ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឈ្លើយ​សឹក​ថៃ​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ថៃ​វិញ​


ប្រទេស​ថៃ​បាន​ចោទ​ប្រកាន់​ប្រទេស​កម្ពុជា​ថា​បដិសេធ​មិន​ព្រម​ចរចា​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​​៤​ថ្ងៃ​ជាប់ៗ​គ្នារហូត​ដល់​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​និយាយ​ថា​មាន​តែ​កង​កម្លាំង​
ប្រទេស​ថៃ​បាន​ចោទ​ប្រកាន់​ប្រទេស​កម្ពុជា​ថា​បដិសេធ​មិន​ព្រម​ចរចា​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​​៤​ថ្ងៃ​ជាប់ៗ​គ្នារហូត​ដល់​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​និយាយ​ថា​មាន​តែ​កង​កម្លាំង​

កម្ពុជា​បាន​ប្រគល់​ឈ្លើយ​សឹក​ថៃ​ទៅ​ឱ្យ​ថៃ​វិញ​ហើយ​នៅ​ថ្ងៃនេះ​បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​លោក ​ប្រាវិត វង់ស៊ូវ៉ាន (Prawit Wongsuwan) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ថៃ។

សុងក្រាន តុងឈុំភូ ​អាយុ​២២​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងទ័ព​កម្ពុជា​នៅ​តំបន់​ភ្នំ​ទ្រព្យ​ក្នុង​ទឹកដី កម្ពុជា​ កាល​ពី​ថ្ងៃសៅរ៍ ​ដែល​ជា​តំបន់​សំខាន់​មួយ​នៃ​តំបន់​សំខាន់​បី​នៃ​ការវាយ​ប្រយុទ្ធ​គ្នា​ រវាង​កងទ័ព​ កម្ពុជា ​និង​កងទ័ព​ថៃនោះ។

លោក​ឧត្តមសេនីយ៍​ឯក​ ណឹម សុវត្ថិ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​នយោបាយ ​និង​ការបរទេស​នៃ​ក្រសួង​ការពារជាតិ​បាន​ថ្លែង​ប្រាប់​ក្រុម​អនុព័ន្ធ​យោធា​អម​ស្ថានទូត​បរទេស​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​ក្រសួង​ការពារ​ជាតិ​ថា ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​អនុវត្ត​តាម​ច្បាប់​សង្គ្រាម​ និង​បាន​បញ្ជូន​ឈ្លើយ​សឹក​ថៃ​នេះ​ឱ្យ​ទៅ​របទេស​ថៃ​វិញ។ លោក​មាន​ប្រសាសន៍​ថា៖

«កាល​ពី​ថ្ងៃ​ច័ន្ទ ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ទទួល​លិខិត​ស្នើសុំ​ការ​ដោះលែង​ពល​ទាហាន​ថៃ​ម្នាក់​នេះ​ ជា​ផ្លូវការ​ពី​ក្រសួង​ការពារជាតិ​ថៃ​ ដែល​បាន​ចុះ​ហត្ថលេខា ​ដោយ​លោក​ឧត្តមសេនីយ៍​ ប្រាវិត វង់សាវ៉ាន់​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ។ នេះ​គឺជា​ការទទួល​ស្គាល់​មួយ​បន្ថែម​ទៀត​បញ្ជាក់​អំពី​ការចូល​ឈ្លានពាន​លើ​ទឹកដី​កម្ពុជា​របស់​ភាគីថៃ»។

កម្ពុជា​បាន​ធ្វើ​ពិធី​ប្រគល់​ឈ្លើយ​សឹក​នេះ​ទៅ​ឱ្យ​អនុព័ន្ធ​យោធា​អម​ស្ថានទូត​ថៃ នៅ​ទីក្រុងភ្នំពេញ​នៅ​ក្រសួង​ការពារ​ជាតិ​ដោយ​មាន​វត្តមាន​របស់​អនុព័ន្ធ​យោធា​ និង​តំណាង​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ​ព្រម​ទាំង​លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ​ឯក​អគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា។ លោក​ ប្រាសាស ប្រាសាសវិនិច្ឆ័យ ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ឈ្លើយ​សឹក​នេះ​ថា​ ថៃ​សូម​អរគុណ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការប្រគល់​ទាហាន​ថៃ​នេះ​ទៅ​ឱ្យ​ថៃ​វិញ​យ៉ាង​ឆាប់រហ័ស។

លោក​ឧត្តមសេនីយ៍​ឯក ណឹម សុវត្ថិ ​បាន​ជម្រាប​អនុព័ន្ធ​យោធា​អម​ស្ថានទូត​បរទេស​ក្នុង​ទីក្រុង​ភ្នំពេញ​អំពី​ស្ថានភាព​ព្រំដែន​នៅក្បែរ​ប្រាសាទ​ព្រះវិហារ។ លោក​ថ្លែង​ថា៖

«ការ​ប៉ះ​ទង្គិច​ទ្រុងទ្រាយ​ធំ ឬ​សង្គ្រាម​តូច​នៅ​ព្រំដែន​ពី​ថ្ងៃ​ទី​៤​ ដល់​ទី៧​ គឺជា​ការប្រើសិទ្ធិ និង​បំពេញ​កាតព្វកិច្ច​ការពារ​ទឹកដី​ស្រប​ច្បាប់​របស់​កង​យោធពល​ខេមរភូមិន្ទ។ សង្គ្រាម​នេះ​គឺជា​សង្គ្រាម​ការពារ​បូរណភាព​ទឹកដី និង​ទប់ទល់​ការឈ្លានពាន។ វា​មិនមែន​ជាសង្គ្រាម​ឈ្លានពាន ​និង​វាយ​លុក​ដែល​ត្រូវ​ការ​ពង្រីក​ភូមិសាស្ត្រ​ទឹកដី​ ឬ​ការ​រំលោភ​ណាមួយទេ»។

លោក​ឧត្តមសេនីយ៍ឯក​ ណឹម សុវត្ថិ​ បាន​បន្តថា​ ក្នុង​សភាពការណ៍​នេះ​ កងយោធពល​ខេមរភូមិន្ទ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ការ​ទូត​យោធា​ ការទូត​បរទេស​ និង​ផ្លូវច្បាប់។ លោក​បន្តថា៖

«កម្ពុជា​ស្វាគមន៍​រាល់​ការ​ទំនាក់ទំនង​ទាំង​យន្តការ​ទ្វេភាគី​ យន្តការ​តំបន់ និង​អន្តរជាតិ។ យើង​បាន​កំណត់​វិធានការ​ជៀសវាង​ចល័ត​កម្លាំង​ផ្តេសផ្តាស​នៅតាម​បណ្តោយ​ព្រំដែន​ដែល​នាំឱ្យ​មាន​ការ​ជិត​គ្នា ​និង​ប៉ះទង្គិច​គ្នា»។

លោក​វរសេនីយឯក​ ឌីរេក​ បុងខាម (Direk Bongkarm) សេនា​អនុព័ន្ធ​យោធា​អម​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ​ បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្តិវិធី។ លោក​ថ្លែង​ថា៖

«បន្ទាប់​ពី​នេះ ​ខ្ញុំ​គិតថា ប្រទេស​ថៃ​ធ្វើ​ការ​ចរចា​ដោយ​សន្តិវិធី​ ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់។ ខ្ញុំ​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជាមួយ​មេ​បញ្ជាការ​នៅ​ក្នុង​តំបន់។ ខ្ញុំ​បាន​ឮ​ថា ឥឡូវ​នេះ ​គ្មាន​ការ​បង្កើន​កងទ័ព​នៅ​ក្នុង​តំបន់​ជម្លោះទេ»។

