ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​មាន​សភាព​ធ្ងន់​ធ្ងរ​​មិន​ធ្លាប់​មាន​តាំង​ពី​៥០​ឆ្នាំ​មក​ហើយ


បុរស​ម្នាក់​អុំ​ទូក​តាម​វត្ដ​វ័ត​ថា​ណារ៉ាមដែល​ទទួល​រង​ទឹក​ជំនន់​ នៅ​ខេត្ដ​អាយុត្យា​ នៅ​ភាគ​កណ្ដាល​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ទី​៤​ខែ​តុលា​ឆ្នាំ​២០១១។​
បុរស​ម្នាក់​អុំ​ទូក​តាម​វត្ដ​វ័ត​ថា​ណារ៉ាមដែល​ទទួល​រង​ទឹក​ជំនន់​ នៅ​ខេត្ដ​អាយុត្យា​ នៅ​ភាគ​កណ្ដាល​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ទី​៤​ខែ​តុលា​ឆ្នាំ​២០១១។​

ទឹកជំនន់នៅក្នុងប្រទេសថៃ​ ក្នុងពេល​រដូវខ្យល់​ព្យុះមូស្សុងនៃឆ្នាំនេះបានបណ្ដាលឲ្យមនុស្សស្លាប់ ជាង២០០នាក់​ ​ហើយ​មានផលប៉ះ​ពាល់ទៅលើមនុស្សយ៉ាងតិចពីរលាននាក់​។ ក្រុមមន្ដ្រីនិយាយថា ការជន់ទឹកនៅទូទាំង​ដីរាប់ពាន់ហិកតា ជាការជន់ទឹកធ្ងន់​ធ្ងរជាងគេ​ ដែល​មិនធ្លាប់មានរាប់ទសវត្សរ៍មកហើយ។អ.ស.ប.​កំពុង​តែ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​នៅ​ប្រទេស​អាស៊ី​ចំណាយ​ថវិកាច្រើន​ថែម​ទៀត​ទៅលើ​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​មហន្ដរាយ។

ក្រុម​អ្នក​ព្យាករ​ធាតុ​អាកាស​និយាយ​ថា​ រដូវខ្យល់​ព្យុះមូស្សុង នៃ​ប្រទេស​ថៃ​ នៅ​ឆ្នាំ​នេះ​មា​ន​សភាព​ធ្ងន់​ធ្ងរជា​ង​គេ តាំង​ពី​៥០​ឆ្នាំ​មក​ហើយ។នា​ពេល​ដែល​ប្រទេស​នេះ​មាន​ប្រព័ន្ធ​ទំនប់​ទប់​ទឹក​និង​ព្រែក​ជីក​ដើម្បី​ទប់​ភ្លៀងធំ​ ក្រុម​មន្ដ្រី​មក​ពី​ក្រសួង​ធារាសាស្ដ្រ​ របស់​ព្រះ​បរម​រាជ​វាំង​ ព្រមាន​ថា​ ទំនប់​ទប់​ទឹក​ធំ​ៗ​មួយ​ចំនួន​ ជិត​ធ្លាយហើយ​ ដោយ​មក​ពី​ការ​ព្យាករ​អំពី​ភ្លៀង​ធំៗ​ថែម​ទៀត​ក្នុង​រយ:ពេល​ប៉ុន្មាន​អាទិត្យ​ខាង​មុខ​នេះ។

រហូត​មក​ដល់​ពេល​នេះ​ទី​ក្រុង​បាងកក​គេច​ផុត​ពី​ទឹក​ជំនន់​ធ្ងន់​ធ្ងរបំផុតពី​ក្នុង​ចំណោម​ទឹក​ជំនន់​ធ្ងន់​ធ្ងរបំផុត។ ក៏​ប៉ុន្ដែ​ទឹក​ហូរ​គគុក​ជាខ្លាំង​មាន​នៅ​ក្នុង​ទន្លេ​ចៅ​ផ្រាយ៉ា។

លោក​នុំ​ ជា​អ្នក​បើកបរ​ទូក​វែង​មួយ​នៅ​លើ​ទន្លេ​នេះ។ គាត់​និយាយ​ថា​ នៅ​ចម្ងាយ​តិច​ជាង​១០០​គីឡូ​មែត្រ​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​បាងកក​ ទឹក​ជំនន់បាន​ជោរជន់​នៅ​តាម​សហគមន៍​នៅ​ជាយ​ទី​ក្រុង​នេះ​ ហើយ​នឹង​សហគមន៍​ស្ថិត​នៅ​ខាង​ក្រៅ​ជញ្ជាំង​ការពារ​ទល់​នឹង​ទឹក​ជំនន់។

«សព្វ​ថ្ងៃ​នេះ​ នៅ​ទី​ក្រុង​បាងកក​គ្មាន​បញ្ហា​ទេ។​ លោក​អ្នក​ទៅ​ខាង​ក្រៅ​ទី​ក្រុង​បាកក​ ទៅ​ទី​ក្រុង​អាយុត្យា​ ឬ​សារ៉ាប៊ូរី​ ទឹក​ខ្ពស់​ណាស់។​ មនុស្ស​ជា​ច្រើន​នាក់​ទទួល​រង​ផល​ប៉ះ​ពាល់​។​ ពី​ព្រោះ​ទឹក​ខ្ពស់​ណាស់​នៅ​ខាង​ក្នុង​និង​នៅ​ខាង​ក្រៅ​ផ្ទះ។​ មនុស្ស​ខ្លះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ផ្ទះ​ ចេញ​ទៅ​ក្រៅ​ផ្ទះ​ទៅ​ផ្លូវ​ធំ»។

ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ថៃ​ កើត​មាន​នៅ​ពេល​ដែលខ្យល់​ព្យុះ​និង​ភ្លៀង​រដូវ​មូស្សុង​ នៅ​ពេល​ប៉ុន្មាន​អាទិត្យ​កន្លង​ទៅ​នេះ​ កើត​មាន​នៅ​ប្រទេស​ប៉ាគីស្ថាន​ កម្ពុជា​ ហើយ​នឹង​ហ្វ៊ីលីពីន។ នៅ​ប្រទេស​ ហ្វ៊ីលីពីន​ តម្លៃ​ខាត​បង់​ក្នុង​វិស័យ​ហេត្ថា​រចនា​សម្ព័ន្ធ​ ហើយ​នឹង​កសិកម្ម​ មាន​ចំនួន​ ១៥៤​លាន​ដុល្លារ។ នៅ​ប្រទេស​ប៉ាគីស្ថាន​ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ឲ្យ​ដឹង​ថា​ទឹក​ជំនន់​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​មនុស្ស​ជិត​ប្រាំ​លាន​កន្លះ​នាក់​ ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​ដំណាំ​៧៣​ភាគ​រយ​នៃ​ដំណាំ​ដាំ​ដុះ​ ព្រម​ទាំង​ការ​បាត់​បង់​សត្វ​ពាហ:ណ:។​ រី​ឯ​នៅ​ប្រទេស​កម្ពុជា​វិញ​ ទឹក​ជំនន់​បាន​សម្លាប់​មនុស្សយ៉ាង​តិច​១៥០​នាក់ បំផ្លាញ​ផ្ទះ​ជាង​១៣​ម៉ឺន​ ២២០​ខ្នង​ ដែល​មាន​ផល​ប៉ះ​ពាល់​ដល់់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១៧​ម៉ឺន​នាក់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ខ្លួន​អង្គការ​យុទ្ធ​សាស្ដ្រ​អន្ដរជាតិ​នៃ​អ.ស.ប.​ សម្រាប់​កាត់​បន្ថយ​មហន្ដរាយ​ ហៅ​កាត់​ថា​ (UNISDR)​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា​បង្កើន​វិនិយោគនៅ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​មហន្ដរាយដើម្បី​បន្ថយ​ផល​ប៉ះ​ពាល់​មក​ពី​ទឹក​ជំនន់​តាម​រដូវ។

លោក​ ​សាមិត​ ថាម៉ាសារ៉ុត​ (Samith Dharmasaroja) អតីត​នាយក​ទូទៅ​នៃ​ក្រសួង​ឧតុនិយម​ស្ដី​បន្ទោស​ការ​ខ្វះការ​សម្រប​សម្រួល​រវាង​ក្រសួង​ផ្សេងៗ​ ដែល​បណ្ដាល​ឲ្យ​ផល​ប៉ះ​ពាល់​នៃ​ទឹក​ជំនន់​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​មុន។​លោក​ សាមិត​និយាយ​ថា​ អាជ្ញាធរ​មិន​បាន​ធ្វើ​វិនិយោគ​នៅ​ក្នុង​ការ​ព្យាករ​ធាតុ​អាកាស​សម្រាប់​រយ:​ពេល​យូរ​ដើម្បី​គ្រប់​គ្រង​ទឹក​ជំនន់​ឲ្យ​បាន​ល្អ​ទេ។

«បើ​លោក​អ្នក​ប្រើ​ការ​ព្យាករ​ធាតុ​អាកាស​ សម្រាប់​រយ:ពេល​យូរ​ ដូច​ប្រទេសដទៃ​ៗទៀត​ដែល​បាន​ប្រើជា​យូរ​មក​ហើយ​ នោះ​ប្រទេស​ថៃ​នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទឹក​ជំនន់​ហើយ។​ ពី​ព្រោះ​លោក​អ្នក​ដឹង​ជាក់​ច្បាស់​ថា​តើ​រដូវ​ភ្លៀង​ឬ​រដូវ​វស្សា​មាន​នៅ​ពេល​ណា​ តើ​ភ្លៀង​នឹង​ធ្លាក់​ប៉ុន្មាន​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​ថៃ​ ដើម្បី​ឲ្យ​យើង​ដឹង​ជាក់​លាក់​ពី​របៀប​ទប់​ទឹក​នៅ​ក្នុង​ទំនប់»។

ក្រសួង​ធារាសាស្ដ្រនៃ​ព្រះ​បរម​រាជ​វាំង​ឲ្យ​ដឹង​ថា​ ទំនប់​ទប់​ទឹក​១១​មាន​ទឹកពេញ​សមត្ថភាព​ឬ​ហួស​សមត្ថ​ភាព​ហើយ​។ក្រុម​មន្ដ្រី​បាន​បញ្ជា​ឲ្យ​បញ្ចេញ​ទឹក​ពី​ទំនប់​នៅ​ក្នុង​ខេត្ដ​នានា​ស្ថិត​នៅ​ភាគ​ឦសាន​ គឺ​ ណាខន​រ៉ាឆឆា​ស៊ីម៉ា​ដោយ​រំពឹង​ថា​នឹង​មាន​ភ្លៀង​ធំ​ធ្លាក់​ថែម​ទៀត។

លោក​ សាមិត​និយាយថា​នៅ​ពេល​ដែល​ទី​ក្រុង​បាងកក​គេច​ផុត​ពី​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ​ ក៏​ទី​ក្រុង​នេះ​នៅ​តែ​ងាយ​ស្រួល​នឹង​ទទួល​រង​ដែរ​ជា​ពិសេស​បើ​គេ​បញ្ចេញ​ទឹក​ពី​ទំនប់​នោះ​មក។

«ទីក្រុង​បាងកក​ មាន​ស្ថាន​ភាព​ដូច​នេះ​ដែល​ជា​ស្ថានភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់។​ បើ​គេ​បញ្ចេញ​ទឹក​មួយ​ចំនួន​ពី​ភាគ​ខាង​ជើង​ហើយ​នឹង​ភាគ​នីរតី​នៃ​ប្រទេស​ថៃ​ ចុះ​ទៅ​ខាង​ត្បូង​ នោះ​ទី​ក្រុង​បាងកក​នឹង​ជន់​ទឹក​ហើយ»។

ក្រុម​អ្នក​ឧតុនិយម​ និយាយ​ថា​លំនាំ​ធាតុអាកាស​ឈ្មោះ​ ឡានីណា (La Nina)​ ហើយ​នឹង​ អិល​នីណូ (El Nino) ​ធ្វើ​ឲ្យ​ដំណើរ​រដូវ​មូស្សុង​មាន​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ ដែល​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ប្រទេស​ថៃ​ ហើយ​នឹង​ប្រទេស​អាស៊ី​និង​ប្រទេស​តំបន់សមុទ្រ​ប៉ាស៊ីហ្វ៊ីក​ដទៃ​ទៀត។ ក៏​ប៉ន្ដែ​លោក​ ដាណៃ​ ថៃ​ថុក​ឃូ​ (Danai Thaitukoo)​ គ្រូបង្រៀន​ខាង​ផ្នែក​បរិស្ថាន​វិទ្យាទីក្រុង​ នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ និយាយ​ថា​បញ្ហា​ចំបង​គឺ​បរាជ័យនៅ​ក្នុង​ការ​រៀប​ចំឲ្យ​បាន​គ្រប់​គ្រាន់​នូវ​សហគមន៍​នា​នា​មុន​រដូវ​ទឹក​ជំនន់។

«យើង​មិន​បាន​រៀប​ចំ​ទេ។​ គឺ​មិន​រៀប​ចំ​ទាល់តែ​សោះ។​ យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា​ យើង​រំពឹងថា​ វា​នឹង​មាន​ទឹក​ជំនន់​ ឬ​វា​នឹង​មាន​ទឹក​ច្រើន​ណាស់។​ ខ្ញុំ​និយាយ​ថា​ យើង​មិន​រៀប​ចំ​សម្រាប់​ទឹក​ជំនន់​ ឬ​សម្រាប់មហន្ដរាយធម្មជាតិ​ណាទេ»។

លោក​ស្រី​នាយក​រដ្ឋ​មន្ដ្រី​ យិង​ឡាក់​ ស៊ីណា​វ៉ាត​ បាន​បញ្ជា​ឲ្យ​បង្កើន​ប្រតិបត្ដិការ​សង្គ្រោះ​នៅ​ពេល​ដែលទឹក​ជំនន់​ឡើង​នៅ​ទូទាំង​ដីទំនាប​ភាគ​កណ្ដាល។

នៅ​ក្នុង​ខេត្ដ​នានា​ស្ថិត​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​បាងកក​ ក្រុម​មន្ដ្រី​និយាយ​ថា​ទឹក​ជំនន់​ មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត​តាំង​ពី​៥​ទសវត្សរ៍​មក​ហើយ។​ ព្រម​ពេល​នេះ​ដែរ​ ក្រសួង​ឧតុនិយម​ បាន​ចេញ​ការ​ព្រមាន​ថ្មីៗ​ទៅ​ឲ្យ​មនុស្ស​រស់​នៅ​ក្នុង​ភាគ​ខាង​ជើង​និងឦសានរៀបចំ​ទប់ទល់​នឹង​ភ្លៀង​ធំ​ថែម​ទៀត​ ហើយនឹង​ទឹក​ជំនន់​ភ្លាមៗ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ​ កងស៊ីវន

XS
SM
MD
LG