ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថៃ​​ស្វែងរក​​ការ​សះស្បើយ​ពី​ការ​បែកបាក់​ជាតិ​មុន​ការ​បោះឆ្នោត


បាតុករ​ថៃ​កំពុង​តែ​ធ្វើ​ការ​តវ៉ានៅ​ទី​ក្រុង​បាង​កក។​​
បាតុករ​ថៃ​កំពុង​តែ​ធ្វើ​ការ​តវ៉ានៅ​ទី​ក្រុង​បាង​កក។​​

ពីរឆ្នាំ​ក្រោយ​ពី​នាយក​រដ្ឋមន្ដ្រី​ Abhisit Vejjajiva ​ឡើង​កាន់​អំណាច​ រដ្ឋាភិបាល​របស់​លោក ​និង​ក្រុម​ជំទាស់​ បាន​រៀប​ចំ​ខ្លួន​ដើម្បី​ចូល​រួម​ក្នុង​ការបោះឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្ដ​ធ្វើ​ក្នុង​រយៈ​ពេល​១៤​ខែ​ខាង​មុខ​នេះ។ តែ​ដំបូង​ រដ្ឋាភិបាល​មាន​ចិត្ដ​ចង់​ផ្សះផ្សារ​ការ​បាក់បែក​គ្នា​នៅ​ក្នុង​សង្គម​ ដើម្បី​ធានា​ថា ការ​បោះឆ្នោត​នោះ ​នឹង​មិន​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នយោបាយ​ច្រើន​ឡើង​ថែម​ទៀត​ទេ។

នាយករដ្ឋមន្ដ្រី​ Abhisit ​Vejjajiva ​បាន​ថ្លែង​សង្កត់​អំពី​ការ​ចំណេញខ្លាំង​មក​លើ​សេដ្ឋកិច្ច​កើត​មាន​ឡើងនៅ​ក្នុង​រដ្ឋបាល​អាណត្ដិ​ទីពីរ​ហើយ​និង​កម្មវិធី​កែ​ទម្រង់​សង្គម។

សេដ្ឋកិច្ច​ថៃ​បាន​លូត​លាស់​ជិត​៨ភាគរយ​ ក្នុង​ឆ្នាំ​២០១០ ​ដោយ​មាន​អត្រា​គ្មាន​ការងារ​ធ្វើ​ចុះទា​ប​ និង​ ការ​នាំ​ទំនិញ​លក់​ទៅ​បរទេស​មាន​កម្រិត​ខ្ពស់។នៅ​ក្នុង​សន្ទរកថា​ថ្លែង​ពេល​ថ្មី​ៗ​អំពី​កិច្ចការ​ប្រចាំ​ឆ្នាំ លោក ​Abhisit​បាន​ចង្អុល​បង្ហាញ​កម្មវិធី​ជួយ​ជន​ក្រី​ក្រ​ រាប់ទាំង​ការ​អប់រំ​ជា​មួលដ្ឋាន​ដោយ​មិន​បង់​លុយ​ ជួយ​ជន​ជរា​ ​និង​គាំ​ទ្រ​កសិករ។

អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល ​លោក ​Panitan ​Wattanayagorn ​ថ្លែង​ថា​សេដ្ឋកិច្ច​ប្រសើរ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​រៀប​ចំ​ការបោះឆ្នោត​ ដែល​នឹង​ប្រព្រឹត្ដ​ធ្វើ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១២។

«ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ដ​ធ្វើ​ជា​មិន​ខាន។​ នា​យក​រដ្ឋមន្ដ្រី​បាន​និយាយច្បាស់​ហើយ​ថា​ លោក​នឹង​បញ្ជូន​សារ​ប្រាប់​ពល​រដ្ឋ​ថៃ​ឲ្យ​ប្រុងប្រៀប​ខ្លួន។ ការ​ងើប​សេដ្ឋកិច្ច​ឡើង​វិញនេះបង្ហាញ​ច្បាស់​ថា ​យើង​ធ្វើ​បាន​សម្រេច​ដូច្នោះ។ ​ទីពីរ វា​ពិត​ហើយ​ថា ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ត្រូវ​សរសេរ​បញ្ចប់​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។ កិច្ចការ​ចុង​ក្រោយ ដែល​ត្រូវ​បំពេញ​ គឺ​ការ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សន្ដិវិធី​ និង​ស្ថេរភាព»។

លោក​ Abhisit ​បាន​ដឹក​នាំ​រដ្ឋាភិបាល​ចម្រុះ​ ដែល​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០០៨​ ក្រោយ​ពី​តុលាការ​បាន​សម្រេច​បណ្ដេញ​ រដ្ឋាភិបាល​ពីរ ​ដែល​គាំ​ទ្រអ​តី​ត​នាយក​រដ្ឋ​មន្ដ្រី​ Thaksin ​Shinawatra។ ​លោក​ថាក់​ស៊ិន បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​អំ​ណាច​ក្នុង​ឆ្នាំ​២០០៦​ ដោយ​រដ្ឋ​ប្រហារ​យោធា។ នៅថ្ងៃច័ន្ទ លោក Abhisitបាន​បដិសេធ​ការ​សន្និដ្ឋាន​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​ថា លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ឆាប់ ​មុន​ពេល​កំណត់។សប្ដាហ៍​នេះ​បញ្ចប់​ឆ្នាំ​ដ៏​ឃោរឃៅ​បំផុត​នៅ​ក្នុង​នយោបាយរ​បស់​ប្រទេស​ថៃ​ កើត​ឡើង​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ។​ ​ការ​តវ៉ាប្រឆាំង​ដឹក​នាំ​ដោយ​ គណបក្ស​រណៈសិរ្ស​រួបរួម​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ ​បាន​ធ្វើ​ការ​កៀប​សង្កត់​ឲ្យរដ្ឋាភិបាល​ចុះ​ចេញ​ពី​តំណែង​ ហើយ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត។ ជាង​ពីរ​ខែ​ ក្រុម​បាតុករ​រាប់​ពាន់​នាក់​ ដែល​គេស្គាល់ថា ​ក្រុម​អាវក្រហម​ បាន​ចូល​មក​កាន់​កាប់​កណ្ដាល​ក្រុង​បាងកក។

នៅ​ចុង​ខែ​ឧសភា​ យោធា​បាន​វាយ​បំបែក​ក្រុម​បាតុករ។ ការ​វាយ​បង្រ្កាប​នោះ​ ព្រម​ទាំង​បាតុកម្ម​ច្រើន​សប្ដាហ៍​មុន​ពេល​នេះ ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​៩២​នាក់​ស្លាប់ ​និង​ជាង​២​ ពាន់នាក់​របួស ​ទាំង​ជន​សីវិល​ ទាំង​ទាហាន។

ក្រុម​បាតុករ​អាវ​ក្រហម​៤រយ​នាក់​ ព្រម​ទាំង​មេដឹក​នាំ​បាន​ត្រូវ​ចាប់​ឃុំ​ភាគ​ច្រើន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម។ រួច​ប្រទេស​ថៃ ​នៅ​តែ​បាក់​បែក​យ៉ាង​ជ្រាល​ជ្រៅ​រវាង​ក្រុម​អាវក្រហម​ និង​ ក្រុម​តវ៉ា​មួយ​ទៀត​គេ​ស្គាល់​ថា ក្រុម​អាវលឿង​ដែល​បណ្តេញ​លោក​ Thaksin​ និង​ក្រុម​អ្នក​ស្នង​តំណែង​ជំនួស​លោក ​ធ្លាក់​ចេញ​ពី​អំណាច។

លោក ​Kudeb ​Saikrajang ​សមាជិក​ម្នាក់​របស់​គណបក្ស​ប្រឆាំង ​និយម​លោក​Thaksin​ គឺ​គណបក្ស​ ​Puea​ Thai និយាយ​ថា​ គណបក្សរ​បស់​លោក​ប្រុង​ប្រៀប​ហើយ​ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត។ ​តែ​លោក​មិន​សង្ឃឹម​ថា នឹង​មាន​ការបោះឆ្នោត​ឆាប់​ទេ។

«យើង​មិន​មាន​ជំនឿ​ថា ​ការ​បោះ​ឆ្នោត​អាច​ធ្វើ​ទៅ​បាន​មុន​បញ្ចប់​អាណត្ដិ​ទេ ពី​ព្រោះ​គណបក្ស​ចម្រុះ​ចង់​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​កាន់​អំណាច​ពេល​មួយឆ្នាំទៀត»។

លោក​ Kudeb​ និយាយ​ថា​ គណបក្ស​របស់​លោក ​រួប​រួមគ្នា ហើយលោកThaksin ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​មេ​ដឹក​នាំ​ជា​ច្រើន​នាក់។

គណបក្សរណៈសិរ្ស​រួបរួម​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ Thida​ Thavornseth ​នឹង​គាំ​ទ្រ​គណបក្ស ​Puea ​Thai ​ក្នុង​ការបោះ​ឆ្នោត។ Thida​ និយាយ​ថា គេ​នឹង​សហការ​គ្នា​ ដើម្បី​ធានា​ថា ​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​រណៈសិរ្ស​រួបរួមគ្នា ​នឹង​ជា​ការ​ប្រមូលផ្តុំ​ដោយសន្ដិភាព​ជា​មិនខាន។

«យើង​មានយុទ្ធ​សាស្រ្ដ​មួយ​ដែល​យើង​ហៅ​ថា​ ជើង​ពីរ។ ​ជើង​មួយ​គឺ​ចលនា​របស់​ក្រុម​អាវក្រហម​ ហើយ​ជើង​មួយ​ទៀត​គឺ​គណបក្ស។ នៅ​ក្នុង​រដ្ឋសភា យើង​ប្រើ​ជើង​ទាំងពីរ»។

សេច​ក្ដី​ព្រួយ​បារម្ភ​ជា​ទូ​ទៅ​អំពី​អនាគត​នយោបាយ​របស់​ប្រទេស​ថៃ​គឺ ​ថា​តើ​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មការរ​ដ្ឋាភិបាល​មក​លើ​ការ​បង្ហូរ​ឈាម​នៅ​ឆ្នាំ​នេះ​ អាច​បង្ករ​ឲ្យ​សហគមន៍​មាន​ការ​ទុក​ចិត្ត​មុន​ពេល​បោះឆ្នោត​ ឬ​ទេ​?​លោក​ Somchai ​Homla-or ​មេធាវី​សិទ្ធិមនុស្ស និង​ជា​សមាជិក​នៅ​ក្នុង​គណៈកម្មការស៊ើបអង្កេតមាន​ការ​ទុក​ចិត្ដ​ថា ​ការ​ផ្សះផ្សា​គ្នា​អាច​សម្រេចទៅ​បាន។

«ក្នុង​ចំណោម​គណបក្ស​ទាំង​ឡាយ​ដែល​ប្រឆាំង​គ្នា ​ខ្ញុំ​មាន​ជំនឿ​ថា ​ភាគ​ច្រើន​នៃ​ក្រុម​ទាំង​នោះ​មិន​ជា​អ្នក​ចង់​ប្រើ​អំពើ​ឃោរឃៅ​ទេ ​ ហើយ​គេជាមិត្ដភ័ក្ត្រ​គ្នា។ គេ​មាន​គោល​ការណ៍ដូច​គ្នា​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិប​តេយ្យ។ ​គេ​ចង់​ឃើញ​ប្រទេស​ថៃ​រៀបចំ​ឲ្យ​មាន​និរន្ដរភាព។ ​គេ​ចង់​ឃើញ​ប្រទេស​ថៃ​ជា​សង្គម​យុត្ដិធម៌ ​ ស្រឡាញ់​គ្នា​ ហើយ​មានចិត្ដ​ករុណា»។

លោក ​Somchai​ និយាយ​ទៀត​ថា មេដឹកនាំ​របស់​គណបក្ស​ រណៈសិរ្ស​និយម​លទ្ធិប្រជាធិប​តេយ្យ​បាន​និយាយប្រាប់លោកថា​ គេ​ប្រកាន់​គោល​ជំហ​រតាម​ផែនការ​ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សន្ដិវិធី។​តែលោក ​Chris​ Baker​ អ្នក​និពន្ធ​និង​អ្នក​អធិប្បាយ​អំពី​នយោ​បាយថៃ​មាន​ការ​មន្ទិល​សង្ស័យ​ថា គណៈកម្មការ​នឹង​មិន​អាច​បន្ធូរ​ភាព​តានតឹង​មុន​ការ​បោះឆ្នោត​បាន​ទេ។

«មនុស្ស​ក្នុង​គណបក្ស​ទាំង​ពីរ​បាន​សម្រេច​ចិត្ដ​របស់​គេ​រួច​ទៅ​ហើយ​ ចំពោះ​មតិ​របស់​គេ​នោះ អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង។ ​មនុស្ស​ភាគ​ច្រើន​មាន​ការ​សង្ស័យ​ធ្ងន់ធ្ងរ​ថា គណៈកម្មការ​បែប​នេះ ​នឹង​មិន​អាច​នាំ​ឲ្យ​មាន​អ្វី​ប្លែក ឬ​ថ្មី​ ដែល​គួរ​ឲ្យ​ទុក​ចិត្ដ​បាន​ទេ។ វា​ជា​ការ​ល្អបំ​ផុត​ បើ​គេ​អាច​ធ្វើ​អ្វី​ដែល​គ្រប់​ៗ​គ្នា ​ឬ​មនុស្ស​ជា​ច្រើន​ អាច​យល់​ស្រប​អំពី​អ្វីមួយ​នោះ តែ​ខ្ញុំ​យល់​ថា​ វា​មិន​អាច​កើត​ឡើង​បាន​ឡើយ»។

នៅ​ក្នុង​ថ្ងៃ​ទី​១ខែ​មករា​ ​ រដ្ឋាភិបាល​នឹង​រៀបចំ​ឲ្យ​មាន​ផែនការ​ផ្សះ​ផ្សារ​ជាតិ​ដើម្បី​លើក​តម្កើង​សមភាព​ និង​យុត្ដិធម៌។​ តែ​មា​នអ្នកវិ​ភាគ​ និង​ អ្នកនយោបាយ​ខ្លះ​មាន​ការ​ភ័យ​ខ្លាច​ថា​ ​លទ្ធផល​មាន​សភាព​ស្ដួច​ស្ដើងពេក​ក្នុង​ការ​ផ្សះផ្សារ​ការ​ខ្វែង​គំនិត​ឲ្យ​បាន​មុន​ពេល​ដែល​គណបក្ស​នយោបាយ​ទាំងអស់​ ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ដើម្បី​ដណ្ដើម​យក​សិទ្ធិ​ គ្រប់គ្រង​ប្រទេស​ដែល​បាក់បែកគ្នានោះ។

ប្រែ​សម្រួល​ដោយ​លោក ​អ៊ូ ​ធួក៕

XS
SM
MD
LG