ច្រកឆ្លងកាត់ព្រំដែនទាំងពីររវាងប្រទេសកម្ពុជា និងប្រទេសថៃដែលបច្ចុប្បន្ននេះ កំពុងបើកប្រតិបត្តិការតែ ៧ម៉ោងក្នុងមួយថ្ងៃនិង៤ថ្ងៃក្នុងមួយសប្តាហ៍នឹងត្រូវបង្កើនថ្ងៃនិងម៉ោងបន្ថែមទៀតដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនិងកំណើនទេសចរណ៍បន្ទាប់ពីមានការអនុញ្ញាតឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមកទស្សនាប្រទេសផងគ្នាដោយមិនចាំបាច់សុំទិដ្ឋាការនៅស្ថានទូតឬ នៅកន្លែងច្រកឆ្លងកាត់ព្រំដែនទេ។
ប្រទេសកម្ពុជា និងប្រទេសថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការនៅក្នុងកិច្ចប្រជុំ កំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong លើកទីបួននៅក្នុង ទីក្រុងភ្នំពេញនៅថ្ងៃទី១៦ ខែវិច្ឆិកា។
ច្រកឆ្លងកាត់ព្រំដែនពីរគឺច្រកភ្នំដីនៅក្នុងស្រុកសំពៅលូននៃខេត្តបាត់ដំបងនិងច្រកបឹងត្រកួននៅក្នុងស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ។ ច្រកឆ្លងកាត់ព្រំដែនទាំងពីរនេះមានព្រំដែនជាប់ជាមួយខេត្តស្រះកែវរបស់ប្រទេសថៃ។ រួចឆ្លងកាត់ព្រំដែនទាំងពីរនេះបច្ចុប្បន្នកំពុងបើកប្រតិបត្តិការចាប់ពីម៉ោង៩ព្រឹកដល់ ម៉ោង៤រសៀលនិងចាប់ពីថ្ងៃអង្គារ៍ដល់ថ្ងៃសុក្រក្នុងមួយសប្តាហ៍។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីខេត្ត។
លោកគឹម ណន អភិបាលរងខេត្តបាត់ដំបងបានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថាការបន្ថែមការបើកច្រកឆ្លងកាត់ ព្រំដែនជារៀងរាល់ថ្ងៃនេះសំដៅជំរុញសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការដឹកជញ្ជូនទំនិញនិងផលិតផលកសិកម្មឆ្លងកាត់ព្រំដែននិងកំណើនភ្ញៀវទេសចរណ៍។
«ការបន្ថែមការបើកច្រកព្រំដែននេះមានគោលបំណងចង់ជំរុញវិស័យពាណិជ្ជកម្ម ការដោះដូរទំនិញគ្នាទៅវិញទៅមកនិងជំរុញកំណើនភ្ញៀវទេសចរណ៍ចូលមកប្រទេសកម្ពុជាឱ្យបានច្រើន។ ទីមួយចង់បន្ថែមថ្ងៃចេញ-ចូល និងទីពីរបង្កើនម៉ោងចេញចូលឱ្យបានច្រើនជាងមុនតាមច្រកព្រំដែននេះ»។
លោកគឹម ណន បានបញ្ជាក់ថាចំនួនភ្ញៀវទេសចរណ៍ថៃជិត៣០០នាក់ដែលបានឆ្លងកាត់ច្រកភ្នំដីចូល មកក្នុងប្រទេសកម្ពុជាក្នុងមួយថ្ងៃបានកើនជាង៥០ភាគរយចាប់តាំងពីការឆ្លងកាត់ព្រំដែនដោយគ្មាន ទិដ្ឋាការបានចូលជាធរមាននៅថ្ងៃទី១៦ខែធ្នូ។
លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាភ្ញៀវទេសចរណ៍ជនជាតិថៃ រវាងពី២០០ នាក់ទៅ៣០០នាក់បានឆ្លងកាត់ព្រំដែនចូលមកក្នុងប្រទេសកម្ពុជាតាមច្រកបឹងត្រកួនក្នុងមួយថ្ងៃដែល បានកើនឡើងប្រាំមួយដង។ មុនពេលមានការលើកលែងទិដ្ឋាការនេះ ភ្ញៀវទេសចរណ៍ជនជាតិថៃជាង ៥០នាក់បានចូលមកទស្សនាប្រទេសកម្ពុជាក្នុងមួយថ្ងៃ។
លោកគឹម ណន បានថ្លែងថាភាគីថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាឯកតោភាគីចំពោះការបន្ថែមថ្ងៃនិងម៉ោងសម្រាប់ប្រតិបត្តិការបើកច្រកឆ្លងកាត់ព្រំដែនទាំងពីរនេះជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១១។ ភាគីកម្ពុជាបានយល់ព្រមជាមួយនឹងសំណើរបស់ភាគីថៃប៉ុន្តែត្រូវរង់ចាំការសម្រេចពីក្រសួង មហាផ្ទៃសិន៕