មេដឹកនាំនៃប្រទេសថៃ និងឥណ្ឌូណេស៊ី បានសន្យាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសន្តិសុខ។ ការសន្យានេះបានកើតមានឡើងកាលពីថ្ងៃច័ន្ទក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃ Yingluck Shinawatra ទៅកាន់រដ្ឋធានីហ្សាការតា។
នេះជាទស្សនកិច្ចទី២ នៅក្នុងទស្សនកិច្ចដើម្បីឲ្យស្គាល់គ្នាសម្រាប់មេដឹកនាំថៃថ្មីដែលបានបំពេញទស្សនកិច្ចប្រទេសព្រុយណេកាលពីថ្ងៃសៅរ៍។ លោកស្រីនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ដែលជាទីកន្លែងដែលលោកស្រី ត្រូវគេរំពឹងនឹងអំពាវនាវឲ្យមានការដោះលែងសកម្មជនជាតិថៃដែលជាប់ពន្ធនាគារ២នាក់។ លោកស្រីនឹងបំពេញទស្សនកិច្ចប្រទេសឡាវនៅថ្ងៃសុក្រ។
លោកស្រី Yingluck និយាយថាលោកស្រីនិងប្រធានាធិបតី Susilo Bambang Yudhoyono មានការសប្បាយរីករាយដោយបានឃើញពាណិជ្ជកម្មរីកចម្រើនរវាងប្រទេសទាំងពីរ ហើយបានពិភាក្សាពីមធ្យោបាយផ្សេងៗទៀតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោកស្រីនិយាយថាដំណើរបំពេញទស្សនកិច្ចនេះជាជោគជ័យមួយ។ ប្រធានាធិបតី Yudhoyono និងលោកស្រីមានការពិភាក្សាប្រកបដោយផ្លែផ្កាដោយគ្របដណ្តប់ក្នុងវិស័យនៃកិច្ចសហប្រតិបត្តិការទាំងអស់ចាប់តាំងពីបញ្ហាទ្វេភាគី តំបន់ និងពហុភាគី។
លោកស្រីនិយាយទៀតថា ការចរចាមានផ្លែផ្កា និងគ្របដណ្តប់លើបញ្ហាក្នុងតំបន់និងទ្វេភាគី។
លោក Yudhoyono និយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាជម្លោះព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសកម្ពុជា ដែលបានសម្លាប់មនុស្ស១៨នាក់ហើយនឹងធ្វើឲ្យអ្នកភូមិរាប់ពាន់នាក់គ្មានទីកន្លែងរស់នៅក្នុងអំឡុងពេលនៃការប៉ះទង្គិចនៅឆ្នាំនេះ។ ក្នុងនាមជាប្រធានសមាគមប្រទេសជាតិអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើជាអ្នកសម្របសម្រួលជម្លោះនោះ។
លោក Yodhoyona ថ្លែងថា ចំពោះបញ្ហាព្រំដែនកម្ពុជាថៃដែលបានក្លាយជាបញ្ហាអន្តរជាតិ លោកមានការសប្បាយរីករាយដែលឮពីលោកស្រីនាយករដ្ឋមន្រ្តីថាមានការរីកចម្រើនល្អនោះ។ លោកថ្លែងថាលោកស្រីនាយករដ្ឋមន្ត្រី Shinawatra ក៏មានផែនការបំពេញទស្សនកិច្ចប្រទេសកម្ពុជាក្នុងពេលអនាគតឆាប់ៗនេះ។ ក្នុងនាមជាប្រធានសមាគមអាស៊ាន លោកស្វាគមន៍ចំពោះការរីកចម្រើន ហើយសង្ឃឹមថាបញ្ហានេះ អាចត្រូវដោះស្រាយដោយសន្តិវិធី។
លោកមានប្រសាសន៍បន្តទៀតថាលោកមានការសប្បាយចិត្តដែលបានឮថាទំនាក់ទំនងកម្ពុជា ថៃ កំពុងល្អប្រសើរឡើងចាប់តាំងពីលោកស្រី Yingluck បានចូលកាន់តំណែងកាលពីខែសីហា។
ជម្លោះនោះត្រូវគេរំពឹងនឹងគ្របដណ្តប់នៅក្នុងជំនួបរបស់លោកស្រី Yingluck ក្នុងទីក្រុងភ្នំពេញ។ ពួកមន្រ្តីថៃ និយាយថា លោកស្រី ក៏នឹងអំពាវនាវឲ្យមានការដោះលែងសកម្មជនជាតិនិយមជ្រុលថៃ Veera Somkwankid និងលេខាធិការរបស់លោក ដែលបានជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជាម្នាក់រយៈពេល៨ឆ្នាំនិងម្នាក់ទៀត៦ឆ្នាំក្នុងបទចោទប្រកាន់ចារកម្ម។
Veera ជាសមាជិកសភារបស់គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងដែលបានចាញ់ការបោះឆ្នោតគណបក្សភឿថៃដែលជាគណបក្សរបស់លោកស្រី Yingluck នៅក្នុងខែកក្កដា។ ការដោះលែងលោកនឹងជួយជំរុញការផ្សះផ្សារជាតិរវាងភាគីដែលមានការបែកបាក់យ៉ាងខ្លាំងក្នុងប្រទេសថៃ។
លោក Thaksin Shinawatra ដែលជាបងប្រុសរបស់លោកស្រី Yingluck ក៏ត្រូវគេរំពឹងនឹងសុំឲ្យដោះលែងពួកសកម្មជនក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលមួយថ្ងៃបន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី។ លោក Thaksin អតីតនាយករដ្ឋមន្រ្តី បានត្រូវកាត់ឲ្យជាប់ទោសដោយអវត្តមានលើបទចោទប្រកាន់ពុករលួយដោយអតីតរដ្ឋាភិបាលថៃហើយលោកបានរស់នៅនិរទេសខ្លួនដើម្បីជៀសវាងការជាប់ពន្ធនាគារ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន