបាលនិយាយ​ថា ​ពួក​គេ​កំពុង​ធ្វើការ​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​អំពើ​ហិង្សា​ថែម​ទៀត​ ក៏​ប៉ុន្តែ​ក៏​កំពុង​រៀបចំ​ផែនការ​មួយ​ក្នុង​រយៈពេល​យូរ​ដើម្បី​ផ្សះផ្សា​ ប្រទេសជាតិ​ដែល​បែក​បាក់​គ្នា​ខាង​នយោបាយ​ និង​ដោះស្រាយ​កង្វល់​របស់​ពួក​អាវក្រហម​អំពី​ភាព​មិន​ស្មើ​គ្នា​នៃ​ប្រាក់ចំណូល ​និង​ការ​រៀបចំ​ការ​បោះឆ្នោត​ជា​ថ្មី។

លោក Kamolsil ​Singhasuriya ជា​ប៉ូលីស​ចូលនិវត្តន៍​ម្នាក់​និង​ជា​អ្នក​ចាត់ចែង​ម្នាក់​ ក្នុង​បណ្តា​ពួកអ្នក​ចាត់ចែង​ការ​តវ៉ា​ក្នុង​មូលដ្ឋាន។​ ពួក​អាជ្ញាធរ​បាន​សាកសួរ​ចម្លើយ​លោក​រួច​ស្រេច​ហើយ ​ហើយ​លោក​និយាយ​ថា​ ពួក​អាវក្រហម​កំពុង​ឋិត​នៅ​ក្រោម​គំនាបសង្កត់​យ៉ាង​ខ្លាំង។

លោក Kamolsil ​Singhasuriya និយាយ​ថា ​នៅ​ពេល​ណា​ក្រឹត្យ​គ្រា​មាន​អាសន្ន​បាន​ត្រូវ​លុប​ចោល​ ពួកគេ​នឹង​ចាប់ផ្តើម​បង្កើត​ចលនា​មួយ​ទៀត។​ លោក​ថ្លែង​ថា​ ចលនា​នេះ​ជា​ចលនា​អហិង្សា​និង​បន្ត​អំពាវនាវ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​ក្រោយ​ការបង្ក្រាប​កាល​ពី​ខែ​មុន ​ពួក​បាតុករ​រាប់​រយ​នាក់​នៅ​ក្នុង​ខេត្ត Udon Thani បានដុត​អាគារ​រដ្ឋាភិបាល​និង​រថយន្ត។​ អាគារ​ចាស់​នៃ​សាលាក្រុង​បាន​ឆេះ​ហិនហោច។ ក្តារក្រាល​ធ្វើ​ពី​ឈើ​ម៉ៃសាក់​នៃ​អាគារ​នេះ​បាន​ឆេះ​ជា​ផេះ។​ នៅ​ក្នុង​កន្លែង​ចត​ទ្បាន​មាន​នៅ​សល់​សំណល់​ទ្បាន​ទឹក​ពីរ​ បី​គ្រឿង​ដែល​បាន​ត្រូវ​ដុត​ឆេះ។

នៅ​ពេល​នេះ​ ពួក​ឆ្មាំ​សន្តិសុខ​ប្រដាប់​ដោយ​កាំភ្លើង M16 យាមល្បាតតំបន់​នេះ។​ ពួក​ប៉ូលីស​និង​ពួក​ឆ្មាំ​សន្តិសុខ​នៅ​ទី​នេះ​និយាយ​ថា​ ពួក​គេ​ មាន​មិត្តភ័ក្តិ​និង​សមាជិក​គ្រួសារ​ក្នុង​ចំណោម​ពួកបាតុករ​ ហើយ​ពួក​គេ​ព្រួយ​បារម្ភ​ថា​ ទោះ​ណា​មាន​ការ​ស្ងប់ស្ងាត់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក៏​ដោយ​ ក៏​ចលាចល​អាច​វិល​ត្រទ្បប់​មកវិញ​យ៉ាង​ឆាប់​រហ័ស។

លោក Chouchart​ Klinchan ដែលជា​ឆ្មាំ​សន្តិសុខ​ម្នាក់​នៅ​ឯ​សាលាក្រុង​ចាស់និយាយ​ថា​ ទោះ​ណា​ជា​មាន​សមានចិត្ត​ក៏​ដោយ​ ក៏​ពួក​ឆ្មាំ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង។

លោក Chouchart​ Klinchan និយាយ ​ថា​មាន​ពាក្យ​ចចាមអារាម​ថា​ ក្នុង​រយៈពេល​ប្រមាណ​ពីរ​ខែ​ទៀត​ប្រហែល​នឹង​មាន​អ្វី​កើត​ទ្បើង​ ពីព្រោះ​ពួក​បាតុករ​នៅ​តែ​ខឹង​សំបារ​នៅ​ទ្បើយ​ ហើយ​ប្រហែល​ចង់​ធ្វើ​សកម្មភាព​ថែមទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល។

អាជ្ញាធរ​បាន​បន្ត​ការ​គ្រប់គ្រង​គ្រា​មាន​អាសន្ន​រហូត​ដល់​ខែ​កក្កដា ​ក៏​ប៉ុន្តែ​និយាយ​ថា ​តាម​រយៈ​ផែនការ​ផ្សះផ្សា​របស់​រដ្ឋាភិបាល​ ​ការ​បោះឆ្នោត​អាច​មាន​ធ្វើ​នៅ​ដើម​ឆ្នាំ​ក្រោយ។

ពួក​អ្នក​គាំទ្រ​ពួក​អាវក្រហម​នៅ​ក្នុង​ខេត្ត Udon Thani និយាយ​ថា ​ពួក​គេ​ចង់​រង់​ចាំ​ការ​បោះឆ្នោត ​ក៏​ប៉ុន្តែ​ប្រសិន​បើ​ការ​ស៊ើបអង្កេត​អំពី​អំពើ​ហិង្សា​នៅ​ពេល​ធ្វើបាតុកម្ម​លំអៀង​ទៅ​តែ​ម្ខាង ​ការបែកបាក់​គ្នា​ក្នុង​ប្រទេស​នឹង​មាន​រឹត​តែ​ធ្ងន់ធ្ងរ​ថែមទៀត៕

ប្រែ​សម្រួល​ដោយ​ ឈឹម សុមេធ

XS
SM
MD
LG