ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឧទ្ធរណ៍​ថៃ​មិន​ដាក់​ទោស​មន្ដ្រី​ប៉ូលិស​ថៃ​ម្នាក់​ក្នុង​រឿង​បាត់​ខ្លួន​មេធាវី


សកម្មជន​ស្ត្រី​ថៃ​អ៊ីស្លាម​​ម្នាក់​កាន់​សៀវភៅ​ដែល​​នៅ​លើ​គម្រប​មាន​បង្ហាញ​រូប​មេធាវី​​ថៃ​ដែល​​បាន​បាត់​ខ្លួន​​គឺ​លោក Somchai Neelapaichit។
សកម្មជន​ស្ត្រី​ថៃ​អ៊ីស្លាម​​ម្នាក់​កាន់​សៀវភៅ​ដែល​​នៅ​លើ​គម្រប​មាន​បង្ហាញ​រូប​មេធាវី​​ថៃ​ដែល​​បាន​បាត់​ខ្លួន​​គឺ​លោក Somchai Neelapaichit។

តុលាការ​មួយ​នៃ​ប្រទេស​ថៃ​បាន​ឲ្យ​ប៉ូលីស​ចុង​ក្រោយ​គេ​ម្នាក់ ​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​មេធាវី​សិទ្ធិ​មនុស្ស​នាំមុខ​ជាតិ​ថៃ​អ៊ីស្លាម​ម្នាក់​កាល​ពី​ប្រាំពីរ​ឆ្នាំ​មុន។ គ្រួសារ​របស់​មេធាវី​បាន​ប្តេជ្ញា​យក​រឿងក្តី​នេះ​ឡើង​តុលាការ​កំពូល។

តុលាការ​ឧទ្ធរណ៍​ថៃ​កាល​ពីថ្ងៃ​សុក្រ​បាន​ឲ្យ​វរសេនីយ​ត្រី​ប៉ូលីស​ម្នាក់​រួចផុត​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ប្លន់​និង​ការ​បង្ខំ​ដាក់​ពន្ធនាគារ​លោក​ Somchai​ Neelapaichit ​មេធាវី​កាន់​សាសនា​អ៊ីស្លាម​ក្នុង​ឆ្នាំ​២០០៤។​ ក៏ប៉ុន្តែ​លោក​ Ngern ​Thongsuk ​វរសេនីយ៍​ត្រី​ប៉ូលីស​មិន​បាន​ស្ថិត​នៅ​ក្នុង​តុលាការ​ដើម្បី​ស្តាប់​សាលក្រម​ទេ។ ​សាច់ញាតិ​របស់​លោក​និយាយ​ថា ​ដី​បាក់​បាន​នាំ​លោក​ទៅ​ជាមួយ​នៅ​ជិត​ផ្ទះ​របស់​លោក​នៅ​ក្នុង​ខេត្ត​ Phitsanulok ​កាល​ពី​ឆ្នាំ​២០០៨។

វរសេនីយ៍​ត្រី​ Ngern​ ហើយ​និង​មន្រ្តី​ផែ្នក​បង្រ្កាប​ឧក្រិដ្ឋកម្ម​បួន​នាក់ផ្សេងទៀត​ បាន​ទទួល​ការ​ចោទ​ប្រកាន់​ពី​ការ​ប្លន់​និង​បទ​ចាប់​ជំរិត​មនុស្ស​យក​ប្រាក់​នៅ​ក្នុង​ការ​បាត់​ខ្លួន​លោក​ Somchai ​កាលពី​ខែ​មិនា​ឆ្នាំ​២០០៤ ។​ ក្នុង​ខណៈ​ដែល​មនុស្ស​បួន​នាក់​ផ្សេង​ទៀត ​បាន​ត្រូវ​តុលាការ​ជាន់​ទាប​ឲ្យ​រួច​ទោស​ វរសេនីយត្រី​ Ngern​ បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​បី​ឆ្នាំ។

ទោះ​បី​ជា​មាន​ការ​ស៊ើប​អង្កេត​ពី​រដ្ឋាភិបាល​ជា​ច្រើន​បន្ត​បន្ទាប់​គ្នា​ក៏ដោយ​ គេ​នៅ​ពុំ​ដឹង​ថា​តើ​លោក​ Somchai ​ស្ថិត​នៅ​ទីកន្លែង​ណា​ទេ​ ហើយ​សព​របស់​លោក​ក៏​គេ​មិន​ដែល​បាន​រក​ឃើញ​ដែរ។

លោក​បាន​បាត់​ខ្លួន​ទើប​តែ​បី​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​បាន​ចោទ​ប្រកាន់​សមាជិក​ខ្លះ​របស់​កងទ័ព​ថៃ​អំពី​ការ​ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ឆ្មក់​មក​លើ​ឃ្លាំង​ផ្ទុក​គ្រាប់​របស់​កងទ័ព​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រ​ទេស​ថៃ​នៅ​ដើម​ឆ្នាំ​២០០៤។

លោក​ Sochai ​បាន​អះអាង​ថា​បុរស​កាន់​សាសនា​អ៊ីស្លាម​ប្រាំ​នាក់​ ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ពី​ការ​ពាក់​ព័ន្ធ​ការ​វាយឆ្មក់​ឃ្លាំង​ផ្ទុក​គ្រាប់​របស់​កងទ័​ព​ ជា​ជន​គ្មាន​ទោស​ពៃ​ទាំង​អស់​ ហើយ​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក។

លោក​ស្រី​ Angkhana Neelapaichi ​ជា​ភរិយា​របស់​លោក​ Somchai ​និយាយ​ថា​ក្រុម​គ្រួសារ​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់​ខ្ពស់។

«ទោះ​បី​នៅ​ទីបញ្ចប់​ខ្ញុំ​បាន​ចាញ់​រឿង​ក្តី​នេះ​ក៏ដោយ​ ក៏ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ប្រព័ន្ធ​យុត្តិធម៌​មិន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ដើម្បី​ប្រយុទ្ធ?​ វា​ហាក់​ដូចជា​ខ្ញុំ​ត្រូវ​គេ​កាត់ផ្តាច់​ចេញ​ពី​ប្រព័ន្ធ​យុត្តិធម៌​ ពី​ការប្រយុទ្ធ​ដើម្បី​យុត្តិធម៌​ទោះបី​រដ្ឋធម្មនុញ្ញ​ថៃ​ អនុញ្ញាតិ​ឲ្យ​ប្រជា​រាស្រ្តទាំង​អស់​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ក៏ដោយ។ ខ្ញុំ​មាន​ការ​ប្រាកដ​ប្រជា​អំពី​រឿង​នេះ»។

រឿងក្តី​របស់​លោក​ Somchai​ បាន​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​សាក​ល្បង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ថៃ​ក្នុង​ខេត្ត​ភាគ​ខាងត្បូង​ដែល​មាន​ភាព​វឹកវរ​ឥត​ឈប់​ឈរ​ដោយ​សារ​ការ​បះបោរ​របស់​ពួក​អ៊ីស្លាម​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​៤​ពាន់​នាក់។

នាយក​រដ្ឋមន្រ្តី ​Abhisit ​Vejjajiva ​នា​ពេល​បច្ចុប្បន្ន​ ភ្លាមៗ​បន្ទាប់​ពី​ចូល​កាន់​អំណាច​ បាន​សន្យា​ធ្វើ​ឲ្យ​មាន​ការ​ជឿនលឿន​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រឿងក្តី​នេះ។ ​ពួក​មេធាវី​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា​ ការ​ប្រញាប់​ប្រញាល់​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ក្តី​នេះ​ អាច​មាន​ន័យ​ថា​មាន​ភ័ស្តុតាង​មិន​គ្រប់គ្រាន់​ នឹង​ត្រូវ​បង្ហាញ​នៅ​តុលាការ។ ដោយ​ឲ្យ​វរសេនីយត្រី​ Ngern ​រួច​ពី​ទោសពៃរ៍​ ពួក​ចៅក្រម ​និយាយ​ថា​ដើមចោទ​បាន​បង្ហាញ​ភ័ស្តុតាង​នៃ​សេចក្តី​ថ្លែងការណ៍​ច្របូក​ច្របល់​ហើយ​បាន​ខកខាន​មិន​បាន​ពន្យល់​តុលាការ​ឲ្យ​ជឿ​ថា​ប៉ូលីស​រូបនោះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ទៅ​តាម​ការ​ចោទ​ប្រកាន់​មែនុ៕

XS
SM
MD
LG