ការចរចាលើក្របខណ្ឌសម្រាប់បទឈប់បាញ់ថ្មីនៅក្នុងតំបន់ហ្កហ្សា (Gaza) ត្រូវគេរំពឹងថានឹងបន្តឡើងវិញនៅថ្ងៃអង្គារនេះ ខណៈពេលដែលអ៊ីស្រាអែលបានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនសកម្មប្រយុទ្ធរាប់សិបនាក់នៅភាគកណ្ដាលនិងភាគខាងត្បូងតំបន់ហ្កាហ្សា។
ការចរចានៅក្នុងទីក្រុងគែរនៃប្រទេសអេហ្ស៊ីបនេះគ្រោងនឹងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និងកាតា បន្ទាប់ពីមានការចរចាស្រដៀងគ្នានេះកាលពីខែមុនដែលឈានទៅដល់ការស្នើឱ្យមានការផ្អាកការប្រយុទ្ធគ្នាដែលនឹងមានការដោះលែងចំណាប់ខ្មាំងដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) ចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សាផងដែរ។
ក្រុមហាម៉ាស់បានស្នើសំណើផ្សេងតបមកវិញ ដែលអ៊ីស្រាអែលបានច្រានចោល។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ទោះបីជាសំណើរបស់ក្រុមហាម៉ាស់នេះមាន «ចំណុចដែលមិនអាចទៅរួច» មួយចំនួនក៏ដោយ ក៏នៅមានកន្លែងដែលយើងអាចបន្តការចរចាបានដែរ។
គេជឿថាក្រុមហាម៉ាស់ ដែលសហរដ្ឋអាមេរិកបានចាត់ទុកថាជាក្រុមភេរវកម្ម នៅឃុំឃាំងចំណាប់ខ្មាំងប្រហែល ១០០ នាក់ទៀត បន្ទាប់ពីចំណាប់ខ្មាំង ១០០ នាក់ត្រូវបានដោះលែងក្នុងអំឡុងកិច្ចឈប់បាញ់គ្នារយៈពេលមួយសប្ដាហ៍កាលពីខែវិច្ឆិកាឆ្នាំមុន។ យោធាអ៊ីស្រាអែលថា ចំណាប់ខ្មាំង ៣១ នាក់បានស្លាប់ឬក៏ត្រូវបានសម្លាប់ក្នុងអំឡុងពេលជាប់ឃុំនោះ។
ការជំរុញឱ្យមានបទឈប់បាញ់គ្នាថ្មីនេះធ្វើឡើងនៅចំពេលដែលអន្តរជាតិមានក្ដីបារម្ភអំពីជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា ជាពិសេសនៅក្នុងទីក្រុង Rafah ជាប់នឹងព្រំដែនប្រទេសអេហ្ស៊ីប។
ប្រជាជនតំបន់ហ្កាហ្សាជាងពាក់កណ្ដាលឥឡូវនេះកំពុងស្ថិតនៅក្នុងទីក្រុង Rafah ដោយមនុស្សជាច្រើនបានភៀសខ្លួនទៅកាន់ទីនោះដើម្បីគេចចេញពីសង្គ្រាមរយៈពេល ៤ ខែកន្លងមក និងតាមការបញ្ជាម្ដងហើយម្ដងទៀតរបស់យោធាអ៊ីស្រាអែលឱ្យមានការជម្លៀសចេញ។
លំហូរភៀសខ្លួនទ្រង់ទ្រាយធំនេះបានធ្វើឱ្យមនុស្សជាច្រើនរស់នៅក្នុងជម្រកបណ្ដោះអាសន្នដ៏ណែនណាន់តាន់តាប់របស់អង្គការសហប្រជាជាតិឬក៏នៅក្នុងតង់ ដោយអង្គការសហប្រជាជាតិនិងអង្គការផ្ដល់ជំនួយនានាបានបង្ហាញក្ដីបារម្ភអំពីកង្វះម្ហូបអាហារ ទឹក និងសេវាសុខភាព៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