បាងកក៖ កិច្ចខិតខំប្រឹងប្រែងក្នុងប្រទេសថៃ ដើម្បីឧបត្ថម្ភផ្ចុងផ្ដើមការផ្សះផ្សាមានធ្វើតទៅទៀតជាច្រើនខែ ក្រោយពីក្រុមយោធា បានបញ្ឈប់បាតុកម្មប្រឆាំងរដ្ឋាភិបាល។ ចលនាប្រឆាំងដែលគេស្គាល់ថាជា ពួកអាវក្រហមកំពុងប្រុងប្រៀបសម្រាប់ការបោះឆ្នោតទូទៅនៅឆ្នាំក្រោយ ទោះណាជាមានការបែកបាក់គ្នាក្នុងចំណោមសមាជិករបស់ពួកគេក៏ដោយ។
សង្កាត់ពាណិជ្ជកម្ម Rajaprasong នៃក្រុងបាងកកដែលជាកន្លែងធ្វើបាតុកម្មដ៏ជូរចត់ប្រឆាំងនឹងរដ្ឋាភិបាលនៅឆ្នាំនេះ បានត្រូវប្រែប្រួលកាលពីពេលថ្មីៗនេះដោយសារការប្រគុំតន្ត្រី symphony មួយ។
លោក Somtow Sucharitkul ដែលជាអ្នកតាក់តែងបទភ្លេងថៃ បានដឹកនាំការប្រគុំតន្ត្រី symphony “ព្រះមហាជនក” ដែលបានត្រូវប្រគុំជាដំបូងក្នុងមួយទសវត្សរ៍មុននេះ សម្រាប់ព្រះមហាក្សត្រនៃប្រទេសថៃ ជាជំហានមួយទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ ដើម្បីផ្សះផ្សាការបែកបាក់គ្នាខាងនយោបាយយ៉ាងខ្លាំង ដែលបានត្រូវបន្សល់ទុកដោយការដែលក្រុមយោធាបានបំផ្លាញជំរុំមួយរបស់ពួកបាតុករនៅក្នុងតំបន់នោះកាលពីខែឧសភាមុន។
អំពើហិង្សាខាងនយោបាយនេះ ដែលជាអំពើឃោរឃៅធ្ងន់ធ្ងរបំផុតដែលប្រទេសថៃបានជួបប្រទះក្នុងរយៈពេល២០ឆ្នាំ បានបណ្តាលឱ្យមនុស្ស៩០នាក់ស្លាប់ និងរាប់រយនាក់រងរបួស។
លោក Somtow បានរិះគន់ភាគីទាំងពីរនៅក្នុងការជជែកដេញដោលគ្នាខាងនយោបាយ ដែលមានការខ្វែងគំនិតគ្នានៃប្រទេសថៃ ហើយលោកនិយាយថា នៅមានកំហឹងយ៉ាងខ្លាំងក្នុងសហគមន៍។
«មានកំហឹងយ៉ាងខ្លាំង ហើយគំនិតទាំងស្រុងអំពីការឈ្នះនិងការចាញ់ និងការវិលត្រទ្បប់មកវិញ មិនមែនចាក់ ឫសជ្រៅក្នុងវប្បធ៌មរបស់យើងទេ។ នេះជាវប្បធ៌មមួយក្នុងអតីតកាលដែលបានត្រូវជំរុញដោយគំនិតនៃការសងសឹក ហើយនេះជាអ្វីដែលយើងត្រូវតែពុះពារ។ ខ្ញុំមានអារម្មណ៍ថា ប្រសិនបើខ្ញុំមិនអាចធ្វើការនេះបានជាមួយពាក្យសំដីទេ ប្រហែលខ្ញុំធ្វើបានជាមួយតន្ត្រី»។
ពួកបាតុករដែលគេស្គាល់ថាជាពួកអាវក្រហម ភាគច្រើនជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលបានត្រូវបណ្តេញចេញពីតំណែងក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០០៦។ ពួកគេបានទាមទារឱ្យមានការបោះឆ្នោតជាថ្មី ដោយនិយាយថា រដ្ឋាភិបាលបច្ចុប្បន្ន បានត្រូវបន្តុបដោយក្រុមយោធា និងពួកវរជនក្នុងក្រុងបាងកក ក្រោយពីរដ្ឋាភិបាលជាប់ឆ្នោតបានត្រូវបណ្តេញចេញដោយរដ្ឋប្រហារ។
ក្រោយពីបាតុកម្មទាំងនោះបានត្រូវបង្ក្រាប ពួកមេដឹកនាំភាគច្រើននៃពួកអាវក្រហមបានត្រូវចាប់ខ្លួន ឬរត់គេចខ្លួនចេញពីប្រទេស។ ក៏ប៉ុន្តែ ពួកមេដឹកនាំថ្មីមួយក្រុមបានកាន់កាប់ចលនានេះ ដែលដឹកនាំដោយអ្នកស្រី Thida Thavornseth ដែលប្តីអ្នកស្រីគឺលោក Weng Tojirakan ឋិតក្នុងចំណោមពួកអាវក្រហមដែលជាប់គុក។
អ្នកស្រី Thida និយាយថា ពួកមេដឹកនាំថ្មីសង្ឃឹមថា ចលនានេះ នៅតែជាចលនាសន្តិវិធីតទៅទៀត។
«យើងជាប្រជារាស្ត្រ ហើយជាពិសេសប្រជារាស្ត្រអាវក្រហមចង់ថែរក្សាក្នុងក្រុមមួយ និងចាត់វិធានការដែលល្អសម្រាប់ពួកអាវក្រហម និងសម្រាប់ប្រទេសផងដែរ។ យើងចង់ថែរក្សាចលនានេះដោយសន្តិវិធី បើមិនដូច្នេះទេ ចលនាប្រជាធិបតេយ្យរបស់យើងប្រហែលអាចត្រូវបំផ្លាញ ពីព្រោះមានមនុស្សខ្លះចង់បំផ្លាញចលនាសន្តិវិធី»។
ក៏ប៉ុន្តែ អ្នកស្រី Thida មានការសង្ស័យអំពីការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការផ្សះផ្សា។ រហូតមកដល់ពេលនេះ ការស៊ើបអង្កេតជាផ្លូវការមិនបានរកឃើញប្រាកដប្រជាថា តើនរណាជាអ្នកទទួលខុសត្រូវអំពើហិង្សានោះទេ។
«ខ្ញុំដឹងមិនច្បាស់លាស់ទេអំពីការផ្សះផ្សា។ ខ្ញុំមិនច្បាស់លាស់ទេ។ ជាដំបូងលោកអ្នកត្រូវតែរកការណ៍ពិត និងយុត្តិធម៌សម្រាប់ប្រជារាស្ត្រ។ បន្ទាប់មកលោកអ្នកអាចធ្វើការផ្សះផ្សា»។
ជាទូទៅ ពួកអាវក្រហមគាំទ្រគណបក្ស Puea Thai ដែលជាគណបក្សប្រឆាំង ហើយដែលមាន Thaksin ជាមេដឹកនាំមិនផ្លូវការ។ ក៏ប៉ុន្តែ អ្នកស្រី Thida សង្ឃឹមថា នឹងដាក់ចលនាអាវក្រហមឱ្យឋិតនៅលើម៌ាគាឯករាជ្យជាងមុន។
លោក Chris Baker ជាអ្នកនិពន្ធម្នាក់ និងជាអ្នកធ្វើអត្ថាធិប្បាយអំពីនយោបាយនិងជំនួញក្នុងប្រទេសថៃ។ លោកនិយាយថា ចលនាអាវក្រហម ដែលជាដំបូងទ្បើយបានត្រូវរចនាទ្បើងដើម្បីឧបត្ថម្ភផ្ចុងផ្តើម Thaksin និងធ្វើឱ្យគាត់វិលត្រទ្បប់មកកាន់អំណាចវិញ បានខ្វែងគំនិតគ្នាខ្លាំងទ្បើងៗហើយ។
«មានភាពតានតឹងច្រើននៅក្នុងក្រុមនយោបាយផ្សេងៗ នៅក្នុងក្រុមអាវក្រហមទាំងមូល។ ក្រុមនេះជាក្រុមធំណាស់ដែលមានរបៀបវារៈផ្សេងៗជាច្រើននៅពេលនេះ។ ក៏ប៉ុន្តែចលនានយោបាយមានភាពដូច្នេះ។ ក៏ប៉ុន្តែនេះជាចលនាត្រឹមត្រូវមួយ មិនដូចអ្វីសឹងតែទាំងអស់ដែលលោកអ្នកបានឃើញកាលពីពេលមុនទេ»។
ក៏ប៉ុន្តែលោក Baker និយាយថា ការផ្តោតការយកចិត្តទុកដាក់ធំបំផុតរបស់ពួកអាវក្រហម គឺការបោះឆ្នោតទូទៅដែលកំណត់នឹងធ្វើនៅឆ្នាំក្រោយ។ កាលពី ២-៣ អាទិត្យមុននេះ ពួកប្រឆាំងបានបាត់បង់ឱកាសចុងក្រោយបង្អស់របស់ពួកគេ ក្នុងការបណ្តេញរដ្ឋាភិបាលបច្ចុប្បន្នឱ្យចេញពីតំណែងតាមរយៈតុលាការ។ ពួកចៅក្រម បានបដិសេធបណ្តឹងពីរដែលបានចោទប្រកាន់អំពីការខុសឆ្គងខាងការបោះឆ្នោតប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva។ ប្រសិនបើតុលាការសម្រេចថា គណបក្សប្រជាធិបតេយ្យមានទោស គណបក្សនេះនឹងត្រូវរំលាយ ហើយពួកមេដឹកនាំរបស់គណបក្សនេះនឹងត្រូវហាមប្រាមមិនឱ្យធ្វើនយោបាយ៥ឆ្នាំ។
ប្រទេសថៃ នៅតែមានស្ថានភាពនយោបាយងាយប្រេះឆា ដោយក្រុងបាងកកនៅតែឋិតនៅក្រោមស្ថានភាពមានអាសន្ន៩ខែក្រោយពីបានត្រូវដាក់កំហិតដោយផ្តល់ឱ្យក្រុមយោធានូវអំណាចធំទូលាយដើម្បីត្រួតត្រាបណ្តាញផ្សាយព៌តមាននិងកម្រិតការប្រមូលផ្តុំគ្នាជាសាធារណៈផងដែរ។ លោក Baker និងជនឯទៀតៗនិយាយថា ការបែកបាក់គ្នាក្នុងចំណោមពួកអាវក្រហមបានធ្វើឱ្យការប្រមើលមើលអំពីអនាគតមានភាពមិនប្រាកដប្រជាខ្លាំងទ្បើងៗ។
ប្រែសម្រួលដោយ ឈឹម សុមេធ៕