ទីក្រុងបាងកក៖ រដ្ឋាភិបាលថៃកំពុងបង្កើនការប្រឹងប្រែងដើម្បីឲ្យមានការដោះលែងជនជាតិថៃ៧នាក់ ដែលបានឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់។
លោក ប៉ានីតាន វឌ្ឍនាយ៉ាកន (Panitan Wattanayagorn) អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា មន្ត្រីនានាកំពុងប្រឹងប្រែងតាមលទ្ធភាពគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យជនជាតិថៃ៧នាក់នោះបានវិលត្រឡប់ទៅមាតុភូមិវិញ។
«យើងតាំងចិត្តជួយជនជាតិថៃទាំង៧នាក់នេះ។ នេះជាអាទិភាពរបស់យើង។ ជាការណ៍ពិតណាស់ យើងចង់ឲ្យគេបានវិលត្រឡប់មកវិញ។ យើងពិតជាគោរពដំណើរការការងារ និងអធិបតេយ្យភាពប្រទេសកម្ពុជា ហើយនឹងច្បាប់ និងដំណើរការយុត្តិធម៌របស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា ប្រសិនបើករណីនេះមិនមានការជឿនលឿនទៅមុខ (ទៅកាន់តុលាការទេ) ដូច្នេះអ្នកទាំងនេះអាចនឹងត្រូវដោះលែង»។
កងទ័ពកម្ពុជាបានចាប់ខ្លួនអ្នកទាំង៧នាក់នេះកាលពីថ្ងៃទី២៩ ខែធ្នូ។ អ្នកទាំងនេះដឹកនាំដោយលោក ប៉ានីច វីគិតស្រេត(Panich Vikitsreth) តំណាងរាស្ត្រថៃដែលមានតួនាទី នៅក្នុងគណៈកម្មការមួយរបស់រដ្ឋាភិបាល ទទួលបន្ទុកដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា។
លោកប៉ានីតានបានបដិសេធរបាយការណ៍ព័ត៌មានដែលថា លោកនាយករដ្ឋមន្ត្រីអាភីស៊ីត វីចាជីវ៉ា (Abhisit Vejjajiva)បានបញ្ជាឲ្យលោកប៉ានីច ធ្វើដំណើរទៅព្រំដែននោះ។ លោកប៉ានីតាន និយាយថា ក្រោយពីលោកប៉ានីចបានធ្វើដំណើរជិតដល់ព្រំដែនទៅហើយ ទើបលោកនាយករដ្ឋមន្ត្រីបានដឹងព័ត៌មាននេះ។
លោកនិយាយថា ក្រសួងការបរទេសនៅកំពុងស្វះស្វែងរកព័ត៌មានទាំងស្រុងអំពីទីកន្លែង ដែលក្រុមនេះត្រូវចាប់ខ្លួន នៅតាមបណ្តោយព្រំដែនក្នុងខេត្តស្រះកែវ (Sa Kaeo)ចម្ងាយ២៤៥គមខាងកើតទីក្រុងបាងកក។
ក្នុងវីដេអូផ្សាយតាមអ៊ីនធឺណិតបង្ហាញថា លោកប៉ានីចកំពុងធ្វើដំណើរទៅព្រំដែនប្រទេសកម្ពុជា។
លោកនិយាយតាមទូរស័ព្ទចល័តថា លោកបានឆ្លងព្រំដែនចូលក្នុងទឹកដីកម្ពុជា ហើយលោកប្រាប់លោកស៊ុមគៀត ក្រុងវ៉ាតាណាស៊ុក (Somkiat Krongwatanasuk) លេខាធិការរបស់លោកនាយករដ្ឋមន្ត្រី។
លោកប៉ានីចបានទូរស័ព្ទទៅជំនួយការរបស់លោក ដើម្បីជម្រាបលោកអាភីស៊ីត វីចាជីវ៉ា ថា លោកបានឆ្លងដែនចូលក្នុងប្រទេសកម្ពុជា ហើយឲ្យហៅទូរស័ព្ទប្រាប់លោក ស៊ុមគៀត ប្រសិនបើមានបញ្ហា។ លោកនិយាយថា ពួកគេបានឆ្លងចូលព្រំដែន ហើយកំពុងព្យាយាមពិនិត្យបង្គោលព្រំដែន ដែលនៅក្នុងទឹកដីថៃ ក៏ប៉ុន្តែលោកនិយាយថាបច្ចុប្បន្នតំបន់នោះកាន់កាប់ដោយទាហានកម្ពុជា។
បន្ទាប់មកក្រុមនេះបានដើរចូលទៅក្នុងភូមិមួយក្បែរនោះ ដែលក្រុមនេះអះអាងថា កាលពីមុនជាទឹកដីរបស់ថៃ ហើយពួកគេក៏ទំនងជាត្រូវឃាត់ខ្លួនដោយទាហានកម្ពុជានៅទីនោះ។
ក្រុមអ្នកជាតិនិយមមួយមានផែនការធ្វើការតវ៉ានៅព្រំដែន ក៏ប៉ុន្តែកងទ័ពថៃនិយាយថា ខ្លួននឹងរារាំងមិនឲ្យមានការប្រមូលផ្តុំគ្នាក្នុងតំបន់នោះទេ។ អភិបាលខេត្តស្រះកែវ(Sa Kaeo)ក៏បានព្រមានថា ក្រុមបាតុករអាចបង្កបញ្ហាសម្រាប់ប្រជាជនក្នុងតំបន់នោះ។
ក្រុមអ្នកជាតិនិយមនេះអះអាងថា អ្នកទាំង៧នាក់នេះត្រូវគេឃាត់ខ្លួនក្នុងទឹកដីថៃ។ ក្រុមនេះបានចោទថា ប្រទេសកម្ពុជាទន្ទ្រានទឹកដីថៃ។ វីសារ៉ាក់ សម្រិត(Wesarak Samrith) គឺជាមេដឹកនាំក្រុមអ្នកជាតិនិយម ហើយលោកបានថ្លែងសុន្ទរកថានៅកន្លែងប្រមូលផ្តុំគ្នាកាលពីថ្ងៃច័ន្ទនៅទីក្រុងបាងកក។
«ប្រទេសកម្ពុជានិយាយថា ជនជាតិថៃចូលក្នុងប្រទេសខ្លួន ប៉ុន្តែតាមពិត គឺជាទឹកដីថៃ គឺជាទឹកដីថៃទេ។ យើងរង់ចាំរដ្ឋាភិបាលដោះស្រាយបញ្ហានេះ។ ខ្ញុំសុំឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងប្រជាជនថៃរបស់យើង ដោយគ្មានលក្ខខណ្ឌ ពីព្រោះនោះជាទឹកដីថៃ ប៉ុន្តែរដ្ឋាភិបាលមិនទទួលស្គាល់ដូច្នេះ»។
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃបានប្រសើរឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះក្រោយពីមានការតានតឹងអស់រយៈពេល២ឆ្នាំ។ ទំនាក់ទំនងប្រទេសទាំងពីរបានធ្លាក់ចុះក្នុងឆ្នាំ២០០៨ដោយសារមានជម្លោះទាក់ទងនឹងដីនៅជុំវិញប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាអាយុ៩០០ឆ្នាំនៅជាប់ព្រំដែន។ ភាពតានតឹងបានធ្ងន់ធ្ងរឡើងកាលពីឆ្នាំទៅដោយសារទស្សនកិច្ចទៅប្រទេសកម្ពុជាដោយលោកថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃដែលមានទោសត្រូវចាប់ខ្លួនក្នុងប្រទេសថៃពីបទពុករលួយ៕
ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ៕