លោក សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធានគណៈ​កម្មាធិការ​ជាតិ​ យូណេស្កូ បាន​ផ្ញើ​លិខិត​ទៅ​ជូន​លោកស្រី​អ៊ីរីណា បូកូវ៉ា (Irina Bokova) អគ្គនាយក​អង្គការ​យូណេស្កូ​ដើម្បី​ជម្រាប​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​កងទ័ព​ថៃ​មក​លើ​ប្រាសាទ​ព្រះវិហារ​ ​បន្ទាប់ពី​ការចរចា​គ្មាន​ផ្លែផ្កា​ជា​បន្ត​បន្ទាប់​រវាង​កងទ័ព​កម្ពុជា​ និង​ថៃ។

លោក ​ហេង សំរិន ​ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ថ្កោលទោស​ប្រទេស​ថៃ​ចំពោះ​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា និង​បាន​អំពាវនាវ​ឱ្យរ​ដ្ឋាភិបាល​ថៃ​វិល​ទៅ​រក​ការគោរព​ច្បាប់​អន្តរជាតិ​ និង​កិច្ច​ព្រមព្រៀង​ព្រំដែន​ឆ្នាំ​២០០០​ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំងពីរ។

លោក​ ហ្វីលីប​ ក្រោវលី​ (Philip Crowley) អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ និង​ថៃ ​ហើយ​សហរដ្ឋ​អាមេរិក​បន្ត​ទទូច​ឱ្យ​ភាគី​ទាំងពីរ​ធ្វើការ​អត់ធ្មត់​ជា​អតិបរមា និង​ចាត់​វិធានការ​ចាំបាច់ ​ដើម្បី​បន្ថយភាព​តានតឹង​នេះ។ លោក​ ក្រោវលី បាន​បន្តថា សហរដ្ឋអាមេរិក​មិន​បាន​សម្រេច​ចិត្ត​ ថាតើ​សហរដ្ឋអាមេរិក​ គួរ​ចូល​ពាក់ព័ន្ធ​ដែរ​ឬ​ទេ ​បន្ទាប់​ពី​កម្ពុជា ​បាន​ស្នើសុំ​ឱ្យ​មាន​អន្តរាគមន៍​ជា​បន្ទាន់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហ​ប្រជាជាតិ​នោះ។

លោកស្រី​ឯក​អគ្គរដ្ឋទូត​ប្រេស៊ីលី​ ម៉ារា ល្វីហ្សា រីបេរ៉ូ វីអូទី (Maria Luiza Ribeiro Viotti) ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ខែកុម្ភៈ​ បាន​ថ្លែង​ថា សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​នៅ​តាម​ព្រំដែន​ និង​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ លោកស្រី​ បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់គ្នា ​និង​ទទូច​ដល់​ភាគី​ទាំងពីរ​ដោះស្រាយ​ស្ថានភាព​ ដោយ​សន្តិវិធី​ដោយ​និយាយ​អំពីការ​វាយ​ប្រយុទ្ធ​គ្នា​ ដែល​បាន​បណ្តាល​បាត់បង់​អាយុ​ជីវិត​ និង​មាន​ជនស៊ីវិល​ច្រើន​រាប់ពាន់​នាក់​បាត់​បង់​ទី​ជម្រក។

យោង​តាម​កាសែត​ថៃ​ ដឺ​ ណេសិន (The Nation) បន្ទាប់​ពី​ជំនួប​ជាមួយ​សមភាគី​កម្ពុជា​ និង​ថៃ​ លោក​ ម៉ារទី ណាតាឡេហ្កាវា​ (Marty Natalegawa) ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ បាន​អំពាវនាវ​ដល់​កម្ពុជា និង​ថៃ​ដោះស្រាយ​ជម្លោះ​ព្រំដែន​បច្ចុប្បន្ន​ដោយ​ឈរ​លើ​គោលការណ៍​ទ្វេភាគី​តាមរយៈ​ការចរចា ​និង​បាន​ថ្លែង​ថា​ ការ​ចរចា​គឺ​ជា​គន្លឹះ​ទប់ស្កាត់​ការ​វាយប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​ និង​ថៃ​បន្ថែម​ទៀត៕

XS
SM
MD
LG