អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) កំពុងជំរុញឲ្យរដ្ឋាភិបាលថៃកាត់ទោសអ្នកទទួលខុសត្រូវចំពោះការសម្លាប់ក្នុងអំឡុងពេលនៃបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំទៅ។ អង្គការសិទ្ធិមនុស្សនោះក៏បានប្រាប់ឲ្យដឹងដែរថា រដ្ឋាភិបាលថៃជាអ្នកទទួលខុសត្រូវចំពោះការបង្ក្រាបដែលបន្តកើតមានឡើងដែលដៅទៅលើអ្នកប្រឆាំងនៅពេលការបោះឆ្នោតជាតិនឹងត្រូវបានរៀបចំក្នុងពេលឆាប់ៗខាងមុខ។
អង្គការឃ្លាំមើលសិទ្ធមនុស្ស ប្រាប់ឲ្យដឹងថា រដ្ឋាភិបាលថៃបរាជ័យក្នុងការស៊ើបអង្កេតឲ្យបានពេញលេញនូវអំពើហឹង្សានយោបាយកាលពីឆ្នាំទៅដែលយោធា និងបាតុករនៃគណៈបក្សប្រឆាំង ត្រូវបានបន្ទោសពីបទបង្កឲ្យមានអំពើហឹង្សានោះ។
កាលពីឆ្នាំទៅបាតុករប្រឆាំងរដ្ឋាភិបាលរាប់ម៉ឺននាក់ដែលគេស្គាល់ថា ក្រុមអាវក្រហមបានកាន់កាប់ផ្លូវនានាក្នុងទីក្រុងបាងកក ដោយទាមទារឲ្យមានការបោះឆ្នោតជាថ្មី។
បន្ទាប់ពីភាពទាល់ច្រកអស់រយៈពេលមួយខែចាប់ពីខែមិនាដល់ខែឧសភារដ្ឋាភិបាលបានបញ្ជាឲ្យយោធាបញ្ចប់បាតុកម្ម។ ការប៉ះទង្គិចដែលបានកើតមានឡើងបានសម្លាប់មនុស្ស៩០នាក់ ដែលភាគច្រើនជាជនស៊ីវិល។
លោក ព្រែដ អាដាមស៍ (Brad Adams) ជាប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស ទទួលបន្ទុកកិច្ចការអាស៊ី បានប្រាប់សន្និសីទព័ត៌មានក្នុងទីក្រុងបាងកកថា អ្នកបាញ់ស៊ីបយោធាទំនងបានបាញ់ជនស៊ីវិល។ លោកថ្លែងដូច្នេះថា៖
«រដ្ឋាភិបាលមិនអាចគ្រាន់តែនិយាយថា ជាការប៉ុនប៉ងបោសសំអាតបាតុករចេញពីផ្លូវនានាក្នុងទីក្រុងបាងកកទេ ទាហានខ្លះប្រហែលជាបានធ្វើហួសពីបញ្ជា។ រដ្ឋាភិបាលបានផ្តល់បញ្ជាទាំងនោះហើយកងទ័ពបានដាក់អ្នកបាញ់ស៊ីបនៅកន្លែងទាំងនោះ ហើយមានមនុស្សស្លាប់»។
លោក អាដាមស៍ មានប្រសាសន៍ថា ប្រវត្តិគ្មានទោសពៃរ៍របស់កងទ័ពកំពុងធ្វើមិនឲ្យមានការជឿនលឿនដល់នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅក្នុង
ប្រទេសថៃ។ លោកនិយាយថា រដ្ឋាភិបាលបានតែងតាំងគណៈកម្មការស្វែងរកការពិត និងការផ្សះផ្សារជាតិដែលត្រូវបានមិនអើពើដោយពួកយោធា ហើយមិនបានផ្តល់ធនធានគ្រប់គ្រាន់ដើម្បីស៊ើបអង្កេតអំពើហិង្សាឲ្យបានពេញលេញ។
