សន្និសីទ Next Web Conference នៅទីក្រុងអាំស្ទែដាំ គឺជាសន្និសីទដែលប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យានានាដ៏ធំ។ នេះគឺជាឆ្នាំទី១១ហើយនៃការជួបជុំ រយៈពេល២ថ្ងៃ ដែលមានព្រឹត្តិការណ៍ជាច្រើនដើម្បីពិភាក្សាទៅលើបច្ចុប្បន្នកាល ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺអនាគតនៃបច្ចេកវិទ្យាឌីជីថល។
លោក Boris Veldhuijzen van Zanten នាយកសន្និសីទនេះបានថ្លែងថា យើងមិនអាចព្រងើយកន្តើយចំពោះឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថលទៅលើការរស់នៅប្រចាំថ្ងៃរបស់មនុស្សបានទៀតនោះទេ។
លោកថ្លែងថា៖
«ខ្ញុំគិតថា បច្ចេកវិទ្យាឌីជីថលកំពុងមានឥទ្ធិពលនៅគ្រប់ទិសទី ដែលយើងត្រូវ ពិចារណាធ្វើការផ្លាស់ប្តូរតាមដែលអាចធ្វើទៅបាន ហើយវាក៏ពិបាកនឹងធ្វើការទស្សន៍ទាយទុកជាមុនផងដែរ។ ដូច្នេះដោយសារតែយើងមានបច្ចេកវិទ្យានិងឧបករណ៍ថ្មីៗ យើងឃើញមានការលេចឡើងនូវលទ្ធភាពនៃការបង្កើតអ្វីដែលថ្មីច្រើនជាងមុន»។
អ្វីដែលនាំឲ្យមានការផ្លាស់ប្តូរនៅទសវត្សរ៍កន្លងទៅនេះ មានដូចជាក្រុមហ៊ុនបង្កើតថ្មី ក្រុមហ៊ុនខ្នាតតូច ដែលជាញឹកញាប់ចាប់ផ្តើមនៅក្នុងបន្ទប់គេងរបស់សិស្ស និងនិស្សិតដែលទើបតែរៀនចប់ ដែលគំនិតរបស់ពួកគេបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងពិភពលោក។ គំនិតថ្មីទាំងនេះមានចាប់តាំងពីការចែករំលែករូបភាព រហូតដល់ការណាត់ជួប និងការកក់កន្លែងស្នាក់នៅសម្រាប់ការធ្វើលំហែកម្សាន្ត។
ដូច្នេះក្រុមហ៊ុនខា្នតតូចទាំងនេះមានឱកាសក្នុងការតាំងបង្ហាញផលិតផលនិងគំនិតរបស់ពួកគេនៅក្នុងសន្និសីទនេះ ដូចជាក្រុមហ៊ុន Mixdown របស់អាល្លឺម៉ង់ ដែលបានបង្កើតកម្មវិធីដែលអ្នកអាចបង្កើតបទភ្លេងដោយខ្លួនឯងបាន។
លោក Boris ថ្លែងថា៖
«វាមានភាពងាយស្រួលខ្លាំងណាស់។ អ្នកចាប់ផ្តើមឡើងដោយការគូររូបនៅលើអេក្រង់។ ហើយបន្ទាប់មក ដើម្បីបង្កើតបទភ្លេង អ្នកគ្រាន់តែទាញសញ្ញាទាំងនោះមកដាក់លើបន្ទាត់ បន្ទាប់មកអ្នកនឹងអាចបង្កើតបទភ្លេងដែលពិរោះអស្ចារ្យបាន»។
ផ្ទុយទៅវិញ បរិយាកាសនៃការធ្វើពាណិជ្ជកម្មបង្កើតថ្មីមិនមែនសុទ្ធតែជោគជ័យនោះទេ ពិសេសនៅអឺរ៉ុប។
លោកថ្លែងថា៖
«ពីព្រោះថា ប្រសិនបើអ្នកមានតែគំនិត ហើយគំនិតរបស់អ្នកត្រូវការដើមទុននោះ អ្នកនឹងមានការលំបាកនៅក្នុងអឺរ៉ុប ពីព្រោះថា យើងត្រូវតែទាក់ទាញចំណាប់អារម្មណ៍ជាមុនសិន គឺថា យើងត្រូវដឹងពីលទ្ធភាពដែលអាចនាំយើងឈានទៅរកភាពជោគជ័យ ឬ KPI របស់យើងជាមុនសិន ហើយបន្ទាប់មកគឺយើងត្រូវទាក់ទាញរកប្រាក់។ ប្រសិនបើអ្នកត្រូវការប្រាក់ពីអ្នកវិនិយោគ អ្នកនឹងត្រូវបង្ហាញថា អ្នកនឹងទទួលបានជោគជ័យ ហើយការបង្ហាញថា អ្នកនឹងជោគជ័យគឺជាការលំបាកមួយ»។
ក្រុមហ៊ុនបង្កើតថ្មីជាច្រើនបរាជ័យ មិនមែនដោយសារបញ្ហាហិរញ្ញវត្ថុនោះទេ។ លោក Jedi Weller បានចាប់ផ្តើមពាណិជ្ជកម្មរបស់លោកកាលពី២ឆ្នាំមុន ដោយបង្កើតកម្មវិធី និងគេហទំព័រសម្រាប់ពាណិជ្ជកម្មបង្កើតថ្មីរបស់លោក។ លោកដឹងពីបញ្ហាដែលសហគ្រិនវ័យក្មេងជាច្រើនជួបប្រទះ។
លោកថ្លែងថា៖
«មានមនុស្សជាច្រើនមករកយើង ហើយនិយាយថា គេនឹងបង្កើតកម្មវិធីរបស់គេ១០០ភាគរយ ហើយបន្ទាប់មកគេនឹងដាក់វាចូលទៅក្នុងទីផ្សារ។ គំនិតនេះពិតជាមិនមានភាពប្រាកដប្រជានោះទេ។ កម្មវិធីរបស់អ្នកគួរតែទំនើបនិងមានភាពឈ្លាសវៃ។ អ្នកត្រូវបង្កើតមុខងារមួយចំនួន ហើយអ្នកត្រូវសាកល្បងប្រើប្រាស់វាសិន។ បន្ទាប់មកទើបអ្នកបង្កើតមុខងារឲ្យបានច្រើនបន្ថែមទៀត ហើយសាកល្បងប្រើប្រាស់វាទៀត។ អ្នកមិនត្រូវបង្កើតមុខងាររបស់វាម្តង១០០នោះទេ ព្រោះថា អ្នកប្រើប្រាស់ប្រហែលជាមិនចូលចិត្តនោះទេ»។
បើទោះបីជាវាមានភាពច្បាស់លាស់ថា បច្ចេកវិទ្យាឌីជីថលនឹងបន្តមានតួនាទីច្រើនជាងមុននៅក្នុងជីវិតមនុស្សក៏ដោយ ក៏មិនមានមនុស្សច្រើនហ៊ានទស្សន៍ទាយពីវាឲ្យបានជាក់លាក់នោះទេ។ ប្រហែលជាមានកម្មវិធីមួយដែលនឹងដោះស្រាយបញ្ហានេះនៅពេលអនាគត៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា