សមាគមប្រទេសអាស៊ីអាគ្នេយ៍កំពុងព្យាយាមធ្វើការចរចាដើម្បីបញ្ចប់ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងថៃនិងខ្មែរ។ ការវាយប្រយុទ្ធគ្នានេះជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានទេរវាងប្រទេសអាស៊ានពីរ ដែលគេចាត់ទុកថាជាការសាកល្បងមួយលើសមត្ថភាពរបស់អង្គការនេះ ក្នុងការរក្សាសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់។
រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ម៉ារទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) បានអញ្ជើញទៅដល់ក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ។ ប្រទេសឥណ្ឌូណេស៊ី មានតំណែងជាប្រធាននៃសមាគមប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងបាងកកនិងក្រុងភ្នំពេញឲ្យប្រកាសបទឈប់បាញ់គ្នាមួយ ហើយធ្វើការចរចាបញ្ចប់ការវាយប្រយុទ្ធគ្នាដែលបានចាប់ផ្តើមតាំងពីថ្ងៃសុក្រមុន។
សេចក្តីរាយការណ៍និយាយថា មានការវាយប្រយុទ្ធគ្នាជាថ្មីទៀតនៅថ្ងៃច័ន្ទនេះ នៅក្បែរប្រាសាទព្រះវិហារហិណ្ឌូ ដែលមានអាយុ ៩០០ឆ្នាំ នៅតាមព្រំដែន។
ការវាយប្រយុទ្ធគ្នានេះបានធ្វើឲ្យប្រទេសសមាជិកអាស៊ានដទៃទៀត មានការព្រួយបារម្ភ ហើយគំរាមទៅលើគោលបំណងសំខាន់មួយរបស់អាស៊ាន - គឺរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់។ អ្នកជំនាញសន្តិសុខក្នុងតំបន់ខ្លះនិយាយថា គោលការណ៍សំខាន់របស់អង្គការនេះ ក្នុងការមិនចូលជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិកខ្លួន បានកាត់បន្ថយប្រសិទ្ធភាពរបស់សមាគម។
លោក ខាល ធេយ័រ (Carl Thayer) អ្នកឯកទេសកិច្ចការអាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាកងកម្លាំងការពារប្រទេសអូស្រ្តាលី មានសេចក្តីព្រួយបារម្ភចំពោះការខ្វះការអត់ធ្មត់របស់ភាគីទាំងពីរ។ លោកហៅការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងនេះ ថាជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងសមាជិកប្រទេសអាស៊ាន ចាប់តាំងពីការបង្កើតអង្គការនេះឡើងនៅក្នុងទសវត្សរ៍១៩៦០។
«ខ្ញុំព្រួយបារម្ភអំពីការបញ្ជាមិនបានល្អនិងការគ្រប់គ្រងមិនល្អ និងការប្រើបញ្ហានេះដើម្បីគោលបំណងនយោបាយ។ និយាយឲ្យខ្លីទៅ នេះមិនមែនជាឥរិយាបថដែលប្រទេសអាស៊ានពីរគួរប្រកាន់យកទេ។ ហើយបើនេះជាវិន័យនៃការចូលប្រយុទ្ធគ្នាមួយដើម្បីសងសឹកយកចាញ់ឈ្នះ គឺថានេះជាអត្ថាធិប្បាយដ៏ស្រងូតស្រងាត់មួយអំពីកម្រិតវិជ្ជាជីវៈរបស់កងកម្លាំងទាំងសងខាង»។
លោក ធេយ័រ និយាយថា ការដោះស្រាយវិបត្តិនេះជាការសាកល្បងមួយសម្រាប់ប្រទេសឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន។ ដោយមកពីឥណ្ឌូណេស៊ីជាភាគីមួយដែលគេគោរពនិងអព្យាក្រឹត្យលោក ធេយ័រ និយាយថាលោក ណាតាឡេហ្កាវ៉ា គួរបានទទួលជោគជ័យនៅក្នុងការបញ្ចុះបញ្ចូលភាគីទាំងសងខាងឲ្យដកថយ មុននិងតំបន់ទាំងស្រុងត្រូវបានប៉ះពាល់។
«ឥណ្ឌូណេស៊ីអាចពន្យល់ឲ្យកម្ពុជាយល់អំពីផលប៉ះពាល់ដែលជម្លោះនេះអាចមានទៅលើប្រទេសជិតខាងខ្លួន។ វានឹងប៉ះពាល់ទៅលើការយល់ឃើញជាទូទៅរបស់តំបន់ និងសមត្ថភាពរបស់អាស៊ានក្នុងការរៀបចំតំបន់របស់ខ្លួនឲ្យមានសណ្តាប់ធ្នាប់។ អាស្រ័យហេតុនេះ ប្រទេសទាំងឡាយដែលមានគុណធម៌និងមានអភិបាលកិច្ចល្អ ត្រូវទទួលពិន័យ ពីសកម្មភាពរបស់ប្រទេសថៃឬកម្ពុជា ដោយសារតែការទាមទារជាតិនិយមជ្រុលហួសហេតុទាំងនេះ»។
លោក ធេយ័រ ពោលថា លោក ណាតាឡេហ្កាវ៉ា ប្រហែលជានិងស្នើវិធានការមួយចំនួនដើម្បីធ្វើឲ្យស្ថានការណ៍មានស្ថេរភាពឡើងវិញដូចជា ដកកងទ័ពចេញពីតំបន់ ហើយអនុញ្ញាតិឲ្យក្រុមអ្នកសង្កេតការណ៍បរទេសធ្វើការវាយតម្លៃជាដើម។
លោក ធេយ័រ និយាយថា បើសិនជាការសម្រុះសម្រួលនេះមិនបានជោគជ័យ អាស៊ានអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ប៉ុន្តែសមាគមនេះមិនដែលបានចាត់វិធានការបង្ខិតបង្ខំលើសមាជិករបស់ខ្លួនណាមួយពីមុនមកឡើយ៕
ប្រែសម្រួលដោយ កែរ យ៉ាន