ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធ​នៅ​ព្រំដែន​ខ្មែរ​ ថៃ នាំ​ឲ្យ​ដំណើរ​ពាណិជ្ជកម្ម​ធ្លាក់​ចុះ


Supporters of the political and religious party Jamaat-e-Islami hold party flags as they march during a rally to mark Kashmir Solidarity Day in Lahore, Pakistan.
Supporters of the political and religious party Jamaat-e-Islami hold party flags as they march during a rally to mark Kashmir Solidarity Day in Lahore, Pakistan.

ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ៖​ ព្រំដែនខ្មែរ ថៃ ​កំពុង​ស្ថិត​នៅ​ក្នុង​ភាពស្ងប់​ស្ងៀម​មិន​ប្រក្រតី​មួយ​ នៅ​ក្រោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​ក្នុង​ពេល​ថ្មីៗ​នេះ​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​និង​រាប់​សិប​នាក់​ទៀត​ត្រូវ​របួស​ នៅ​ជិត​ទឹក​ដី​ដែល​មាន​ជម្លោះ។​ មនុស្ស​ច្រើន​ពាន់​នាក់​នៅ​សង​ខាង​ព្រំ​ដែន​បាន​រត់​ភៀស​ខ្លួន​ចេញ​ពីតំបន់​ប្រយុទ្ធ​គ្នា។​ ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​កាត់​បន្ថយ​ទេសចរ​ និង​ពាណិជ្ជករ​ឆ្លង​ព្រំដែន​ដោយ​ចំនួន​ច្រើន។

នៅ​ផ្សារ​ ចុង​ចោម​ នៅ​លើ​ព្រំដែន​ខ្មែរ​-ថៃ​ កៅ​ យ៉ុងអូន​ កំពុង​ច្របាច់​ថ្នាំ ​ប៉ូលា (ខាត់) រថយន្ត​ដាក់​លើ​ក្រណាត់​សំពត់​មួយ។​ គាត់​បង្ហាញ​ថ្នាំ​របស់​គាត់​ដល់​អ្នក​សារព័ត៌មាន និង​អ្នក​ឈរ​មើល​ពីរ​បី​នាក់​ ដោយ​ប៉ូលា (ខាត់) លើ​បំណែក​គំរូ​មួយ​នៃ​គម្រប​ម៉ាស៊ីន​ឡាន។

នៅ​ពេល​កំពុង​ខាត់​បំណែក​គំរូ​នោះ​ កៅ យ៉ុងអូន​ និយាយ​ថា​ ជួន​កាល​លោក​អ្នក​ត្រូវ​ដាក់ទឹក​ថ្នាំស​ពីរ​ជាន់​ ដែល​មាន​តម្លៃ ៦​ ដុល្លារ​ក្នុង​មួយ​ដប។​ តែ​ឥឡូវ​គាត់​បង្ហាញ​ថា ថ្នាំ​នេះ​អាច​បំបាត់​ឆ្នូត​តូចៗ​ខ្លះ​បាន​ផង។

តែ​ជា​រឿង​អាភ័ព្វ​ ទី​ផ្សារ​ដែល​ធម្មតា​មាន​ពាណិជ្ជករ​ខ្មែរ និង​ថៃ​លក់​ដូរ​កុះករ​ ឥឡូវ​ស្ទើរ​តែ​នៅ​ស្ងាត់​ជ្រងំ​ ហើយកៅ​ យ៉ុងអូន​ ក៏​គ្មាន​ភ្ញៀវ​ដែរ។

នៅ​ពេល​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នារវាង​កង​ទ័ពថៃ និង​ខ្មែរ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​មុន​ មនុស្ស​នាំ​គ្នា​រត់​ចោល​ហាង​ជា​ច្រើន​រយ​ហាង ​ទៅ​រក​សុវត្ថិភាព។​ មក​ដល់​ថ្ងៃ​ពុធ​នេះ​ ហាង​ភាគ​ច្រើន​នៅ​បិទ​ទ្វារ​នៅ​ឡើយ។​ គាត់​និយាយ​ថា​គាត់​ចង់​ឲ្យ​ភាគី​ទាំង​សងខាង​ចរចា​គ្នា​ ដើម្បី​ឲ្យ​គាត់​អាច​ត្រឡប់​ទៅធ្វើ​ការ​រកស៊ី​វិញ​ឲ្យ​បាន​ឆាប់។

នៅ​កន្លែង​ឆែក​អន្តោប្រវេសន៍​ ជាំ​ ស្រងាំ​ មនុស្ស​ឆ្លង​ព្រំដែន​បាន​ចុះ​ថយ​ពី​ ៥០​ នាក់​មក​នៅ​មិន​ដល់​ ១០​ នាក់​ផង​ក្នុង​មួយ​ថ្ងៃ។

លោក​ ប៉ាន់សាក់​ កាសិមស៊ុន​ (Pansak​ Kasemsant)​ ស្នងការ​រង​នៃ​ការិយាល័យ​អន្តោប្រវេសន៍​និយាយ​ថា​ គ្មាន​ទេសចរ​ទេ​ ចាប់​តាំង​ពី​ថ្ងៃ​សុក្រ។​ លោក​និយាយ​ថា​ចំនួន​ទេសចរ​បាន​ចុះ​ថយ​ ដោយ​មក​ពី​ស្ថានការណ៍នៅ​មិន​ច្បាស់​លាស់។​ ក៏​ប៉ុន្តែ​លោក​ពោល​ថា​ តាម​ពិត​ទៅ​ ឥត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទី​នេះ​ទេ។​ កន្លែង​ដែល​មាន​បញ្ហា​កើត​ឡើង​ គឺ​នៅ​ចម្ងាយ​ ៩០​ គីឡូម៉ែត្រ​ពី​កន្លែង​ឆែក​ឆេរ។

ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទឹក​ដីដែល​មាន​ជម្លោះ​នៅ​ជុំវិញ​ប្រាសាទ​បូរាណ​អាយុ​ ៩០០​ ឆ្នាំ​ ដែល​គេ​ស្គាល់​ថា​ព្រះវិហារ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ និង​«ប្រះវិហាន»​ នៅ​ក្នុង​ប្រទេស​ថៃ។

ប្រទេស​ខ្មែរ និង​ថៃ​មាន​ទាហាន​ដាក់​ពង្រាយ​នៅ​ជិត​ប្រាសាទ​នេះ​ ដែល​បណ្តាល​ឲ្យ​មាន​ការ​បាញ់​ត​គ្នា​ម្តង​ម្កាល។​ ការ​វាយ​ប្រយុទ្ធកាល​ពី​ដំណាច់​សប្តាហ៍​មុន​នេះ ​ជា​ការ​វាយ​ប្រយុទ្ធ​ដ៏​ខ្លាំង​បំផុត​ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​ភាគី​ទាំង​សង​ខាង​បាន​ប្រើ​កាំភ្លើង​ធំ និង​កាំភ្លើងយន្ត។​ មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​បាត់​បង់​ជីវិត​ និង​រាប់​សិប​នាក់​ទៀត​ត្រូវ​របួស​ ហើយ​អ្នក​ស្រុក​អ្នក​ភូមិ​ជា​ច្រើន​ពាន់​នាក់​បាន​រត់​ចេញ​ពី​ព្រំដែន។

ក្នុង​ឆ្នាំ​ ១៩៦២​ តុលាការ​អន្តរជាតិ​ បាន​កាត់​សេចក្តី​ថា​ ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ ក៏​ប៉ុន្តែ​ផ្លូវ​ចូល​សំខាន់​មួយ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។​ ជម្លោះ​អំពី​រឿង​ព្រំដែន​នៅ​ជិត​ផ្លូវ​ចូល​នេះ​ បាន​នៅ​ស្ងប់​ស្ងៀម​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ រហូត​មក​ដល់​ឆ្នាំ​ ២០០៨​ នៅ​ពេល​ដែល​អសប​ផ្តល់​ឋានៈ​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដល់​ប្រាសាទ​នេះ​តាម​សេចក្តី​សុំ​របស់​ប្រទេស​កម្ពុជា។

ការ​ផ្តល់​កិត្តិយស​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ជាតិនិយម​ថៃ​ខ្លះ​មាន​កំហឹង​ ហើយ​តាំង​ពី​ពេល​នោះ​មក​ ក៏​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ម្តង​ម្កាល​រវាង​យោធា​ទាំង​ពីរ​នៅ​ជុំវិញ​តំបន់​នោះ។​ រួច​ជម្លោះ​នៅ​តំបន់​ដទៃ​ទៀត​នៃ​ព្រំដែន​ក៏​ចាប់​ផ្ទុះ​ឡើង​ដែរ។

នៅ​ទី​ក្រុង​បាំងកក​ អ្នក​ជាតិនិយម​មួយ​ក្រុម​បាន​ធ្វើ​បាតុកម្ម​នៅ​ជុំ​វិញ​ការិយាល័យ​ធំៗ​របស់​រដ្ឋាភិបាល​ ដើម្បី​ទាម​ទារ​ឲ្យ​ប្រទេស​ថៃ​បោះ​បង់​ចោល​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ​ដែល​ថៃ​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០០​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន។

ទោះ​បី​នៅ​មាន​ភាព​តាន​តឹង​នេះ​ក៏​ដោយ​ ក៏​មាន​ទេសចរ​ថៃ​យ៉ាង​តិច​មួយ​ក្រុម​បាន​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ។​ លោក​ ធូវីស៊ិន​ ស៊ូវាត់ថាណា​ (Thaveesilp​ Suvwattana)​ ជា​សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​ម្នាក់​នៅ​សាកលវិទ្យាល័យ​ មហាសារ៉ាខាំ​ (Mahasarakham)​ នៃ​ប្រទេស​ថៃ។​ លោក​បាន​នាំ​និស្សិត​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​របស់​លោក​ឲ្យ​ទៅ​រៀន​អំពី​វប្បធម៌​និង​ប្រវត្តិសាស្រ្ត​រួម​គ្នា​រវាង​ប្រទេស​ថៃ​និង​កម្ពុជា។

«បើ​លោក​អ្នក​ចង់​ដឹង​អំពី​ប្រវត្តិសាស្រ្ត​របស់​ថៃ​ ជា​ផ្នែក​មួយនៃ​ប្រវត្តិសាស្រ្ត​នេះ​ លោក​អ្នក​គួរ​ដឹង​អំពី​ប្រទេស​កម្ពុជា​ គឺ​ខ្មែរ​។​ ខ្ញុំ​ក៏​អាច​និយាយ​ថា​ជា​ប្រវត្តិសាស្រ្ត​ខ្មែរ​បាន​ដែរ​ ពីព្រោះ​ លោក​អ្នក​ដឹង​ទេ​ ពួក​គេ​ធ្លាប់​ត្រួត​ត្រា​ទឹក​ដី​យើង​ក្នុង​ប្រទេស​ថៃ​ កាល​ពី​ពេល​មុន។​ ហើយ​លោក​អ្នក​ដឹង​ទេ​ វត្ថុ​ជា​ច្រើន​ ដូចជា ​បូរាណវត្ថុ​ វត្ថុ​ដទៃ​ទៀត​ គឺ​មាន​ចេញ​មក​ពី​វប្បធម៌​ខ្មែរ»។

លោក​ ធូវីស៊ិន​ ពោល​ថា​ ជម្លោះ​ព្រំដែន​ គឺ​ជារឿងនយោបាយនិង​រឿង​ជាតិនិយម​ ដោយ​ប្រជាពលរដ្ឋ​នៃ​ភាគី​ទាំង​សងខាង​យក​ប្រវត្តិសាស្រ្ត​ទៅ​បក​ស្រាយ​ដើម្បី​គោល​បំណង​នយោបាយ​លាក់​បាំង​ផ្ទាល់​របស់​ខ្លួន។

លោក​ ធូវីស៊ិន​ បន្ថែម​ថា​ ប្រទេស​ថៃ​និង​កម្ពុជា​គួរ​ទទួល​យករឿង​ពី​អតីតកាល​ ដោយ​បោះ​បង់​ចោល​ជម្លោះ​ក្នុង​ប្រវត្តិសាស្រ្ត​ ហើយ​ធ្វើ​ការ​ចរចា​គ្នា​ ដើម្បី​ស្ថាបនា​អនាគតមួយ​ប្រកប​ដោយ​សន្តិភាព​ ក្នុងឋានៈ​ជា​ប្រទេស​ជិត​ខាងនឹង​គ្នា៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG