ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​បន្ត​ផ្តល់​ជំនួយ​​​ឲ្យ​កម្ពុជា​ឡើង​វិញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្លូវ


មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បដិសេធ​ការ​អះអាង​របស់​ថៃ​ដែល​ថា​ ការ​បន្ត​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​ ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការទូត​បាន​ប្រក្រតីឡើង​វិញ។​ ការ​ផ្តល់​ជំនួយ​នេះ​ជា​ការ​សម្រេច​ជា​ឯក​តោភាគី​ដោយ​ប្រទេស​ថៃ។​ មន្ត្រី​ខ្មែរ​និយាយ​ថា​ ​កត្តា​សំខាន់​សម្រាប់​ទំនាក់​ទំនង​ប្រសើរ​ឡើង​វិញ​គឺ​ថៃ​ត្រូវ​ដក​កងទ័ព​ចេញ​ពី​វត្ត​កែវ​សិក្ខា​គីរីស្វារៈ​ ​ឈប់​បង្ក​ការ​រំខាន​តាម​ព្រំដែន​ និង​ឈប់​ប្រើ​ផែន​ទី​ឯក​តោភាគី។

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​ប្រទេស​កម្ពុជា​បាន​បដិសេធ​ថា​ ​ការ​សន្យា​បន្ត​ផ្តល់​ជំនួយ​ចំនួន​៤៥​លាន​ដុល្លារ​អាមេរិក​ដោយប្រទេស​ថៃ​ដល់​ប្រទេស​កម្ពុជាសម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​នៅ​តំបន់​ព្រំដែន​នេះ​ ​មិន​មែន​ជា​កត្តា​ធ្វើ​ឱ្យ​មាន​ភាព​ប្រក្រតី​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

ប្រទេស​ថៃ​បាន​បង្កក​ប្រាក់​កម្ចី​ភ្លាមៗ​ ​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​តែងតាំង​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ Thaksin Shinawatra​ ជា​ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ខែ​វិច្ឆិកាឆ្នាំ​២០០៩។

កម្ចី​សម្បទាន​នេះ​នឹង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​លេខ​៦៨​ ចាប់ពី​ស្រុក​ក្រឡាញ់ដល់​ស្រុក​សំរោង​ និង​អូរស្មាច់នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ ​នេះ​បើ​យោង​តាម​កាសែត​ Bangkok Post។

លោក​យឹម ទិន ​អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​ថា​ ​ផ្លូវនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ ជំរុញ​សកម្ម​ភាព​សេដ្ឋ​កិច្ច​ឆ្លង​កាត់​ព្រំដែន​ ​ដូចជា​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ​ការ​ដឹក​ជញ្ជូន​ ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ ​និង​ទេសចរណ៍ជាដើម។

កាសែត ​Bangkok Post ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​ប្រទេស​ថៃបាន​សន្យា​បន្ត​ផ្តល់​ជំនួយ​ទឹក​ប្រាក់​ចំនួន​១.៤០០​លាន​បាត​ ​(៤៥​លាន​ដុល្លារ​អាមេរិក)​ ដល់​ប្រទេស​កម្ពុជា​ឡើង​វិញ​ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ ​ជា​សញ្ញា​មួយ​បន្ថែម​ទៀត​ ដែល​ចំណង​ទាក់ទង​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​កំពុង​វិល​ត្រឡប់​មក​រក​ភាព​ធម្មតា​ឡើង​វិញ។

លោក​កុយ គួង ​អនុ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​ប្រទេស​កម្ពុជា​មិនមាន​ការ​ទាមទារ​អ្វី​ពី​ប្រទេស​ថៃ​ទេ​ ​ប៉ុន្តែ​ការ​សន្យា​បន្ត​ផ្តល់​ជំនួយ​ឡើង​វិញ​របស់​ប្រទេស​ថៃដល់​កម្ពុជា​នេះ​ គឺ​អាស្រ័យ​នៅលើ​ភាគី​ថៃ​តែ​ប៉ុណ្ណោះ។

ប្រទេស​កម្ពុជា​មិន​បាន​ចាត់​ទុក​ថា​ ​ការ​សន្យា​បន្ត​ផ្តល់​ជំនួយ​របស់​ភាគី​ថៃ​នេះ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ។​ ប្រទេស​កម្ពុជា​តែង​ស្វាគមន៍​ចំពោះ​ជំនួយ​ពី​បណ្តា​ប្រទេស​ជាមិត្ត​ដែល​ជំនួយ​នោះ​មិន​បាន​ដាក់​លក្ខ​ខណ្ឌ​អ្វី​ទេ»។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ ​Suthep Thaugsuban ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ជំនួយ​នេះ​នឹង​ត្រូវ​បាន​បន្ត​ចាប់​ដំណើរ​ការ​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​នេះ​ ​ហើយ​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ដំណើរ​ទៅ​មក​នៅលើ​ផ្លូវនេះ​ ​ដើម្បី​ធ្វើ​ពាណិជ្ជ​កម្ម​ទេស​ចរណ៍​ និង​វិនិយោគ។

លោក​កុយ គួងបាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ថៃ​ចង់​បន្ត​ផ្តល់​ជំនួយ​ក្នុង​ការ​អភិវឌ្ឍន៍​នេះ។​ សំខាន់​គឺ​ថៃ​ត្រូវ​ឈប់​រក​រឿង​ខ្មែរ​ ​និង​ឈប់​បង្ក​ភាព​តាន​តឹង​នៅ​តាម​តំបន់​ព្រំដែន​ ​ហើយ​មាន​បី​ចំណុច​សំខាន់​ ​ដើម្បីធ្វើ​ឱ្យ​តំបន់​ព្រំដែន​មាន​សុខ​សន្តិភាព​ ​ស្ថិរ​ភាព​ និង​ការអភិវឌ្ឍន៍​បាន។ ទីមួយ​ថៃ​ត្រូវ​តែ​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជានៅម្តុំ​វត្ត​កែវ​សិក្ខា​គីរីស្វារៈ។ ​ទីពីរ​ ​ថៃ​ត្រូវ​ឈប់​ប្រើ​ផែនទី​ ដែល​ថៃ​លួច​គូរ​ជា​ឯកតោ​ភាគីដើម្បី​យក​តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​ថា​ ​ជា​របស់​ខ្លួន​ ​និង​ទីបី​ ​ថៃ​ត្រូវ​តែ​ឈប់​ចល័ត​កងទ័ព​នៅ​តាម​តំបន់​ព្រំដែន​ ដែល​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ»។

ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​ធ្វើឱ្យ​ចំណង​ការទូត​ធម្មតា​ឡើង​វិញ​ ​នៅពេល​ដែល​លោក​ ​Prasas Prasasvinitchai​ ​ឯកអគ្គ​រាជ​ទូត​ថៃ​ ​បាន​វិលត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​ ​នៅ​ថ្ងៃច័ន្ទ​ ​និង​លោក​ស្រី​យូ អយ ឯក​អគ្គ​រាជទូតកម្ពុជា​ ​បាន​វិលត្រឡប់​ទៅ​កាន់​ទីក្រុង​បាងកក​វិញ​នៅ​ថ្ងៃ​អង្គារ៕

XS
SM
MD
LG