គណៈកម្មការរៀបចំការបោះឆ្នោតប្រទេសថៃបានពន្យារពេលការបញ្ជាក់ជាត្រឹមត្រូវនូវជ័យជម្នះ ទាំងរបស់នាយករដ្ឋមន្រ្តីជាប់ឆ្នោត យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ទាំងរបស់អតិតមេដឹកនាំ អាភីស៊ិត វិចាជីវ៉ា (Abhisit Vejjajiva) ដោយបាននិយាយថា គណៈកម្មការកំពុងតែពិនិត្យមើលការតវ៉ាអំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត។ លោកស្រី យីងឡាក់ មិនចាត់ទុកសេចក្តីសម្រេចនេះថាជារឿងសំខាន់ទេ តែនេះគឺគ្រាន់តែបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលលោកស្រីកំពុងជួបប្រទះមុននិងអាចបង្កើតរដ្ឋាភិបាលថ្មីមួយបាន។
គណៈកម្មការរៀបចំការបោះឆ្នោតប្រទេសថៃកំពុងធ្វើការស៊ើបអង្កេតពាក្យតវ៉ាអំពីភាពមិនប្រក្រតីនិងការលួចបន្លំនៅក្នុងការបោះឆ្នោតនៅថ្ងៃទី៣កក្កដា ហើយបានផ្អាកការប្រគល់ជ័យជម្នះជូនមេដឹកនាំគណបក្សភឿថៃវ័យ៤៤ឆ្នាំ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ។
លោកស្រី យីងឡាក់ និងអ្នកកាន់តំណែងបច្ចុប្បន្នដែលទទួលបរាជ័យ គឺលោក អាភីស៊ិត វិចាជីវ៉ា ជាបេក្ខជនពីរនាក់ក្នុងចំណោមបេក្ខជនជាង ១៤០នាក់ ដែលមិនទាន់បានទទួលការបញ្ជាក់អំពីជ័យជម្នះរបស់ខ្លួននៅឡើយ សម្រាប់តំណែងនៅក្នុងសភាតំណាងរាស្រ្តដែលមានអសនៈចំនួន៥០០។
លទ្ធផលក្រៅផ្លូវការបង្ហាញថាគណបក្សលោកស្រី យីងឡាក់ បានឈ្នះអសនៈ២៦៥ នៅក្នុងការបោះឆ្នោត។ លោកស្រីបាននិយាយកាលពីថ្ងៃពុធថា លោកស្រីនៅមានសេចក្តីទុកចិត្តថាគណៈកម្មការនឹងយល់ព្រមទទួលយកជ័យជម្នះរបស់លោកស្រី។ លោកស្រីនិយាយថា ការពន្យារពេលបែបនេះជាការធម្មតា។
ជ័យជម្នះរបស់គណបក្ស ភឿថៃ ស្ថិតនៅលើគោលនយោបាយប្រជាប្រិយនិយម រួមមានការសន្យាថានឹងតម្លើងប្រាក់ឈ្នួលអប្បបរមាពី៥ ដុល្លារ ទៅ ១០ដុល្លារ តម្លើងតម្លៃអង្ករ តម្លើងថវិកាសម្រាប់កម្មវិធីអភិវឌ្ឍជនបទ ផ្តល់កម្មវិធីថែទាំសុខភាពតម្លៃថោក និងផ្តល់កុំព្យូទ័រតូចៗ (Tablet Computer) ទៅឲ្យកូនសិស្ស។
ក្រុមអ្នកវិភាគនយោបាយនិយាយថា ការពន្យារពេលការប្រគល់ជ័យជម្នះនេះគឺគ្រាន់តែបញ្ហាមួយក្នុងចំណោមបញ្ហាមួយចំនួនដែលលោកស្រីពាណិជ្ជករ ដែលមិនដែលបានចូលកាន់តំណែងក្នុងការិយាល័យនយោបាយពីមុនមក កំពុងប្រឈមជាមួយ។
លោក ស៊ូរ៉ាត់ ហោរាឆៃគល់ (Surat Horachaikul) ព្រឹទ្ធបុរសរងនៃសាលាវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn University) និយាយថា បញ្ហានៅមានចោទអំពីសមត្ថភាពរបស់លោកស្រី យីងឡាក់ ក្នុងការដឹកនាំរដ្ឋាភិបាល និងអំពីមុខនាទីរបស់បងប្រុសរបស់លោកស្រី គឺលោកអតិតនាយករដ្ឋមន្រ្តី ថាក់ស៊ិន ឈិនណាវ៉ាត់។
«តើលោកស្រី យីងឡាក់ នឹងដឹកនាំប្រទេសតាមរបៀបណា? តើលោកស្រីនឹងកាន់អំណាចដោយមានឬដោយមិនមានបងប្រុសរបស់លោកស្រី? រួចនៅមានសំនួរដ៏ធំមហិមាមួយ គឺថា តើលោកស្រីនឹងធ្វើយ៉ាងណា? តើលោកស្រីធ្វើដូចម្តេចដើម្បីដោះស្រាយការទាមទាររបស់បក្សពួកផ្សេងៗនៅក្នុងក្រុមអាវក្រហម ដែលគាំទ្រលោកស្រី? ឥឡូវនេះ យើងក៏អាចឃើញហើយថា ក្រុមការងារចង់បានទទួលប្រាក់ ៣០០បាតក្នុងមួយថ្ងៃសម្រាប់ប្រាក់ឈ្នួលអប្បបរមា។ នេះគឺពិតជាបញ្ហាដ៏ធំមួយ តើលោកស្រី យីងឡាក់នឹងគាំទ្រតាមរបៀបណា?»
បងប្រុសលោកស្រីត្រូវទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ ហើយកំពុងរស់នៅនិរទេសនៅទីក្រុង ឌូបាយ (Dubai) ដើម្បីជៀសវាងទោសជាប់ពន្ធនាគារអំពីបទពុករលួយ ក៏ប៉ុន្តែលោកនៅតែជាកម្លាំងដ៏ខ្លាំងមួយនៅក្នុងនយោបាយប្រទេសថៃ។
នៅក្រោយរដ្ឋប្រហារ លោក ថាក់ស៊ីន បានជួយបង្កើតរណសិរ្សប្រជាធិតេយ្យរួមប្រឆាំងអំណាចផ្តាច់ការ ឬចលនាអាវក្រហម ដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់លោកឲ្យបានត្រឡប់មកកាន់អំណាចវិញ។
ក្រុមអាវក្រហមដែលទទួលការគាំទ្រខ្លាំងពីពួកកម្មករបៀវត្សរ៍ទាបនៅតាមជនបទនៅក្នុងប្រទេសថៃភាគឦសាន បានធ្វើមហាបាតុកម្មប្រឆាំងរដ្ឋាភិបាលមួយចំនួនក្នុងឆ្នាំ២០១០ដែលបានធ្វើឲ្យគាំងក្រុងបាងកកទាំងស្រុង។
លោក ធិទីណាន់ ពង់ស៊ូឌៀរ៉ាក់ (Thitinan Pongsudhirak) អ្នកវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ ជូឡាឡុងគន និយាយថា រដ្ឋាភិបាលលោកស្រី យីងឡាក់ គួរជៀសវាងកុំផ្តាច់ពួកអាវក្រហមឲ្យនៅដាច់តែឯកឯង។
«បើសិនជាគណបក្សភឿថៃ មិនឈោងដៃឲ្យបានគ្រប់គ្រាន់ ឬមិនដោះស្រាយសេចក្តីប៉ងប្រាថ្នានិងទុក្ខវេទនារបស់ពួកគេឲ្យបានគ្រប់គ្រាន់ទេ យើងអាចមើលឃើញពួកអាវក្រហមបែកខ្ញែកគ្នាទៅគ្រប់ទិស។ បើគេមិនបង្កើតគណបក្សមួយទេ នោះពួកគេនឹងបន្តប្រមូលគ្នាពីថ្នាក់មូលដ្ឋាន ពីថ្នាក់ក្រោមបំផុត ដោយការអស់សង្ឃឹម ហើយអាចក្លាយទៅជាអង្គការប្រឆាំងមួយ អង្គការប្រឆាំងពេញលក្ខណៈមួយ ដែលក្នុងរយៈពេលយូរមិនជាការល្អទេ»។
ក៏ប៉ុន្តែក្រុមកម្មន្តសាលថៃបានព្រមានជាស្រេចហើយថា ផែនការតម្លើងប្រាក់ឈ្នួលទ្វេជាពីរ អាចធ្វើឲ្យអតិផរណាឡើងខ្ពស់ ធ្វើឲ្យតម្លៃវត្ថុប្រើប្រាស់ក្នុងស្រុកនិងទំនិញនាំចេញឡើងខ្ពស់។
ក្នុងពេលឥឡូវនេះ ក្រុមអ្នកនយោបាយ កំពុងនៅរង់ចាំសេចក្តីបញ្ជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោត។
គណៈកម្មការត្រូវគាំទ្រសមាជិកយ៉ាងតិច ចំនួន ៤៧៥ក្នុងចំណោមបេក្ខជន ៥០០នាក់ ដើម្បីឲ្យរដ្ឋសភាថ្មីអាចចាប់ធ្វើការបាននៅដើមខែសីហា។
បើសិនជាគណៈកម្មការមិនបញ្ជាក់ទទួលជ័យជម្នះរបស់បេក្ខជនមួយទេ នៅពេលនោះតុលាការរដ្ឋធម្មនុញ្ញនិងសម្រេចថាតើគួរដកសិទ្ធបេក្ខជននោះឬដូចម្តេច។ ក៏ប៉ុន្តែ ក្នុងអតីតកាលគណៈកម្មការមិនដែលបដិសេធមិនព្រមបញ្ជាក់បេក្ខជនកំពូលណាម្នាក់ទេ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