លោកស្រីYingluck Shinawatra មេដឹកនាំគណបក្សភឿថៃដែលបានទទួលជ័យជំនះក្នុងការបោះឆ្នោតនៅប្រទេសថៃកាលពីថ្ងៃអាទិត្យ បានប្រកាសផែនការបង្កើតរដ្ឋាភិបាលចម្រុះសំឡេងភាគច្រើនថ្មីនៅក្នុងសភា។ ការប្រកាសរបស់លោកស្រីបានកើតមានឡើងនៅពេលដែលនាយករដ្ឋមន្រ្តីចេញពីតំណែងAbhisit Vejjajiva មេដឹកនាំគណបក្សប្រជាធិបតេយ្យបានប្រកាសការលាចេញពីដំណែងរបស់លោកជាមេដឹកនាំបន្ទាប់ពីការទទួលបរាជ័យរបស់គណបក្សនៅក្នុងការបោះឆ្នោត។
លោកស្រី Yingluck Shinawatra មេដឹកនាំគណបក្សភឿថៃនិយាយថាលោកស្រីត្រៀមខ្លួនជាស្រេចហើយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលមានគណបក្ស៥ចូលរួម។ ការប្រកាសរបស់លោកស្រីបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីគណបក្សរបស់លោកស្រីបានទទួលជ័យជំនះដ៏ច្រើនលើសលុបនៅក្នុងការបោះឆ្នោតជាតិដោយមានការគាំទ្រយ៉ាងខ្លាំងពីតំបន់ខាងជើងនិងឦសាននៃប្រទេសថៃ។ លទ្ធផលក្រៅផ្លូវការបង្ហាញថាគណបក្សរបស់លោកស្រី បានទទួលអាសនៈ២៦៤ក្នុងសភាដែលមានសមាជិក៥០០នាក់។
លោកស្រី Yingluck ដែលនឹងប្រុងប្រៀបក្លាយជានាយករដ្ឋមន្រ្តីស្រ្តីលើកដំបូងរបស់ប្រទេសថៃបានប្រាប់សន្និសិទកាសែតក្នុងទីក្រុងបាងកកនៅថ្ងៃច័ន្ទនេះថាគោលដៅរបស់រដ្ឋាភិបាលថ្មី គឺដោះស្រាយបញ្ហានានាដែលប្រជារាស្រ្តថៃប្រឈមមុខ។
លោកស្រី Yingluck មានប្រសាសន៍ថាគណបក្សភឿថៃនិងគណបក្ស៤ផ្សេង ទៀតមានគោលបំណងតែមួយគឺធ្វើការគ្រប់គ្រងប្រទេសនិងធ្វើការដោះស្រាយ បញ្ហារបស់ប្រជារាស្រ្ត។ ប៉ុន្តែ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា ពួកគេត្រូវរង់ចាំលទ្ធផលបោះឆ្នោតផ្លូវការមកពីគណៈកម្មការរៀបចំការបោះឆ្នោត។
លោកស្រីមានប្រសាសន៍ទៀតថាគោលដៅជាបន្ទាន់ដែលរដ្ឋាភិបាលកំពុងប្រឈមមុខរួមមានការផ្សះផ្សាជាតិ ការប្រុងប្រៀបធ្វើពិធីចម្រើនព្រះជន្ម៨៤ព្រះវស្សារបស់ព្រះមហាក្សត្រថៃ ការរើបឡើងវិញនូវសេដ្ឋកិច្ច ការជួយបុគ្គលិកស៊ីវិលហើយនឹងដោះស្រាយអំពើពុករលួយ។គណបក្សចម្រុះ អាចមានអាសនៈ២៩៩ក្នុងសភាដែលមានសមាជិក៥០០។
នៅព្រឹកថ្ងៃនេះ នាយករដ្ឋមន្រ្តីនិងមេដឹកនាំគណបក្សប្រជាធិបតេយ្យចេញពីតំណែង Abhisit Vejjajivaបានប្រកាសការលាចេញពីតំណែងបន្ទាប់ពីគណបក្សបានទទួលបរាជ័យក្នុងការបោះឆ្នោតនៅចុងសប្តាហ៍។
លោក Abhisit មានប្រសាសន៍ថាលទ្ធផលក្រៅផ្លូវការបង្ហាញថាគណបក្សមិនបានទទួលអាសនៈដូចការបោះឆ្នោតឆ្នាំ២០០៧ទេ។ ជាលទ្ធផល លោកត្រូវទទួលខុសត្រូវចំពោះការបរាជ័យនេះ ហើយលោកលាចេញពីតំណែងជាមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ។
ការលាលែងពីតំណែងរបស់លោកនឹងតម្រូវឲ្យសមាជិកទាំងអស់របស់គណៈកម្មការគណបក្សក៏ត្រូវលាលែងពីតំណែងដែររហូតដល់មានគណៈកម្មការថ្មីមួយត្រូវបានជ្រើសរើស។
ផ្នែកទីផ្សារហិរញ្ញវត្ថុមានប្រតិកម្មជាវិជ្ជមានចំពោះជោគជ័យក្នុងការបោះឆ្នោតនេះ ដោយហេតុថា ប្រាក់បាតថៃ ហើយនឹងផ្សារស្តុកក្នុងស្រុករឹងមាំខ្លាំងឡើង។ អ្នកវិភាគនិយាយថា អ្នកវិនិយោគទុនបរទេសកំពុងវិលត្រឡប់មករកទីផ្សារក្នុងប្រទេសថៃវិញ ក្រោយពីស្ថានភាពមិនច្បាស់លាស់មុនការបោះឆ្នោតបានកន្លងផុតទៅ។
លោក Supavud Saicheua នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនមូលបត្រមួយឈ្មោះ Phatra Securities និយាយថា ការចាប់ផ្តើមបង្កើតរដ្ឋាភិបាលចម្រុះឲ្យបានឆាប់ បានបង្ហាញថា ស្ថិរភាពនយោបាយនឹងមានក្នុងពេលឆាប់ៗខាងមុខនេះ។
«ការដែលគណបក្ស Pheu Thai អាចឈ្នះការបោះឆ្នោតដោយសំឡេងភាគច្រើននេះធ្វើឲ្យទីផ្សារមានជំនឿ។ ការបង្កើតរដ្ឋាភិបាលថ្មីឆាប់ៗប្រហែលជានឹងមិនមានបញ្ហាទេ។ មានឱកាសច្រើនណាស់ដែលថា គេអាចបង្កើតរដ្ឋាភិបាលក្នុងពេលដ៏ឆាប់។ ដូច្នេះយើងនឹងមានរដ្ឋាភិបាលចម្រុះ របស់អ្នកស្រី Yingluck ក្នុងពេល៥ឬ៦សប្តាហ៍»។
ប៉ុន្តែអ្នកវិភាគនិយាយថា មានការប្រឈមមុខខ្លះៗសម្រាប់រដ្ឋាភិបាលថ្មី ដូចជាការភ័យខ្លាចអំពីអតិផរណា នៅពេលរដ្ឋាភិបាលថៃដឹកនាំដោយគណបក្ស Pheu Thaiចាប់ផ្តើមធ្វើតាមពាក្យសន្យាក្នុងការបោះឆ្នោតដែលថា ខ្លួននឹងបង្កើនប្រាក់ឈ្នួល នឹងដំឡើងថ្លៃអង្ករទ្វេដង។
លោកស្រី Yingluck គឺជាប្អូនស្រីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានទម្លាក់ពីតំណែងដោយសាររដ្ឋប្រហារមួយកាលពីឆ្នាំ២០០៦ ហើយលោកបានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ២០០៨។ លោកនៅប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំក្នុងប្រទេសថៃពីបទពុករលួយ។ គណបក្សបានពិភាក្សាអំពីលទ្ធភាពលើកលែងលោកលោកថាក់ស៊ីន និងអ្នកផ្សេងទៀតដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍នានាតាំងពីមានរដ្ឋប្រហារនោះមក។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីនេះបាននិយាយថា លោកចង់វិលត្រឡប់ទៅប្រទេសថៃវិញ តែលោកមិនមានផែនការទៅវិញឆាប់ៗទេ៕
ប្រែសម្រួលដោយជឹង ប៉ូជីននិងពិន ស៊ីសុវណ្ណ