ប្រទេសថៃនិងកម្ពុជាសង្ឃឹមថាជំនួបប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនាខែកញ្ញានឹងជួយស្តារឡើងវិញទំនាក់ទំនងឆ្លងព្រំដែនបន្ទាប់ពីមានភាពតានតឹងនិងការប៉ះទង្គិចប្រដាប់អាវុធអស់រយៈពេលពីរឆ្នាំ។ ទស្សននិស័យការទូត ដែលបានប្រសើរឡើងបន្ទាប់ពីមានការបោះឆ្នោតខែកក្កដារបស់រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឧត្តមសេនីយ៍ យុត្ថាសាក់ សាស៊ីប្រាផា និង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ ទៀ បាញ់ នឹងធ្វើជាសហប្រធាននៃជំនួបប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ នៅទីក្រុងភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា។
ប៉ានីតាន់ វ៉ាតាណាយ៉ាហ្កន អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ ជូឡាឡុងកន និងជាអតីតអ្នកនាំពាក្យរដ្ឋាភិបាល និយាយថា បើទោះជានៅមានជម្លោះធំៗច្រើនក៏ដោយ ប្រទេសទាំងពីរក៏មានអារម្មណ៍ថាចង់ត្រឡប់ទៅរកទំនាក់ទំនងការទូតធម្មតាវិញដែរ។
«ខ្ញុំគិតថាប្រទេសទាំងពីរកំពុងតែព្យាយាមបង្កើតចំណាប់អារម្មណ៍ថ្មីមួយថាពួកគេបានត្រឡប់ទៅកាន់តុចរចាវិញហើយ។ ប្រាកដណាស់ថាបញ្ហាធំៗគឺនៅដដែល ប៉ុន្តែពួកគេព្យាយាមបង្កើតចំណាប់អារម្មណ៍ដែលថាអ្វីៗត្រឡប់ទៅកាន់ភាពប្រក្រតីវិញហើយ។ នេះមិនមែនជារឿងអាក្រក់នោះទេ ព្រោះថាក្នុងស្ថានភាពបែបនេះ យើងត្រូវបង្កើតអារម្មណ៍ល្អដាក់គ្នា»។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និយាយថា ឧត្តមសេនីយ៍ យុត្ថាសាក់ ក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែរ។
ការពិភាក្សាកំណត់ជំហានដើរទៅមុខក្នុងការស្តារឡើងវិញទំនាក់ទំនងព្រំដែនបន្ទាប់ពីដំណាក់កាលក្រឡាប់ចាក់អំឡុងពេលការគ្រប់គ្រងរបស់រដ្ឋាភិបាល លោក អាភីសិត វីចាជីវ៉ា ដែលជាអ្នកដឹកនាំគណបក្សប្រជាធិបតេយ្យ។
ជម្លោះទាំងនោះផ្តោតលើប្រាសាទព្រះវិហារ ដែលជាប្រាសាទហិណ្ឌូកសាងក្នុងសតវត្សរ៍ទី១១។ ប្រទេសថៃនិងកម្ពុជាបានចោទប្រកាន់គ្នាពីបទរំលោភឈ្លានពាន និងថាបានបាញ់គ្រាប់ផ្លោងដាក់ទីតាំងប្រាសាទហិណ្ឌូនេះ។ មនុស្ស១៨នាក់បានស្លាប់នៅក្នុងការប្រយុទ្ធនេះ ហើយមនុស្សរាប់ពាន់នាក់ទៀតបានចាកចេញពីភូមិកររបស់ពួកគេ។
ប្រទេសកម្ពុជានិងថៃបានទាមទារតំបន់ជុំវិញប្រាសាទនេះ។ កាលពីឆ្នាំ១៩៦២ ការកាត់ក្តីរបស់តុលាការពិភពលោកបានផ្តល់ប្រាសាទនេះឲ្យប្រទេសកម្ពុជា ប៉ុន្តែមិនបានដោះស្រាយបញ្ហាដីជុំវិញប្រាសាទដែលនៅខាងព្រំដែនប្រទេសថៃផងទេ។
នៅឆ្នាំ២០០៨ ប្រទេសកម្ពុជាបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបិតិភណ្ឌពិភពលោក។
នៅមុនពេលនោះ ប្រទេសថៃបានទទួចឲ្យប្រទេសទាំងពីរដាក់ពាក្យរួមគ្នាទៅគណៈកម្មាធិការបិតិភណ្ឌពិភពលោករបស់ អង្គការ អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ។
ក្រុមជាតិនិយមថៃបានចោទប្រកាន់ប្រទេសកម្ពុជាថាបានព្យាយាមត្រួតត្រាបរិវេណដីដែលមានទំហំបួនគីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងផ្នែកថៃនៃព្រំដែន តាមរយៈការស្នើសុំគម្រោងគ្រប់គ្រងប្រាសាទរបស់កម្ពុជា។
ខាល ថៃយ័រ (Carl Thayer) អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ ញូវ សោធ វែល (New South Wales) របស់អូស្ត្រាលី និយាយថាចាប់តាំងពីការបោះឆ្នោតរដ្ឋាភិបាលដែលដឹកនាំដោយ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បរិយាកាសការទូតមានការប្រសើរឡើង។
«បច្ចុប្បន្នស្ថានភាពទូទៅមានលក្ខណៈវិជ្ជមានបែបគួរឲ្យប្រុងប្រយ័ត្ន។ ប៉ុន្តែ លោកស្រី យីងឡាក់ កំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុងយ៉ាងខ្លាំង ហើយបើអ្នកណាម្នាក់ព្យាយាមធ្វើឲ្យបញ្ហាព្រំដែនក្លាយជាបញ្ហាក្នុងស្រុកមួយទៀត វានឹងក្លាយជាបញ្ហាស្មុគស្មាញ»។
កាលពីអតីតកាល ជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាគឺជាឧបករណ៍បំបែកនយោបាយនៅក្នុងប្រទេសថៃ ដែលក្រុមជាតិនិយមថៃបានចោទប្រកាន់សម្ព័ន្ធមិត្តរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ថាមិនបានតំណាងប្រយោជន៍របស់ប្រទេសថៃឲ្យបានពេញទំហឹងនៅក្នុងជម្លោះព្រំដែន។
លោក ថាក់ស៊ីន មានទំនាក់ទំនងល្អយូរជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយប្រទេសទាំងពីរមានទំនាក់ទំនងជាមិត្តភាពល្អ នៅអំឡុងពេលលោក ថាក់ស៊ីន កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។ ក្រុមហ៊ុនទូរគមនាគមន៏ចាស់របស់លោកឈ្មោះ Shin Corp មានមុខនាទីសំខាន់ក្នុងវិស័យទូរស័ព្ទចល័តកម្ពុជានិងទូរទស្សន៍ខ្សែកាបក្នុងទសវត្សរ៍១៩៩០។
នៅពេលដែល លោក ថាក់ស៊ីន ត្រូវបានទំម្លាក់ពីអំណាចដោយរដ្ឋប្រហារនៅក្នុងប្រទេសថៃក្នុងឆ្នាំ២០០៦ លោក ហ៊ុន សែន បានតែងតាំងរូបលោកជាទីប្រឹក្សាសេដ្ឋកិច្ចនៅឆ្នាំ២០០៩ ហើយបន្ទាប់មកលោកបានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។
អំឡុងឆ្នាំ២០០៩ ភាពតានតឹងពីបញ្ហាព្រំដែនបានកើតឡើងម្តងទៀត ហើយបាននាំទៅដល់ការប៉ៈទង្គិចដែលបន្តកើតមានម្តងម្កាលក្នុងរយៈពេលពីរឆ្នាំក្រោយមក។
ខែកក្កដានេះ រដ្ឋាភិបាលកម្ពុជាបានស្នើរសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិកាត់សេចក្តីលើជម្លោះនេះ។ តុលាការបានអំពាវនាវឲ្យបង្កើតតំបន់គ្មានយោធានៅក្បែរប្រាសាទព្រះវិហារ និងដាក់អ្នកសង្កេតការណ៏យោធាឥណ្ឌូនេស៊ីដើម្បីពង្រឹងកិច្ចព្រមព្រៀង។
កម្ពុជារំពឹងថានឹងជំរុញអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីឲ្យធ្វើសកម្មភាពជាការធានារទប់ទល់នឹងការបង្កើនទ័ពរបស់ប្រទេសថៃ។
លោក ហង្ស ឆៃយ៉ា នាយកវិទ្យាស្ថានដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ និយាយថា បើទោះជាកម្ពុជាចេញទៅគ្រប់គ្រងការអភិវឌ្ឍទីតាំងប្រាសាទក៏ដោយ ក៏រដ្ឋាភិបាលក្រុងភ្នំពេញមានការប្រុងប្រយ័ត្នជាងមុនក្នុងការចរចារបស់ខ្លួនជាមួយប្រទេសថៃ។
«រដ្ឋាភិបាលនៅតែចង់បន្តរឿងនេះជាមួយអ្នកសង្កេតការណ៍អន្តរជាតិឬឥណ្ឌូនេស៊ី ហើយចង់ដើរទៅមុខនិងបង្កើតផលប៉ៈពាល់ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ដែលរដ្ឋាភិបាលចង់អនុវត្តលើប្រាសាទព្រះវិហារ។ ប៉ុន្តែរដ្ឋាភិបាលបានចាប់យកវិធីសាស្ត្រប្រុងប្រយ័ត្នណាស់។ រដ្ឋាភិបាលមិនចង់លើកបញ្ហានេះម្តងទៀតជាមួយរដ្ឋាភិបាលថ្មីរបស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នោះទេ»។
ប្រទេសថៃនិងកម្ពុជាឥឡូវនេះនិយាយថា ការស្តារទំនាក់ទំនង គឺជាអាទិភាព។ លោក ហ៊ុន សែន និយាយថា លោកព្យាយាមកែលំអរស្ថានភាពព្រំដែន ដោយមិននិយាយពីជម្លោះព្រំដែននៅក្នុងការប្រជុំរបស់សហគមន៍ជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក១០ប្រទេសទៀតនោះទេ៕
ប្រែសម្រួលដោយ បូរី ស៊ីលីវណ្ណ