ភ្នំពេញ៖ ភាគីថៃ បានស្នើសុំភាគីកម្ពុជាលើកពេលប្រជុំគណៈកម្មាធិការព្រំដែនទូទៅដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរផ្តោតទៅលើកិច្ចសហប្រតិបត្តិការសន្តិសុខនិងសន្តិភាព នៅតាមបណ្តោយព្រំដែន។ ការលើកពេលនេះបានកើតឡើង ដោយសារឯកសាររបស់ភាគីថៃសម្រាប់កិច្ចប្រជុំនេះមិនទាន់ត្រូវបានរៀបចំរួចរាល់នៅឡើយ។ ភាគីកម្ពុជាបានសម្តែងការសោកស្តាយចំពោះការពន្យារពេលប្រជុំនេះ ពីព្រោះខ្លួនបានត្រៀមរៀបចំឯកសាររួចរាល់អស់ហើយ។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសកម្ពុជា បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃ បានស្នើសុំប្រទេសកម្ពុជាលើកពេលប្រជុំគណៈកម្មាធិការព្រំដែនទូទៅដោយគ្មានការកំណត់ដោយ សារការរៀបចំឯកសារមិនទាន់។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលត្រូវបានធ្វើជាសហប្រធានដោយលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសកម្ពុជា និងលោក Prawit Wongsunwon រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃនេះ គ្រោងនឹងធ្វើឡើងនៅ Pattaya ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែសីហានេះ។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសកម្ពុជា បានថ្លែងប្រាប់ VOA ថា លោក Prawit Wongsunwon រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃបានទូរស័ព្ទមកជួបលោក សុំលើកពេលប្រជុំគណៈកម្មាធិការព្រំដែនទូទៅដោយគ្មានការកំណត់់។
«ខ្ញុំមិនបានដឹងច្បាស់អំពីមូលហេតុទេ ដោយសាររដ្ឋមន្ត្រីការពារជាតិថៃបានទូរស័ព្ទមកជួបខ្ញុំ សុំលើកពេលប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីរៀបចំឱ្យមានភាពសុក្រឹត្យសម្រាប់ប្រជុំនៅពេលក្រោយ»។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារប្រទេសកម្ពុជា បានថ្លែងថា ភាគីកម្ពុជាបានត្រៀមរៀបចំឯកសាររួចជាស្រេចសម្រាប់កិច្ចប្រជុំគណៈកម្មា ធិការព្រំដែនទូទៅនេះ ប៉ុន្តែភាគីថៃ បានស្នើសុំពន្យារពេលកិច្ចប្រជុំនេះ។
ភ្នាក់ងារសារព័ត៌មានថៃ MCOT បានរាយការណ៍ថា ក្រសួងការពារប្រទេសថៃត្រូវបានគ្រោងធ្វើជាម្ចាស់នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី៧ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ប៉ុន្តែ ឯកសារសម្រាប់កិច្ចប្រជុំមិនទាន់ត្រូវបានរៀបចំនៅឡើយ ដែលក្រសួងការពារប្រទេសទាំងពីរបាន យល់ព្រមលើកពេលប្រជុំរហូតដល់មានកាលបរិច្ឆេទថ្មីត្រូវបានធ្វើឡើងនៅពេលក្រោយ។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅត្រូវបានធ្វើឡើងសម្រាប់ឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខនៅតាមបណ្តោយព្រំដែនលើបញ្ហាគ្រាប់មីនការបង្ក្រាប ការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស សន្តិសុខតាមសមុទ្រ និងប្រតិបត្តិការរួមរបស់ប៉ូលិស និងយោធានៅតាមបណ្តោយព្រំដែន។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិបានបញ្ជាក់ថា ភាគីកម្ពុជាគ្រោងនឹងលើកយកឯកសារបីចំណុច ទៅពិភាក្សាជាមួយភាគីថៃ៖ ទីមួយបញ្ហាព្រំដែន និងការឆ្លងកាត់ព្រំដែន ទីពីរបញ្ហាថែរក្សាសន្តិសុខ និងសន្តិភាពតាមបណ្តោយព្រំដែន និងទីបីបញ្ហាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែនព្រមទាំងការបង្ក្រាបបទល្មើសព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។
«ប្រទេសកម្ពុជាមានការសោកស្តាយចំពោះការពន្យារពេលប្រជុំនេះ ពីព្រោះយើងបានត្រៀមរៀបចំ ត្រៀមឯកសារអស់ហើយ និងមានការឯកភាពគ្នាអស់ហើយ។ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារប្រទេសកម្ពុជា និងថៃនេះ មានសារៈសំខាន់ណាស់ ក្នុងការថែរក្សាសន្តិសុខ និងសន្តិភាពតាមបណ្តោយព្រំដែន»។
ក្រុមមន្ត្រីយោធាកម្ពុជា និងថៃបានអះអាងថា ការពន្យារពេលនេះមិនជាប់ទាក់ទងនឹងជម្លោះចុងក្រោយរវាងមេដឹកនាំនៃប្រទេសទាំងពីរលើតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារទេ។
លោក Kasit Piromya រដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងកាលពីថ្ងៃពុធថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ គួរតែត្រូវបានធ្វើឡើងឆាប់ៗនេះ ដើម្បីដាក់បញ្ហានៅលើតុចរចា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងយ៉ាងដូច្នេះថា៖
«ការចរចាក្នុងកម្រិតរដ្ឋមន្ត្រីការបរទេសត្រូវធ្វើក្រោយពេលសភារបស់ថៃឱ្យសច្ចាប័នលើកំណត់ហេតុបីសិន។ បើសភាថៃមិនទាន់ឱ្យសច្ចាប័នលើកំណត់ហេតុទាំងបីទេ មិនចាំបាច់ចរចា នាំខាតពេលវេលា»។
ប្រទេសកម្ពុជានិងប្រទេសថៃបានឈ្លោះដណ្តើមដីទំហំ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទព្រះវិហារ៕