ឧស្សហកម្មស្រូវអង្កររបស់ប្រទេសថៃ ជាផ្នែកខ្លាំងមួយនៃ ទំនិញនាំចេញទៅលក់នៅបរទេស ដោយមានការរំពឹងថាអង្ករប្រមាណ ១០ លានតោន នឹងយកទៅលក់នៅបរទេសក្នុងឆ្នាំនេះ។ ឧស្សហកម្មនោះផ្ដល់ការងារធ្វើដល់មនុស្សច្រើនលាននាក់ ទូទាំងប្រទេស ហើយ គណបក្សធំៗពីរ ប្រកួតគ្នាដើម្បីទទួលយកសម្លេងឆ្នោតរបស់ពួកគេ។ តែលោក Ron Corben រាយការណ៍ពីទីក្រុង បាងកក ថា អ្នកវិភាគនិយាយថា ការស្នើផ្ដល់ជំនួយឧបត្ថម្ភខ្លះដ៏ប្រសើរដែលក្រុមអ្នកនយោបាយកំពុងពិចារណា អាចនាំឲ្យកាត់បន្ថយចំនួនដ៏ច្រើនសន្ធឹកនូវស្រូវអង្ករលក់ទៅបរទេស។
ខណៈដែលក្រុមអ្នកនយោបាយឃោសនាសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី ៣ខែ កក្កដា នៅក្នុងប្រទេសថៃ គណបក្សធំៗពីរបានស្នើផ្ដល់ជំនួយជាប្រាក់ចំណូលធានានឺងធ្វើឲ្យតម្លៃអង្ករឡើងខ្ពស់ ក្នុងការប្រកួតយកសម្លេងឆ្នោតនៅក្នងសហគមន៍ជនបទ ដ៏ធំរបស់ប្រទេសថៃ។
តំបន់ដីរាបកណ្ដាល និងខាងជើងរបស់ប្រទេសថៃ ដាំស្រូវដ៏ច្រើនសន្ធឹកដើម្បីលក់ទៅបរទេសរាល់ៗឆ្នាំ ដែលមានទឹកប្រាក់ជាង ៥ ពាន់ លានដុល្លាររាល់ៗឆ្នាំ។
អ្នកវិភាគនយោបាយនិយាយថា តំបន់នោះ ក៏មានសារៈសំខាន់ខាងនយោបាយដែរដោយសារតែកៅអីភាគច្រើននៅក្នុងសភាតំណាងរាស្រ្ដ ស្ថិតនៅតំបន់ជនបទជាពិសេសនៅតំបន់កណ្ដាលនិង ឦសាន។
ក្នុងប៉ុន្មានខែថ្មីៗនេះ កសិករដាំស្រូវខ្លះ បានបញ្ចុះបញ្ចូលសុំឲ្យរដ្ឋាភិបាលផ្ដល់ការជួយឧបត្ថម្ភច្រើនថែមទៀត។ ប្រព័ន្ធបច្ចុប្បន្នគ្រប់គ្រងដោយរដ្ឋាភិបាលនៃគណបក្សប្រជាធិបតេយ្យ ផ្ដល់ការធានាប្រាក់ចំណូលប្រមាណ១ម៉ឺនបាតឬ៣៣០ដុល្លារ ក្នុងអង្ករមួយតោន យោងទៅតាមប្រភេទស្រូវដែលគេដាំ។ បើកាលណាតម្លៃនៅផ្សារចុះទាបក្រោមតម្លៃ នោះ រួចកសិករ ដែលចូលរួមក្នុងកម្មវិធី ធានានោះ នឹងត្រូវរដ្ឋាភិបាល សងប្រាក់ដែលខ្លួនខាត ដាក់ចូលទៅក្នុងកុងទិន្ន័យធានាគាររបស់ខ្លួន។
សេដ្ឋវិទូ និយាយថាប្រព័ន្ធជួយឧបត្ថម្ភ អាយុ ២ ឆ្នាំនោះ ជួយដល់កសិករ ជាង ៥ លានគ្រួសារ ជាពិសេសសម្រាប់កសិករតូចតាច នៅតបំន់ក្រីក្រ។ កម្មវិធីផ្ដល់ការធានាអង្ករ បានយកទៅជំនួសផែនការពីលើកមុន ដែលរដ្ឋាភិបាលទិញអង្ករផ្ទាល់ពីកសិករ ហើយយកទៅទុកក្នុងជង្រុកធំ។ អ្នកទិតៀន មកលើប្រព័ន្ធធានាបច្ចុប្បន្ននិយាយថា ការទុកស្ដុកអង្ករ អនុញាតឲ្យរដ្ឋាភិបាលគ្រប់គ្រងមកលើតម្លៃអង្ករលក់នៅទីផ្សារ។
គណបក្សជំទាស់ ភឿថៃ សន្យាថា នឹងធ្វើឲ្យប្រព័ន្ធនោះដំណើរការឡើងវិញ ហើយនឹងទិញអង្ករពីកសិករ តាមតម្លៃ ១៥ ០០០ បាត ក្នុងមួយតោន ឬ ៤៩៦ ដុល្លារ សរអ។លោក វីរូច ណា រាណុង អ្នកវិភាគ ធ្វើការឲ្យវិជ្ជាស្ថាន អភិវឌ្ឈន៍ស្រាវជ្រាវ និយាយថាកម្មវិធីរបស់គណបក្ស ភឿថៃ ដែលសន្យាតម្លៃអង្ករ អាចនាំឲ្យមានអំពើពុករលួយ។
«បញ្ហាធំគឺរដ្ឋាភិបាលខ្លួនឯង មិនមានថវិកាច្រើនគ្រប់គ្រាន់ដើម្បីផ្ដល់ទៅឲ្យកសិករទាំងអស់ ដែលចង់បានការធានានោះ។ ដូច្នេះ ថវិកានោះច្រើនតែទៅដល់ដៃខេត្ដណាដែលមានការទំនាក់ទំនងល្អ ជាមួយអ្នកនយោបាយ ដែលកាន់កាប់ក្រសួងកសិកម្ម។ វិធានការដូច្នោះបានប្រព្រឹត្ដធ្វើជាយូរមកហើយ ហើយវាអាចនាំឲ្យមានការប្រព្រឹត្ដអំពើពុករលួយ»។
គណបក្សភឿថៃ បានត្រូវ ដឹកនាំដោយ លោកស្រី យីងលិក ស៊ីនាវាត្រា ប្អូនស្រី របស់លោកថាកស៊ីន សីនាវាត្រា ដែលបានត្រូវបណ្ដេញចេញពីតំណែង ក្នុងរដ្ឋប្រហារនៃឆ្នាំ ២០០៦។ អ្នកវិភាគមើលឃើញការបោះឆ្នោត ជាឱកាសសម្រាប់លោក ថាកស៊ីន ដើម្បីវិលត្រឡប់មកប្រទេសថៃវិញ ហើយខិតខំលាងឈ្មោះលោក ពីការចោទប្រកាន់ពីបទប្រព្រឹត្ដអំពើពុករលួយ។
នៅពេលដែលគេរំពឹងថា ការបោះឆ្នោតនោះ នឹងបានត្រូវប្រកួតកិតៗគ្នា គណបក្សរបស់លោកថាកស៊ីន បានដឹកមុខ ក្នុងការស្ទង់មតិថ្មីៗនេះ ហើយពាណិជ្ជករអង្ករនិយាយថា តម្លៃអង្ករនៅលើទីផ្សារចាប់ផ្ដើមឡើងខ្ពស់ ដោយគេរំពឹងថា គណបក្សភឿថៃ នឹងឈ្នះឆ្នោត។
លោក វីចៃ ស្រិប្រាសឺត ប្រធានក្រុមអ្នកលក់អង្ករទៅបរទេស ហៅ Riceland International ហើយជាសមាជិករបស់ក្រុមទីប្រឹក្សា នៃសមាគមន៍លក់អង្ករទៅបរទេសដ៏មានឥទ្ធពល គាំទ្រកម្មវិធីការធានាប្រាក់ចំណូល របស់រដ្ឋាភិបាល បច្ចុប្បន្ន។
«ខ្ញុំនិយាយថា កម្មវិធីគំាទ្រប្រាក់ចំណូលគួរតែ ប្រសើរជាងនេះ។ ខ្ញុំយល់ថាកសិករតូចតាចជាពិសេសនៅតំបន់ឦសានប្រទេសពេលនេះគេមានកុងទិន្នន័យធានាគាររបស់គេ។ រដ្ឋាភិបាលសងប្រាក់ខាតរវាងតម្លៃចង់បាន និងតម្លៃពិតប្រាកដ នៅលើទីផ្សារ ហើយកសិករទទួលប្រាក់ដែលរដ្ឋាភិបាលបញ្ចូលទៅក្នុងធនាគារ។ កសិករជាច្រើនបានទទួលប្រយោជន៍ពីកម្មវិធីនេះ»។
លោក វិចៃនិយាយថាកម្មវិធីកិច្ចសន្យា របស់គណបក្សភឿថៃ ផ្ដល់ប្រយោជន៍ឲ្យកសិករធំៗនៃតំបន់ដីរាបកណ្ដាលប្រទេសថៃ ដែលភាគច្រើនដាំស្រូវបីដង ក្នុងមួយឆ្នាំ។ ផែនការនោះអាចជំរុញឲ្យតម្លៃអង្ករឡើងថ្លៃ ធ្វើឲ្យខ្សោយដល់ការប្រកួតជាមួយ អង្កររបស់ប្រទេសវៀតណាមដែលជាប្រទេសជិតខាង។ សមាជិករបស់ សមាគមន៍ លក់អង្ករទៅបរទេស និយាយថា វាអាចធ្វើឲ្យការលក់អង្ករទៅបរទេសចុះចំនួនដ៏ខ្លាំង ហើយធ្វើឲ្យជង្រុកស្ដុកដ៏ធំទុកអង្ករខូចគុណភាព ដោយសារតែប្រព័ន្ធជង្រុកអង្ករ របស់រដ្ឋាភិបាលមិនបានត្រូវចាត់ចែងប្រសើរទេ។
ប្រែសម្រួលដោយ អ៊ូ ធួក