រដ្ឋាភិបាលថ្ងៃបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីលោកត្រូវបានគេដកចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី។ ការលាលែងពីតំណែងរបស់លោកនេះបានធ្វើឡើងនៅចំពេលដែលប្រទេសថៃកំពុងស្វះស្វែងជួយដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការលាលែងពីតំណែងដោយមិនរំពឹងទុករបស់លោកនេះបានធ្វើឱ្យក្រសួងការបរទេសថៃខ្វះចង្កូតដឹកនាំដោយសារលោក Parnpree គឺជាអ្នកដឹកនាំក្រុមអំពីកិច្ចការមីយ៉ាន់ម៉ានិងកាលពីខែមុនបានចាប់ផ្ដើមអនុវត្តគម្រោងផ្ដួចផ្ដើមមនុស្សធម៌មួយដែលមានបំណងត្រួសត្រាយផ្លូវសម្រាប់ការពិភាក្សារវាងភាគីសង្គ្រាមនានានៅមីយ៉ាន់ម៉ាបន្ទាប់ពីប្រទេសនេះបានរងគ្រោះដោយសារអស្ថិរភាពនិងអំពើហិង្សានៅក្រោយរដ្ឋប្រហារមក។
លោក Parnpree ក៏មានតួនាទីសំខាន់ផងដែរនៅក្នុងការធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំងជនជាតិថៃរាប់សិបនាក់ដែលត្រូវបានក្រុមហាម៉ាស់ (Hamas) ចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា (Gaza)។
នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានទទួលយកលិខិតសុំលាលែងពីតំណែងរបស់លោក Parnpree។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Chai បានបន្ថែមថា៖ «ការលាលែងពីតំណែងរបស់លោក Parnpree នឹងមិនប៉ះពាល់ដល់កិច្ចការរបស់រដ្ឋាភិបាលផ្នែកការបរទេសនោះទេ ដោយសារតែរដ្ឋលេខាធិការអចិន្ត្រៃយ៍និងមន្ត្រីនៃក្រសួងការបរទេសថៃអាចធ្វើកិច្ចការនេះជំនួសបាន»។
ការលាលែងពីតំណែងរបស់លោក Parnpress នេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដែលក្នុងនោះរួមមានទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃដូចជាលោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ផងដែរ ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃថាវាជារឿងដែលមិនរំពឹងទុក។
លោក Parnpree មិនអាចត្រូវបានទាក់ទងបានទេដើម្បីសុំអត្ថាធិប្បាយលើរឿងនេះ៕
វេទិកាបញ្ចេញមតិ