ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជំនុំ​ជម្រះ​រឿង​ក្តី​ឧទ្ធរណ៍​របស់​លោក Charles Taylor ចាប់ផ្តើម


Charles Taylor ជា​​អតីត​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា​និង​ជា​ស្តេច​សង្គ្រាម។
Charles Taylor ជា​​អតីត​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា​និង​ជា​ស្តេច​សង្គ្រាម។

លោក Charles Taylor ដែល​មាន​វ័យ​៦៤​ឆ្នាំ​រូប​នេះ នៅ​តែ​រក្សា​ជំហរ​ដដែល​ថា លោក​គ្មាន​ទោស។

ប៉ារីស៖ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​ក្នុង​ទីក្រុង​ឡាអេ​ បាន​ជំនុំ​ជម្រះ​រឿង​ក្តី​ឧទ្ធរណ៍​របស់​អតីត​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា​និង​ជា​ស្តេច​សង្គ្រាម Charles Taylor ដែល​ត្រូវ​បាន​កាត់ទោស​នៅ​ក្នុង​ឆ្នាំ​២០១២ ពី​បទ​ដែល​លោក​មាន​ចំណែក​នៅ​ក្នុង​ការប្រើ​អំពើ​ឃោរឃៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​នៅ Sierra Leone ក្នុង​ទសវត្សរ៍​១៩៩០។

ជិត​មួយ​ឆ្នាំ ក្រោយពី​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥០​ឆ្នាំ ពី​បទ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គ្រាម​នៅ Sierra Leone លោក Charles Taylor បាន​វិល​ត្រឡប់​ចូល​តុលាការ​វិញ​នៅ​ថ្ងៃអង្គារ​សប្តាហ៍​នេះ។ លោក​បាន​ស្លៀក​សម្លៀក​បំពាក់​អាវ​ធំ​ពណ៌​ខ្មៅ​ ចង​ក្រវ៉ាត់​ក​ពណ៌​ក្រហម គ្រា​ដែល​លោក​ស្តាប់​ការចាប់ផ្តើម​បើក​អង្គ​ជំនុំ​ជម្រះ​រឿង​ក្តី​ឧទ្ធរណ៍​របស់​លោក។

នៅ​ខែមេសា ឆ្នាំ២០១២ អតីត​មេដឹកនាំ​ប្រទេស​លីបេរីយ៉ា​រូប​នេះ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ក្នុង​បទ​គាំទ្រ ជំរុញ និង​ការរៀបចំ​គំរោង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដ៏​សាហាវ​យង់ឃ្នង​នៅ Sierra Leone ដែល​ជា​ប្រទេស​ជិត​ខាង។ នៅ​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​នេះ មាន​ដូចជា​ការសម្លាប់ ការ​រំលោភ​ផ្លូវ​ភេទ និង​ការប្រើ​កុមារ​ឲ្យ​ធ្វើ​ជា​ទាហាន។

ក៏ប៉ុន្តែ លោក Charles Taylor ដែល​មាន​វ័យ​៦៤​ឆ្នាំ​រូប​នេះ នៅ​តែ​រក្សា​ជំហរ​ដដែល​ថា លោក​គ្មាន​ទោស។ ឥឡូវ​នេះ លោក​មាន​ឱកាស​ជា​ថ្មី ដើម្បី​បញ្ចុះ​បញ្ចូល​ចៅក្រម​នានា​នៅ​តុលាការ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​ថា​ លោក​គ្មាន​ទោស ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ដែល​បាន​សាទរ​ចំពោះ​ការកាត់ទោស​លោក Taylor​នៅ​ឆ្នាំ​២០១២ ក៏​បាន​ស្វាគមន៍​ដំណើរការ​រឿង​ក្តី​ឧទ្ធរណ៍​នេះ​ផងដែរ។ Elise Keppler ជា​សមាជិកា​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​នៃ​អង្គការ​សិទ្ធិ​មនុស្សHuman Rights Watch នៅ​ក្នុង​ទីក្រុង New York។ អ្នកស្រី ថ្លែងថា៖

«សវនការ​រឿង​ក្តី​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ និង​នៅ​ថ្ងៃ​ស្អែក​នៅ​ក្នុង​ការជំនុំ​ជម្រះ​លោក Charles Taylor ជា​នាទី​ដ៏​សំខាន់​នៅ​ក្នុង​អ្វី​ដែល គេ​បាន​ហៅ​ថា ការជំនុំ​ជម្រះ​ដ៏​គួរ​ឲ្យ​កត់សំគាល់​មួយ។​ នេះ ជា​ការកាត់ទោស​អតីត​មេដឹកនាំ​ប្រទេស​មួយ ជា​លើក​ដំបូង​នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ ចាប់តាំងពី​ការជំនុំជម្រះ​រឿង​ក្តី​ Numremburg​នោះ​មក ហើយ​លោក Taylor ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស នៅ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​យង់​ឃ្នង​បំផុត​មួយ​នៅ​ក្នុង​ប្រទេស Sierra Leone។ ឥឡូវ​នេះ យុត្តិធម៌​ដ៏​ត្រឹមត្រូវ​ និង​អាច​យក​ជា​ការ​បាន មាន​ន័យ​ថា មាន​សិទ្ធិ​ប្តឹង​ទៅ​ឧទ្ធរណ៍ ហើយ​យើង​រង់ចាំ​ចៅក្រម​ធ្វើ​ការងារ​របស់​ខ្លួន ក្នុង​ការ​វាយ​តម្លៃ​បញ្ហា​ណា​មួយ​ដែល​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​ដំណើរការ​រឿង​ក្តី​ឧទ្ធរណ៍​នេះ»។

មេធាវី​ការពារ​ក្តី​របស់​លោក Taylor ចង់​ឲ្យ​មាន​ការបដិសេធ​ការសម្រេច​ទោស​ទៅ​លើ​កូន​ក្តី​របស់​ខ្លួន ដោយ​និយាយ​ថា នោះ​ជា​យុត្តិធម៌​មិន​ពេញ​លក្ខណៈ ហើយ​ការសម្រេច​ទោស​នោះ គឺ​អាស្រ័យ​លើ​ភ័ស្តុតាង​មិន​ពិត និង​គ្មាន​ការបញ្ជាក់​ច្បាស់លាស់។ ចំណែក​ឯ អង្គ​ជំនុំ​ជម្រះ​វិញ ចង់​បន្ថែម​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៨០​ឆ្នាំ។

ចៅក្រម​នៅ​ក្នុង​តុលាការ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ ត្រូវ​គេ​រំពឹង​ថា នឹង​ចេញ​សាលក្រម​នៅ​ខែកញ្ញា​ខាង​មុខ​នេះ។ បើ​លោក Taylor ចាញ់​ក្នុង​រឿង​ក្តី​នេះ លោក​នឹង​ត្រូវ​ចូល​ក្នុង​ពន្ធនាគារ នៅ​ប្រទេស​អង់គ្លេស៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់
XS
SM
MD
LG