ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​យោធា​ជាន់​ខ្ពស់​ថៃ​​មក​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​ព្រះដែន


ភ្នំពេញ៖ មន្ត្រី​យោធា​កម្ពុជា​និង​ថៃ​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​នៅ​ថ្ងៃសុក្រ​ អំពី​ការ​កំណត់​កាលបរិច្ឆេទ​ សម្រាប់​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ ដែល​បាន​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ បន្ទាប់​ពី​ភាគី​ថៃ ​បាន​លើក​ពេល​ប្រជុំ​កាល​ពី​ខែ​មុន ​ដោយសារ​ការ​រៀបចំ​ឯកសារ​មិន​ទាន់​។ ប្រទេស​ទាំង​ពីរ​បាន​អះអាង​ថា​ កិច្ចប្រជុំ​នេះ​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​សន្តិសុខ​នៅ​តាម​ព្រំដែន​។ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​អនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​បន្ត​ការ​ចរចា។

មន្ត្រី​យោធា​ជាន់ខ្ពស់​ថៃ​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃព្រហស្បត៍នេះ ​ហើយគ្រោងនឹង​ធ្វើការ​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​នៅ​ថ្ងៃសុក្រ ​សំដៅ​រៀបចំ​កាល​បរិច្ឆេទ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ប្រចាំ​ឆ្នាំ​សម្រាប់​ជំរុញ​ដំណោះស្រាយ​ព្រំដែន។

ប្រទេស​ថៃ​បាន​ស្នើសុំ​លើក​ពេល​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើកទី៧​ដែល​ដឹកនាំ ​ដោយ​លោក ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ និង​លោក​ Prawit Wongsunwon​ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ថៃ ដែល​គេ​បាន​គ្រោង​ធ្វើឡើង​នៅ​ Pattaya ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៨​ ខែ​សីហា ​ដោយសារ​ការ​រៀបចំ​ឯកសារ​ប្រជុំ​មិនទាន់​។

លោក​ឧត្តមសេនីយ​ទោ​ Ni Phat Thong Leng ​នាយក​ទី​ចាត់ការ​ការងារ​ព្រំដែន​របស់​អគ្គ​បញ្ជាការភូមិន្ទ​ថៃ​ និង​ជា​ប្រធាន​ក្រុម​លេខាធិការ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​បីរូប​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​កម្ពុជា ​និង​លោក​នាង ផាត​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ប្រទេសកម្ពុជា​នៅ​ថ្ងៃសុក្រ។

លោក​ឧត្តមសេនីយឯក​ឈុំ សុជាតិ ​អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែង​ប្រាប់ ​VOA​ថា​លោក​ឧត្តមសេនីយទោ​ Ni Phat Thong Leng ​អាចនឹង​លើក​ឡើង​ពី​កិច្ចប្រជុំ​ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ក្នុង​អំឡុង​ពេល​ជាមួយ​ក្រុម​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា។

លោក​ឧត្តមសេនីយឯក​ឈុំ សុជាតិ ​បាន​បញ្ជាក់​ថា កាលពី​សប្តាហ៏មុន​ លោក​ Prawit Wongsunwon រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថៃ បាន​ហៅ​ទូរស័ព្ទ​មក​កាន់​លោក​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ កម្ពុជា​ ទៀ បាញ់ ដើម្បី​ស្នើសុំ​ធ្វើការ​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​នៅ​ថ្ងៃទី៨-៩​ ខែ​កញ្ញានេះ​។

ប្រទេសកម្ពុជា​ និង​ប្រទេស​ថៃ បាន​បញ្ជាក់ថា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នេះ​មាន​សារៈ សំខាន់​ខ្លាំងណាស់​ សម្រាប់​សន្តិសុខ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ដូចជា​ សន្តិសុខ​ព្រំដែន ​ការធ្វើ​ ដំណើរ​ឆ្លងកាត់​ព្រំដែន​ការថែរក្សា​សន្តិសុខ ​និង​សន្តិភាព ​កិច្ច​សហប្រតិបត្តិការ ​និង​ការអភិវឌ្ឍ​ ព្រំដែន ​ព្រមទាំង​ការ​បង្ក្រាប់​បទល្មើស​ព្រំដែន​ឧក្រិដ្ឋកម្មឆ្លងដែន ​ការ​ជួញដូរ​មនុស្ស ​និង​គ្រឿង ញៀនជាដើម។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ចចារ ​កម្រិត​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​។

«ការចរចាអាច​បន្ត​ទៅ​បាន​ ព្រោះ​វា​មិនមែន​ពាក់ព័ន្ធ​នឹង​ការ​កំណត់​ខ្សែ​ព្រំដែនទេ​។ វា​ពាក់ព័ន្ធ​ច្រើន​ ណាស់​ក្នុង​ការទប់ស្កាត់​ការ​រត់ពន្ធ​គ្រឿងញៀន​ ការជួញដូរ​មនុស្ស​ ការសម្រួល​ពាណិជ្ជកម្ម ​និង​សន្តិ សុខ​ តាម​ព្រំដែន​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។ ដូច្នេះ​ ខ្ញុំ​អនុញ្ញាត​ឱ្យ​មាន​ការ​ចរចា​ក្នុង​ កម្រិត​នេះ។​ ប៉ុន្តែ​ការ​ចរចា​កម្រិត​រដ្ឋមន្ត្រី​ការបរទេស​ចាំ​ធ្វើ​ ក្រោយ​សភា​ថៃ បាន​ផ្តល់​សច្ចាប័ន​លើ កំណត់ហេតុ​ព្រំដែន​ទាំងបី​សិន។ បើ​មិន​អញ្ចឹង ​ការ​ចរចា​គ្មានន័យអ្វីទាំងអស់»។

ជម្រោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ បាន​ផ្ទុះ​ឡើង​ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​របស់​ ប្រទេស​កម្ពុជា​បាន​ចុះ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅក្នុង​ខែ​កក្កដា ​ឆ្នាំ២០០៨។

ចាប់​តាំង​ពី​ជម្លោះ​បាន​ចាប់ផ្តើម​ឡើង​ កងទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់​ជម្លោះ​ ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ និង​ការ​វ៉ាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ បាន​សម្លាប់​កងទ័ព​យ៉ាង​តិច​ ប្រាំបី​នាក់។ ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ បាន​ឈ្លោះ​ដណ្តើម​ដី​ទំហំ​៤,៦គីឡូម៉ែត្រការ៉េ​នៅក្បែរ​ ប្រាសាទ​ព្រះវិហារ​។

XS
SM
MD
LG