លោក ថានី ថុងផាកឌី (Thani Thongphakdi) អ្នកនាំពាក្យក្រសួងការបរទេសថៃ បានការពារចំណាត់ការរបស់រដ្ឋាភិបាល។ លោកថ្លែងថា៖
«ព្រិត្តិការណ៍ដែលបានកើតមានឡើងជាការច្របូកច្របល់។ មានករណី មួយចំនួនដែលមានភាពមិនច្បាស់លាស់ ទាំងមកពីសាក្សីក៏ដូចជាភ័ស្តុតាងនៃការធ្វើកោសល្យវិច្ច័យ នៅពេលដែលគេបានឃើញមនុស្សស្លាប់ និងរងរបួសយ៉ាងច្រើននោះ។ ខ្ញុំគ្រាន់តែនិយាយឡើងវិញថា ការស៊ើបអង្កេតមិនទាន់បិទនៅឡើយទេ។ វាកំពុងបន្ត។ ហើយ យើងសង្ឃឹមថា ការសន្និដ្ឋាន អាចនឹងត្រូវបានធ្វើឡើងនៅពេលឆាប់ៗនេះ»។
សេចក្តីរាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធមនុស្ស ក៏បានរិះគន់មេដឹកនាំអាវក្រហមខ្លះចំពោះអំពើហឹង្សានោះដែរ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនោះបានប្រាប់ឲ្យដឹងទៀតថា មេដឹកនាំខ្លះបានស្វាគមន៍សមាសភាពប្រដាប់អាវុធជាសាធារណៈដែលគេស្គាល់ថា ជាពួកអាវខ្មៅដែលបានប្រយុទ្ធជាមួយទាហានថៃ។
នៅពេលដែលយោធាចាត់វិធានាការដើម្បីបញ្ចប់បាតុកម្ម អង្គការឃ្លាំមើលសិទ្ធិមនុស្សឲ្យដឹងថា មេដឹកនាំអាវក្រហមបានលើកទឹកចិត្តឲ្យមានការលួចប្លន់ហើយនឹងការលួចដុតដែលបានបំផ្លាញកន្លែងពាណិជ្ជកម្ម និងអគាររាប់សឹបនៅកណ្តាលទីក្រុងបាងកក។
លោក អាដាមស៍ ក៏បានរឹះគន់យុទ្ធនាការណ៍របស់រដ្ឋាភិបាលពីការចាប់ពិរុទ្ធគណៈបក្សប្រឆាំងដោយប្រើប្រាស់ច្បាប់ការពាររាជាធិបតេយ្យពីការប្រមាថមើលងាយ ឬ Lese Majeste ។ លោក អាដាមស៍ថ្លែងថា៖
«ការបង្ក្រាបលើអ្នកប្រឆាំងនៅតែបន្តមានឡើង។ រដ្ឋាភិបាលបានប្រើប្រាស់ច្បាប់តាមទំនើងចិត្តដើម្បីបង្ក្រាបការនិយាយស្តី ដោយខ្លួនឯង បានប្រើប្រាស់ច្បាប់ Lese Majeste ក្នុងគោលបំណងខាងនយោបាយរដ្ឋាភិបាល និងបានដៅទៅលើភាគីម្ខាង។ យើងមានពួកអាវក្រហមយ៉ាងច្រើនដែលត្រូវបានចាប់ខ្លួនចំពោះអ្វីដែលបានកើតមានឡើងក្នុងពេលបាតុកម្មហើយយើងមិនមានមនុស្សណាម្នាក់ខាងរដ្ឋាភិបាលដែលត្រូវទទួលខុសត្រូវទេ»។
លោក ថានីបានការពាររដ្ឋាភិបាលចំពោះការបិទកន្លែងបោះពុម្ភ ស្ថានីយវិទ្យុ និងគេហទំព័ររាប់រយចាប់តាំងពីមានការប្រឆាំងតវ៉ាមក ដោយនិយាយថា ការណ៍នេះធ្វើឡើងនៅក្រោមនីតិរដ្ឋ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន