[កំណត់នៃនិពន្ធនាយក] នាង កាថឺរីន ប៊ែលីដា (Katherine Belida) គឺជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធី Language Corps ដែលត្រូវធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីបង្រៀនភាសាអង់គ្លេស។ នាងកាថឺរីន បញ្ចប់បរិញ្ញាប័ត្រផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យម៉ារីលែន (The University of Maryland)។ កាលពីនាងមានអាយុ៦ឆ្នាំ នាងត្រូវផ្លាស់ទីលំនៅទៅនៅជាមួយក្រុមគ្រួសាររបស់នាង ដែលមានឳពុកជាអ្នកយកពត៌មាននៅប្រទេសកេនីយ៉ា (Kenya) និងនៅអាហ្រ្វិកខាងត្បូង ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០០០។ នាងកាថឺរីន បានផ្តល់បទសម្ភាសន៍ជាមួយវីអូអេផ្នែកខេមរភាសា អំពីក្តីរំពឹងក្នុងការទទួលបាន និងវិភាគទានរបស់នាងចំពោះប្រទេសកម្ពុជា។
សុធារិទ្ធ៖ ហេតុអ្វីបានជាអ្នកនាងចាប់អារម្មណ៍ទៅប្រទេសកម្ពុជា?
កាថឺរីន៖ មានហេតុផលច្រើន។ ខ្ញុំចង់ដឹងអំពីតំបន់អាស៊ីអាគ្នេយ៍ជាទូទៅ។ ពេលខ្ញុំធ្វើការស្រាវជ្រាវច្រើនទៅ ខ្ញុំយល់ឃើញថា ប្រវត្តិសាស្ត្រកម្ពុជា ផ្នែកនយោបាយ គឺមានភាពត្រដាបត្រដួស និងមានការវាយប្រហារគ្នា ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើរឿងទាំងអស់នេះ។ ខ្ញុំចង់ទៅមើលឲ្យឃើញនឹងភ្នែកថា មានការផ្លាស់ប្តូរយ៉ាងដូចម្តេចទៅថ្ងៃមុខ និងកាលពី២០ឆ្នាំកន្លងទៅនេះ។ វប្បធម៌ថ្មីរបៀបនេះកើតឡើង។ ខ្ញុំគិតថា វាពិតជាសកម្ម និងគួរឲ្យចាប់អារម្មណ៍នឹងទៅទីនោះ ហើយខ្ញុំចង់ក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ។ ខ្ញុំក៏យល់ដែរថា កម្ពុជាត្រូវការគ្រូភាសាអង់គ្លេស ដោយសារតែការផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ច និងវប្បធម៌។
សុធារិទ្ធ៖ តើមានអ្វីដែលធ្វើឲ្យអ្នកនាងគិតដល់កម្ពុជាពីដំបូង?
កាថឺរីន៖ ខ្ញុំដឹងអំពីកម្ពុជា ពីភាពយន្តវាលពិឃាដ ដែលជាភាពយន្តដ៏សោកសៅ ប៉ុន្តែដោយសារខ្ញុំធំដឹងក្តីនៅក្នុងប្រទេសកេនីយ៉ា ទ្វីបអាហ្វ្រិក ក្នុងឆ្នាំ១៩៩៣ នៅពេលដែលឳពុករបស់ខ្ញុំយកព័ត៌មានអំពីប្រទេសសូម៉ាលី និងរវ៉ាន់ដា ហើយនៅព័ទ្ធទៅដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ ខ្ញុំយល់អំពីបញ្ហានេះ។ ខ្ញុំមិនចង់ធ្វើអ្វីស្រួលពេកទេ ខ្ញុំត្រូវការបទពិសោធន៍ពិត និងចង់ទៅកន្លែងដែលមានអតីភាពដ៏លំបាក។ ដូច្នេះលក្ខណៈទាំងនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ទៅប្រទេសកម្ពុជា ពីព្រោះវាជាប្រទេសមិនសូវជឿនលឿន ដែលមានប្រវត្តិសាស្ត្រគួរឲ្យចាប់អារម្មណ៍។ ខ្ញុំយល់ថា កម្ពុជាធ្វើបានល្អ ហើយខ្ញុំយល់ថា វាគួរឲ្យចង់ដឹង និងគួរឲ្យសរសើរ។
សុធារិទ្ធ៖ ដោយមានបទពិសោធន៍រស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកេនីយ៉ា និងអាហ្វ្រិកខាងត្បូង នៅពេលអ្នកនាងនៅក្មេង តើអ្នកនាងអាចស្រមៃឃើញទេថា កម្ពុជាមានសភាពដូចម្តេចទៅ?
កាថឺរីន៖ ខ្ញុំស្រមៃឃើញថា ដូចជាក្រុងណៃរ៉ូប៊ី អាស៊ីមួយ ដូចជាទីក្រុងមួយគួរជាទីចាប់អារម្មណ៍ ដែលកំពុងរីកចម្រើន និងដំណើរការ ប៉ុន្តែរញ៉េរញ៉ៃ និងស្មុគ្រស្មាញ តូច និងមិនមានសណ្តាប់ធ្នាប់ ប៉ុន្តែមានការងារច្រើនប្រភេទ។ ខ្ញុំស្រមៃឃើញថា មានផ្លូវតូចៗខ្វាត់ខ្វែង ពេញដោយម៉ូតូ ប៉ុន្តែសម្រាប់ជនបទវិញ ខ្ញុំស្រមៃឃើញថា មានវាលស្រែអាស៊ីអាគ្នេយ៍ដ៏ពិសេស និងផ្ទះបន្តុបលើសរសរ និងចំការពណ៌បៃតង។ ខ្ញុំក៏ស្រមៃឃើញថា អ្នកជំនាន់ថ្មី ក្នុងវ័យស្របាលខ្ញុំ លេចឡើង ដូចមនុស្សជំនាន់ថ្មីនៅក្នុងប្រទេសនេះដែរ។ ប៉ុន្តែខ្ញុំយល់ថា នៅកម្ពុជា វាប្រាកដជាគួរឲ្យចាប់អារម្មណ៍ជាង ដោយយកវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្ររបស់គេមកពិចារណា។ ប៉ុន្តែ អ្នកជំនាន់ថ្មីនេះ ហាក់ដូចជាជំរុញឲ្យមានអ្វីថ្មី និងផ្លាស់ប្តូរជំនាន់ដែលមិនបត់បែន។ ខ្ញុំស្រមៃឃើញថា នៅទីក្រុងការផ្លាស់ប្តូរដែលកំពុងកើតឡើងនេះ ដូចជាទិដ្ឋភាពមួយទំនើបប្លែកៗ។
សុធារិទ្ធ៖ តើអ្នកនាងមានការរំពឹងទុកថា ទទួលបានអ្វីពីការទៅធ្វើការនៅកម្ពុជា?
កាថឺរីន៖ ខ្ញុំរំពឹងថានឹងរៀនបានច្រើនអំពីខ្លួនឯង។ ខ្ញុំធ្លាប់នៅតែឯងពីមុនមក ប៉ុន្តែមិនធ្លាប់ទៅរស់នៅក្រៅប្រទេសដោយខ្លូនឯងទេ។ មិនធ្លាប់នៅជាមួយគ្រួសារដទៃទេ។ ខ្ញុំរំពឹងថា ខ្ញុំនឹងរៀនបានច្រើនអំពីខ្លួនឯង និងអំពីវប្បធម៌ និងអំពីការប្តូរគ្នាខាងផ្នែកវប្បធម៌ផ្សេងគ្នា។ កាលពីមុន ខ្ញុំមិនខ្វល់នឹងរឿងរ៉ាវជាច្រើន ដោយសារធ្លាប់យល់ថា ខ្ញុំអាចចាប់យកបានដោយងាយនូវការរស់នៅក្នុងសង្គម។ វប្បធម៌អាស៊ីមានភាពគ្នាដាច់ស្រឡះពីវប្បធម៌លោកខាងលិច គឺវប្បធម៌សមូហភាពប្រៀបធៀបទៅនឹងវប្បធម៌បុគ្គល។ ខ្ញុំយល់ថា ដំណើរនេះនឹងជាបទពិសោធន៍ដ៏ល្អសម្រាប់ជាមេរៀនសម្រាប់ខ្ញុំ ដោយនឹងបានរៀនអំពីរបៀបមនុស្សប្រាស្រ័យទាក់ទងគ្នា។ ខ្ញុំយល់ថា ខ្ញុំនឹងរៀនបានយ៉ាងច្រើន។
សុធារិទ្ធ៖ អ្នកនាងមិនធ្លាប់ទៅអាស៊ីទេ ហើយអ្នកនាងជ្រើសរើសទៅធ្វើការនៅកម្ពុជា។ យើងអរគុណអ្នកនាងយ៉ាងជ្រាលជ្រៅដែលធ្វើបែបនេះ។ តើអ្នកនាងរំពឹងថា នឹងអាចផ្តល់វិភាគទានអ្វីខ្លះដល់សង្គមដែលទើបនឹងងើបពីជម្លោះមួយនោះ?
កាថឺរីន៖ ច៎ា នេះគឺជាមូលហេតុមួយទៀតដែលខ្ញុំជ្រើសរើសយកប្រទេសកម្ពុជា ពីព្រោះ ខ្ញុំយល់ថា កម្ពុជាត្រូវការគ្រូបង្រៀនភាសាអង់គ្លេស ហើយគេត្រូវការគ្រូដែលមិនគ្រាន់តែអាចបំផុសចំណង់នៃការរៀនភាសា ប៉ុន្តែថែមទាំងអាចជួយបង្កើតសេរីភាពនៃគំនិត និងផ្តល់ឲ្យប្រជាពលរដ្ឋនូវឧបករណ៍ដែលគេត្រូវការខាងផ្នែកភាសា ដើម្បីធ្វើអ្វីដែលគេចង់ធ្វើ មិនគ្រាន់តែសម្រាប់ជីវភាពរបស់គេ ប៉ុន្តែថែមទាំងសម្រាប់ប្រទេសរបស់គេ និងរដ្ឋាភិបាលរបស់គេ។ សម្រាប់ខ្ញុំគោលបំណងពិតប្រាកដរបស់ខ្ញុំ គឺចង់បំផុសគំនិត ប្រហែលអាចល្អពេក ប៉ុន្តែខ្ញុំមិនគ្រាន់តែចង់បង្រៀនភាសាអង់គេ្លសប៉ុណ្ណោះទេ ប៉ុន្តែចង់បង្កើតការសន្ទនា បង្កើតគំនិត និងការគិតគូរ បង្កើតឲ្យមានការសួរដេញដោល និងបង្កើតឲ្យមានគំនិតរិះគន់ ពិចារណាទៀតផង។