ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ធ្វើការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​អាទិត្យ


នាយក​រដ្ឋមន្រ្តី​អាភីស៊ីត​ ថ្លែង​ទៅកាន់​ពួក​អ្នក​គាំទ្រ​ទាំង​កណ្តាល​ភ្លៀង​ក្នុងពេល​បញ្ចប់​យុទ្ធនាការណ៍​បោះឆ្នោត​ក្នុង​ទីក្រុង​បាងកក​ថ្ងៃ​ទី​១​ ខែ​កក្កដា​​​ ឆ្នាំ​២០១១។
នាយក​រដ្ឋមន្រ្តី​អាភីស៊ីត​ ថ្លែង​ទៅកាន់​ពួក​អ្នក​គាំទ្រ​ទាំង​កណ្តាល​ភ្លៀង​ក្នុងពេល​បញ្ចប់​យុទ្ធនាការណ៍​បោះឆ្នោត​ក្នុង​ទីក្រុង​បាងកក​ថ្ងៃ​ទី​១​ ខែ​កក្កដា​​​ ឆ្នាំ​២០១១។

ប្រជារាស្រ្ត​ថៃ​ នឹង​ទៅ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យ​នេះ​ដែល​ជា​ការ​បោះឆ្នោត​លើក​ទី១​ចាប់​តាំង​ពីឆ្នាំ​២០០៧​មក។ សន្តិសុខ​នឹង​ត្រូវ​រឹត​បន្តឹង​ដោយ​មាន​ប៉ូលីស​១០.០០០​នាក់​ដែល​ត្រូវ​បាន​ដាក់​នៅ​ស្ថា​នីយ​បោះឆ្នោត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ដាម៉ាសូ​ ម៉ាកប៊ូល​ (Damaso​ Magbual) ជា​ប្រធាន​អង្គការ​បណ្តាញ​ការងារ​បោះ​ឆ្នោត​សេរី​អាស៊ី ​ដែល​ជា​ក្រុម​មួយ​ឃ្លាំមើល​ការ​បោះ​ឆ្នោត។ លោក​បាន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​កន្លង​មក​ ហើយ​និយាយ​ថា ការ​បោះ​ឆ្នោតនេះ​ជា​ការ​បែកបាក់​ដ៏​ខ្លាំង​បំផុត​ដែល​លោក​មិន​ដែល​បាន​ឃើញ។ លោក​ថ្លែង​ថា៖

«ឧប្បត្តិហេតុ​នៃ​អំពើ​ហិង្សា​មាន​ច្រើន​ជាង​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​មុនៗ។ ប៉ុន្តែ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​បោះឆ្នោត​នៅ​ប្រទេស​ហ្វ៊ីលីពីន និង​ស្រីលង្កា​ ប្រជារាស្រ្ត​ថៃ​ប្រហែល​ជា​អាច​ទទួល​យក​បាន។ យើង​អាច​និយាយ​ដូច​នេះ។ ប៉ុន្តែ ​អំពើ​ហិង្សា​អាច​រីកកាន់​តែធំ​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ខិត​ចូល​កាន់​តែ​ជិត ហើយ​នឹង​នៅ​ក្រោយ​ការបោះ​ឆ្នោត»។

គណបក្ស​សំខាន់​ៗ​ដែល​ចូល​រួម​ការប្រកួត​ប្រជែង​មាន​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​កំពុង​កាន់អំណាច​របស់​នាយករ​ដ្ឋមន្រ្តី​អាភីស៊ីត ​វិចាជីវ៉ា​ (Abhisit ​Vejjajiva)​ ហើយនឹង​គណបក្ស​ភឿ​ថៃ​ដែល​ជា​គណបក្ស​ប្រឆាំង​របស់​លោក​ស្រី​យីងឡាក​ ស្ស៊ីណាវ៉ាត(​Yingluck​ Shinawatra)​ដែល​ជា​ប្អូន​ស្រី​របស់​អតីត​នាយក​រដ្ឋមន្រ្តី​ថាក់ស៊ីន ​ស្ស៊ីណាវ៉ាត(Thaksin ​Shinawatra)។

ទោះបី​ត្រូវ​បាន​ជាប់ឆ្នោត​ពីរ​ដង​ដោយសារ​ប្រជាប្រិយភាព​ក៏ដោយ ក៏​លោក​ថាក់ស៊ីន​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​ពួកយោធា​ក្នុង​ឆ្នាំ​២០០៦ដោយសារ​មាន​ការព្រួយ​កង្វល់ថា​លោក​នឹង​មាន​អំណាច​កាន់តែ​ខ្លាំង​ឡើង។

ចាប់​តាំង​ពីពេល​នោះមក​ ថៃ​បាន​ប្រឈម​នឹង​បាតុកម្ម​យូរៗ​ម្តង​ហើយ​អំពើ​ហិង្សា​នៅ​ក្នុង​ការ​តស៊ូ​ដណ្តើម​អំណាច​រវាង​អ្នក​គាំទ្រ​វណ្ណៈកម្មករ​របស់​លោក​ហើយនឹង​ឥស្សរជន​ដែល​បាន​ទទួល​ការគាំទ្រ​ដោយ​ពួកយោធា។ ក្រោយ​មក​រដ្ឋាភិបាល និង​គណៈបក្ស​នានា​ដែល​ស្មោះត្រង់​នឹង​លោក​ ថាក់ស៊ីន​ត្រូវបាន​រំលាយ​ចោល​ដោយ​សារ​តុលាការ​ប្រកប​ដោយ​ចម្រូង​ចម្រាស​ហើយ​អ្នក​នយោបាយ​របស់​គណបក្ស​ទាំងនោះ​ ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​កាន់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។

លោក​អាភីស៊ីត​និយាយ​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​មានស្ថិរភាព​ឡើង​វិញ​ដល់​នយោបាយ​ច្របូក​ច្របល់ ប៉ុន្តែ​ករណី​នេះ​កើត​ឡើង​លុះត្រា​តែ​ប្រជារាស្រ្ត ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក។ លោក​និ​យាយ​ថា ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្រ្តី ​លោក​បាន​តំណាង​ឲ្យ​ប្រទេស​ថៃ​ទាំងមូល ហើយ​បាន​ច្រាន​ចោលអ្នករិះគន់​ដែល​និយាយ​ថា លោក​បាន​ទទួល​ការ​គាំទ្រ​ពី​កងទ័ព ហើយនឹង​ពីវណ្ណៈ​ខ្ពង់ខ្ពស់។ លោកនិយាយថា៖

«នេះ​ជា​ការ​ប៉ុន​ប៉ង​ដើម្បី​បង្ខូច​ឈ្មោះ​គណបក្ស ​បង្ខូច​ដំណើរការ​នយោបាយ។ ឥឡូវនេះ ​យើង​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​បាន​សម្រេច​រំលាយ​សភា​មុន​អាណត្តិ ដើម្បី​ឲ្យ​ប្រជារាស្រ្ត​អាច​និយាយ​អ្វី​ដែល​ពួកគេ​ចង់​និយាយ​ ហើយ​ខ្ញុំ​ប្រាកដ​ថា​ប្រជារាស្រ្ត​គ្រប់​គ្នា​នឹង​គោរព​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ»។

ទោះបី​មាន​ការធានា​អះអាង​របស់​នាយក​រដ្ឋមន្រ្តី​ក៏ដោយ​ អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​និយាយ​ថា ប្រសិនបើ​គណបក្ស​ភឿ​ថៃ​ឈ្នះឆ្នោត​ហើយ​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​ កម្លាំង​ដែល​គាំទ្រ​គណបក្ស​ប្រជា ធិបតេយ្យ​របស់​លោក​ភីស៊ីត​នឹង​មិន​សុខ​ចិត្ត​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​ដោយ​ស្រួលៗ​ទេ។

ទោះបី​ រត់គេច​ដោយ​ការនិរទេសខ្លួន​ដើម្បី​បញ្ចៀស​ការកាត់ទោស​ឲ្យជាប់​ពន្ធ​នា​គារនៅ​ឆ្នាំ​២០០៨​លើ​បទ​ពុករលួយ​ក៏ដោយ​ ក៏​លោក​ថាក់ស៊ីន​ ជា​មេដឹក​នាំ​គណបក្ស​ភឿថៃ​តាម​ព្រិត្តន័យ។ គណបក្ស​ភឿ​ថៃ​កំពុង​នាំមុខ​នៅ​ក្នុង​ការស្ទង់​មតិការបោះឆ្នោត។

