នាយករដ្ឋមន្ដ្រីថៃ លោកស្រី យីងឡឹក ស្ហ៊ីណាវ៉ាត់ បានផ្អាកកិច្ចសន្យាដែលបានធ្វើកាលពីពេលឃោសនារកសម្លេងឆ្នោត ដែលថានឹងបង្កើតតំបន់រដ្ឋបាលពិសេសដល់ខេត្ដភាគខាងត្បូងប្រទេសដែលមានការរំជើបរំជួល។ អ្នកវិភាគនយោបាយនិយាយថា ការបះបោរមិនឈប់ឈរនៅក្នុងតំបន់ដែលមនុស្សភាគច្រើនជាជនអ៊ីស្លាមម៉ាឡេ អាចដោះស្រាយបាន លុះត្រាតែមានការអនុញាតឲ្យមានទ្រង់ទ្រាយណាមួយនៃការគ្រប់គ្រងដោយខ្លួនឯង។ រដ្ឋាភិបាលនេះ មិនមានការលើកទឹកចិត្ដ ដើម្បីផ្លាស់ប្ដូរស្ថានការនៅទីនោះទេ។
នៅក្នុងការឃោសនារកសំឡេងឆ្នោតរបស់គណបក្ស ភឿ ថៃ កាលពីដើមឆ្នាំ គេប្រឹងប្រែងស្វែងរកការគាំទ្រពីជនជាតិថៃនៅតំបន់ភាគខាងត្បូងប្រទេស ដែលជាប្រពៃណី មិនធ្លាប់គាំទ្រគណបក្សនេះទេ។
គណបក្សភឿថៃ ចង់ប្រគល់ខេត្ដបីនៃភាគខាងត្បូងប្រទេសឲ្យទៅជាតំបន់រដ្ឋបាលពិសេស។ ខេត្ដណារាធីវ៉ាត ប៉ាតានី និងខេត្ដយ៉ាឡាជាផ្នែកមួយដំបន់ ស៊ូលតង់ មូស្លិម ដែលត្រូវបានប្រទេសថៃបញ្ចូលជាឧបសម្ពន្ធ កាលពីជាងមួយសតវត្សរ៍មកហើយ។
ចាប់តាំងពីឆ្នាំ២០០៤ មក ក្រុមបះបោរបានបើកយុទ្ធនាការឃោរឃៅប្រឆាំងវប្បធម៌ថៃនិយមសាសនាព្រះពុទ្ធ នៅក្នុងចំណោមជនជាតិម៉ាឡេម៊ូស្លីមភាគច្រើន។ កាលពីដើមខែនេះ នាយករដ្ឋមន្ដ្រីលោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត់ ថ្លែងថា រដ្ឋាភិបាលរបស់លោកស្រីមិនមានផែនការផ្ដល់ឋានៈពិសេសដល់ខេត្ដទាំងនោះទេ។
អ្នកស្រី រុងក្រាវី ឆាឡឹម ស៊ីពិងយ៉រ័ត្ន ជាអ្នកវិភាគនយោបាយរបស់ប្រទេសថៃធ្វើការឲ្យអង្គការក្រុម វិបត្ដអន្ដរជាតិ International Crisis Group។
«នេះដោយសារតែមួយផ្នែក មកពីរដ្ឋាភិបាលដឹកនាំដែលដោយគណបក្សភឿថៃ មិនបានឈ្នះឆ្នោត ទទួលយកកៅអីណាមួយ មកពីតំបន់ភាគខាងត្បូង។ ហើយគេមិនឃើញអ្វី ដែលមានចំណេញនយោបាយពីដំបន់នោះទេ»។
គណបក្សរបស់លោកស្រីយីងឡាក់ ស្ហ៊ីណាវ៉ាត់ មិនមានប្រជាប្រិយភាពនៅតំបន់ភាគខាងត្បូងប្រទេសទេនៅពេលមុនការបោះឆ្នោត ដោយសារតែមានការបង្រ្កាបដ៏ឃោរឃៅ នៅជំនាន់របបគ្រប់គ្រងរបស់បងប្រុស របស់លោកស្រី កាលពីប៉ុន្មានឆ្នាំមុន។
តែទោះជា វាមិនធ្វើឲ្យមានចំណេញនយោបាយដល់គណបក្សភឿថៃក៏ដោយ អ្នកវិភាគនិយាយថា ការអនុញាតឲ្យតំបន់ភាគខាងត្បូងគ្រប់គ្រងដោយខ្លួនឯង អាចជួយកំចាត់ការបះបោរដែលមានរយៈពេល ៧ ឆ្នាំនៅទីនោះ ដែលបានបំផ្លាញជីវិតមនុស្សជិត ៥.000 នាក់។
ទាហានរាប់ពាន់ម៉ឺននាក់ ស្ថិតនៅតំបន់ភាគខាងត្បូងដើម្បីរក្សាសន្ដិសុខ ដោយគេប្រើច្បាប់គ្រាអាសន្ដ ដែលផ្ដល់អភ័យឯកសិទ្ធិដែលមិនអាចកាត់ទោសបាន។
ក្រុមការពារសិទ្ធិមនុស្សនិយាយថា ច្បាប់នោះបើកផ្លូវឲ្យមានបទរំលោភតាមផ្លូវការ នៅពេលគេបង្រ្កាបការបះបោរ។
Donnal Guest ជានាយិការងនៃកម្មវិធី អាស៊ីរបស់អង្គការAmnesty International។ អ្នកស្រីថ្លែងនៅក្លិបអ្នកយកព័ត៌មានបរទេសក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះថា កងកម្លាំងសន្ដិសុខនៅតែប្រព្រឹត្ដការធ្វើទារុណ្ឌកម្ម និងបទរំលោភលើសិទ្ធិមនុស្សដទៃទៀត។
«សេចក្ដីរាយការណ៍របស់អង្គការ Amnesty International កត់សម្គាល់ថា គ្មាននរណាម្នាក់បានត្រូវចាប់ឲ្យទទួលខុសត្រូវក្នុងការធ្វើទារុណកម្មមកលើជនសង្ស័យទេ។ ហើយជាងពីរឆ្នាំមកហើយ អំពើនោះនៅតែមានជាបន្ដ»។
ក្នុងសប្ដាហ៍នេះ អង្គការ Amnesty International ឲ្យដឹងថា ជនរងគ្រោះពីរភាគបី នៅតំបន់ភាគខាងត្បូង ជាជនស៊ីវិល ភាគច្រើនជាក្រុមអ៊ីស្លាម ដែលគេមើលឃើញថា ជាអ្នកធ្វើការសហការណ៍ជាមួយរដ្ឋាភិបាល ឬ មិនបានគាំទ្រការបះបោរ។
អ្នកស្រី Guess ថ្លែងថា កាលពីប្រាំឆ្នាំកន្លងទៅនេះ ការវាយប្រហាររបស់ក្រុមបះបោរ តម្រង់ទៅរកទិសដៅខ្សោយ ដូចជា កសិករ សាលារៀន អ្នករកស៊ី ព្រះសង្ឃ និងមន្ដ្រីរាជការ។
«ខណៈដែលក្រុមបះបោរ មិនបានលាតត្រដាងឲ្យឃើញមូលហេតុច្បាស់លាស់នៃហិង្សា គោលការណ៍ ឬ ការទាមទារទិសដៅនេះ ការវាយប្រហារទាំងនោះ ច្រើនតែតម្រង់ទៅរកការរីកសាយភាយភេរវកម្មដល់ជនស៊ីវិល។ ការវាយប្រហារដូច្នោះ ជាបទឧក្រិដ្ឋសង្រ្គាម»។
អ្នកវិភាគនិយាយថា មួយផ្នែកនៃបញ្ហានៃការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងអំពើឃោរឃៅនៅក្នុងខេត្ដភាគខាងត្បូង គឺការខ្វះកិច្ចប្រឹងប្រែងធ្វើការសម្របសម្រួលគ្នាឲ្យបានសមរម្យ។
នៅដើមខែនេះ ប៉ូលិសបានដាក់កំហុសមកលើការវាយប្រហារដាក់គ្រាប់បែកផ្ទុះ លើយុទ្ធនាការរបស់រដ្ឋាភិបាលប្រឆាំងនឹងក្រុមរត់គ្រឿងញៀន ដែលបានសម្លាប់មនុស្ស ៧ នាក់ រាប់ទាំងជនជាតិម៉ាឡេ ៥ នាក់ផង។
តែក្រសួងមហាផ្ទៃ បានបដិសេធការពាក់ព័ន្ធដូច្នោះ ហើយនិយាយថា អំពើឃោរឃៅនោះទាក់ទងទៅនឹងការយល់ឃើញថា មានអយុត្ដិធម៌ អសមភាព និងការលំបាកសេដ្ឋកិច្ច។
ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីដោះស្រាយការខ្វែងគំនិតគ្នានោះ រដ្ឋាភិបាលបានរៀបចំគម្រោងការបើកឲ្យមានមជ្ឈមណ្ឌលថ្មី សម្រាប់ការសម្របសម្រួលគ្នា និងការបញ្ចូលនយោបាយ និងកិច្ចប្រតិបត្ដិការ នៅភូមិភាគខាងត្បូង។
ស្រ្ដីអ្នកនាំពាក្យរបស់រដ្ឋាភិបាល Thitima Chaisang ថ្លែងថា ទីភ្នាក់ងារពីរទទួលខុសត្រូវដល់សន្ដិសុខ និងការអភិវឌ្ឍន៍ គឺបញ្ជាការនៃកិច្ចប្រតិបត្ដិការសន្ដិសុខផ្ទៃក្នុង និងមជ្ឈមណ្ឌលរដ្ឋបាលខេត្ដនៅតាមព្រំដែនខាងត្បូងមិនដែលនិយាយរកគ្នាទេ។ អ្នកស្រីនិយាយថា មជ្ឈមណ្ឌលនេះនឹងលើកតម្កើងឲ្យមានកិច្ចប្រតិបត្ដិការប្រសើរឡើង។
«រដ្ឋាភិបាលមានចិត្ដព្រួយបារម្ភអំពីសន្ដិសុខ ព្រមទាំងការអភិវឌ្ឍន៍ ហើយនឹងយុត្ដិធម៌ដល់ជនរស់នៅក្នុងភូមិភាគខាងត្បូង។ នេះហើយជាមធ្យោបាយដែលរដ្ឋាភិបាលចង់បាន»។
អាជ្ញាធរថៃបានចង្អុលយ៉ាងឆាប់រហ័សថា ចំនួនមនុស្សស្លាប់ប្រចាំឆ្នាំបានចុះថយ ដោយបញ្ជាក់ថា ទោះបីជាមានអំពើឃោរឃៅបន្ដទៅទៀតក៏ដោយ ក៏ស្ថានការណ៍បានប្រសើរជាងមុនដែរ។
តែអ្នកវិភាគ អ្នកស្រី រុងក្រវី ថ្លែងថា កិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរដល់ការសម្របសម្រួល ក្នុងចំណោមទីភ្នាក់ងារផ្សេងៗ មិនបាននាំឲ្យបញ្ចប់អំពើឃោរឃៅទេ ដោយសារតែនយោបាយទូទៅរបស់រដ្ឋាភិបាល នៅតែដដែលគ្មានការផ្លាស់ប្ដូរ។
«បើរដ្ឋាភិបាលនៅតែប្រើមធ្យោបាយដដែល ទោះជាគេរៀបចំរចនាសម្ព័ន្តនៃប្រព័ន្ធការិយាធិបតេយ្យបែបណាក៏ដោយ បើគេមិនចាប់ផ្ដើមបង្កើតនយោបាយថ្មីទេ យើងមិនអាចមើលឃើញការបញ្ចប់ជម្លោះនៅតំបន់ភាគខាងត្បូងនោះទេ»។
អ្នកស្រី រុងក្រវី ថ្លែងថា សេចក្ដីសង្ឃឹមណាមួយដើម្បីសន្ដិភាព ពឹងផ្អែកលើទ្រង់ទ្រាយនៃវិមជ្ឈការអំណាច ហើយនិងការបើកឲ្យមានការចចារគ្នាតាមផ្លូវការជាមួយក្រុមបះបោរ។
ប្រែសម្រួលដោយ អ៊ូ ធួក