អាជ្ញាធរកម្ពុជានឹងថៃ បើកការពិភាក្សាឡើងវិញដើម្បីព្យាយាមឲ្យមានបទឈប់បាញ់គ្នាមួយនៅតំបន់ជម្លោះ។
អាជ្ញាធរកម្ពុជា និងថៃឲ្យដឹងថា គ្មានការប៉ះទង្គិចថ្មីនៅតំបន់ព្រំដែនដែលមានជម្លោះអស់រយៈពេលជាងមួយថ្ងៃហើយ ក្រោយពីមានការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរអស់រយៈពេលបួនថ្ងៃមក។ មន្ត្រីថៃមួយចំនួននៅខេត្តស៊ីសាកេតនិយាយថា ភាគីទាំងសងខាងក៏បានធ្វើការពិភាក្សាឡើងវិញដែរ ហើយយល់ព្រមឈប់បាញ់គ្នា។
លោកវរសេនីយ៍ឯកឈិនណាកាច រតនាជីទី (Chinnakaj Ratanajitti) ជាអ្នកនាំពាក្យយោធាថៃនៅតំបន់នោះ។ លោកឈិនណាកាចនិយាយថា គេមានការចរចា និងយល់ព្រមឈប់បាញ់។ ដើម្បីជៀសវាងអំពើហិង្សា ភាគីទាំងពីរនឹងគិតពិចារណាឲ្យបានល្អិតល្អន់ មុនពេលធ្វើសកម្មភាពណាមួយ។ លោកនិយាយថា មុននឹងធ្វើអ្វីមួយ គេនឹងសុំប្រឹក្សា និងសម្របសម្រួលជាមួយអ្នកមើលការខុសត្រូវគ្រប់ជាន់ថ្នាក់។ អាជ្ញាធរកម្ពុជាមិនអាចសុំការបំភ្លឺបានភ្លាមៗទេ។
វរសេនីយ៍ឯកឈិនណាកាចបន្ថែមថា ក្រៅពីអ្វីដែលគាត់ហៅថា ការព្រមព្រៀងផ្ទាល់មាត់នៃបទឈប់បាញ់គ្នានេះ មិនមានបទឈប់បាញ់គ្នាផ្លូវការណាមួយត្រូវបានធ្វើឡើងទេ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ ទាហានកម្ពុជានិងថៃបានបាញ់កាំភ្លើងធំនៅតំបន់ជុំវិញប្រាសាទព្រះវិហារដែលមានអាយុ៩០០ឆ្នាំ។ យ៉ាងហោចណាស់មានមនុស្ស៧នាក់បានបាត់បង់ជីវិត ហើយបណ្តាលឲ្យរងរបួសមួយចំនួនទៀតនៅក្នុងការប្រយុទ្ធដ៏ធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ភាគីទាំងពីរបន្ទោសគ្នាទៅវិញទៅមកថា គូបដិបក្ខរបស់ខ្លួនជាអ្នកចាប់ផ្តើមបាញ់មុន។
ខ្សែបន្ទាប់ព្រំដែនមិនទាន់ត្រូវបានដោះស្រាយ ហើយទាំងកម្ពុជា និងថៃទាមទារថា តំបន់ជុំវិញប្រាសាទគឺជារបស់ខ្លួន ហើយដាក់កងទ័ពឲ្យប្រចាំការនៅក្បែរនោះ ដែលជាហេតុធ្វើឲ្យមានការប៉ះទង្គិចម្តងម្កាល។
អាជ្ញាធរកម្ពុជាឲ្យដឹងថា ប្រាសាទដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាតិរងការខូចខាតដោយសារការបាញ់ផ្លោងរបស់ថៃ។ ការផ្លោងកាំភ្លើងធំទៅវិញទៅមកបណ្តាលឲ្យខូចខាតលំនៅដ្ឋាន និងសាលារៀនក្បែរព្រំដែន ហើយជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ចេញដើម្បីសុវត្ថិភាព។
នៅទីចាត់ការស្រុកកានថារ៉ាឡាក (Kantharalak) ជំរំមួយត្រូវបានស្ថាបនាឡើងសម្រាប់អ្នកភូមិដែលគេចចេញពីការប្រយុទ្ធគា្ននោះ។
អ្នកស្រី ជុនទី ផាថាភីន (Juntee Patthapin) អាយុ៥៨ឆ្នាំ និយាយថា គាត់ និងកូនៗរបស់គាត់មកនៅក្នុងជំរំនេះតាំងពីថ្ងៃសុក្រម្ល៉េះ គឺនៅពេលដែលអំបែងគ្រាប់រោយចុះមកលើភូមិរបស់គាត់ ដែលធ្វើឲ្យខូចខាតដល់លំនៅដ្ឋាន និងឆេះចម្ការកៅស៊ូមួយ។
គាត់និយាយថា ស្វាមីរបស់គាត់ត្រឡប់ទៅភូមិវិញជារៀងរាល់ថ្ងៃដើម្បីឲ្យចំណីត្រី និងមាន់ និងយាមផ្ទះរបស់គាត់ ប៉ុន្តែគាត់ និងកូនៗរបស់គាត់នឹងត្រឡប់ទៅវិញនៅពេលដែលអាជ្ញាធរថៃប្រាប់ថា មានសុវត្ថិភាព។
គាត់និយាយថា វាប្រថុយប្រថានណាស់ បើត្រឡប់ទៅវិញ ពីព្រោះគេមិនដឹងថា នៅពេលណាកងទ័ពកម្ពុជានឹងចាប់ផ្តើមបាញ់ម្តងទៀតទេ។
ដូចអ្នកភូមិថៃជាច្រើនទៀតដែរ គាត់គាំទ្រការទាមទាររបស់ថៃដែលថា ដែនដីនោះជារបស់ថៃ ប៉ុន្តែក៏ចង់ឲ្យមានការឈប់បាញ់គ្នាដែរ។
សម្រាប់ពេលនេះ អ្នកភូមិមួយចំនួនស្វាគមន៍ភាពស្ងប់ស្ងាត់មិនជាក់លាក់នេះ ហើយសម្តែងក្តីសង្ឃឹមថា ការស្ងប់ស្ងាត់នេះនឹងមានជារៀងរហូតដើម្បីឲ្យគេបានវិលត្រឡប់ទៅរកជីវិតធម្មតារបស់គេវិញ៕
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