លោក​ថាក់ស៊ីន​ បាន​ត្រូវ​ជំទាស់​យ៉ាង​ខ្លាំង​ពី​ឥស្សរជន​ទីក្រុង​បាងកក​ដែលនិ​យាយ​ថា លោក​ជា​ជន​ផ្តាច់ការ ​ពុករលួយ​ ហើយ​មិនគោរព​ដល់​ព្រះមហាក្សត្រ​ជា​ទីគោរព។ លោក​ថាក់ស៊ីន​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ។ អ្នករិះគន់​លោក​ស្រី​យីង​ឡាក​ និយាយ​ថា លោកស្រី​គ្រាន់តែ​ឈរ​ឈ្មោះ​ឲ្យ​បងប្រុស​របស់​លោកស្រី ហើយ​ជា​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​លោក​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ។

លោកស្រី​បាន​ទទួល​ស្គាល់​ថា គណបក្ស​របស់​លោកស្រី​ប្រហែល​ស្វះ​ស្វែង​រក​ការលើកលែង​ទោស​ឲ្យ​លោក​ថាក់ស៊ីន​រួមជាមួយ​អ្នកនយោបាយ​ផ្សេង​ៗ​ទៀត ប៉ុន្តែ​លោកស្រី​និយាយ​ថា លោក​ថាក់ស៊ីន​នឹង​មិន​មាន​តួនាទី​ធ្វើ​ការ​សម្រេច​អ្វី​ទេ​ប្រសិនបើ​លោកស្រី​បង្កើត​រដ្ឋាភិបាល​នោះ។ លោក​ស្រី​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​គិត​ថា លោក​បាន​ទទួល​ជោគជ័យ​ណាស់​ក្នុង​ការចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត ហើយនឹង​ជួយ​ធ្វើ​ឲ្យ​ប្រទេស​សម្បូរ​សប្បាយ។ ដូច្នេះ​ យើង​អាច​ប្រើ​ប្រាស់​គំនិត​របស់​លោក។ ប៉ុន្តែ​ នៅទីបញ្ចប់​ វា​គ្រាន់តែ​ជា​ព័ត៌មាន​នៃ​គំនិត​ប៉ុណ្ណោះ។ ប៉ុន្តែ ​យើង​មាន​គំនិត​របស់​យើង​ យុទ្ធសាស្រ្ត និង​ការរៀប​ចាត់ចែង​របស់​គណបក្ស​ភឿ​ថៃ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នោះ ហើយ​យើង​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ទៅតាម​យុទ្ធនាការ​ដែល​ធ្វើ​ល្អ​សម្រាប់​ប្រជារាស្រ្ត​ថៃ»។

កាល​ពីឆ្នាំទៅ​ ទាហាន​ថៃ​បាន​ប្រយុទ្ធ​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​បាងកក​ជាមួយ​ពួក​ជនប្រដាប់​អាវុធ​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នកគាំទ្រ​អាវ​ក្រហម​របស់​លោក​ថាក់ស៊ីន​ ដោយ​ធ្វើ​ឲ្យមនុស្ស​៩០​នាក់​ស្លាប់​ភាគ​ច្រើន​ជា​ជនស៊ីវិល។

អ្នក​វិភាគ​និយាយ​ថា វា​ជា​លទ្ធភាព​មួយ​ដែល​ទាំង​គណបក្ស​ភឿថៃ និង​គណ​បក្សប្រជាធិបតេយ្យ​មិន​អាច​ឈ្នះ​ឆ្នោត​បាន​សំឡេង​ភាគ​ច្រើន។ នៅ​ក្នុង​ករណី​នេះ គណបក្ស​ដែល​មាន​សន្លឹក​ឆ្នោត​ភាគ​ច្រើន នឹង​មាន​ឱកាស​មុន​គេ​ដើម្បី​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ជា​មួយ​គណបក្ស​តូចៗ។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​រយៈពេល និង​ភាព​មិន​ប្រាកដ​ប្រជា​ដែល​អ្នក​សង្កេត ការណ៍​ព្រួយ​កង្វល់​ថា យោធា​មាន​លេស​ដើម្បី​ចាប់​អំណាច។

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG