ជំហររបស់កោះតៃវ៉ាន់បានចូលកាន់តែជិតទៅចិនដីគោក ចាប់តាំងលោកប្រធានាធិបតី ម៉ា យ៉ីងជៅ (Ma Ying-jeou) បានចូលកាន់មុខតំណែងកាលពីឆ្នាំ២០០៨។ បើទោះជាទំនាក់ទំនងមានភាពប្រសើរ តៃវ៉ាន់នៅតែមានគម្រោងដាក់ពង្រាយកាំជ្រួចរបស់ខ្លួន ដែលនឹងមានសមត្ថភាពវាយប្រហារប្រទេសចិន។
តៃវ៉ាន់មានគម្រោងដាក់ពង្រាយកាំជ្រួច Cruise Missile មិនហួសពីដំណាច់ឆ្នាំនេះ។ កាំជ្រួចស៊ុងហ្វេង2E (Hsiung Feng 2E) ដែលផលិតនៅតៃវ៉ាន់ អាចបាញ់ក្នុងរយៈចម្ងាយប្រហែល៨០០គីឡូម៉ែត្រ ដែលមានសមត្ថភាពវាយប្រហារព្រលានយន្តហោះ ឬមូលដ្ឋានកាំជ្រួចនៅភាគខាងត្បូងប្រទេសចិន ព្រមទាំងទីក្រុងសៀងហៃ និងហុងកុង។
កោះតៃវ៉ាន់ និងចិនដីគោកត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នាអស់រយៈពេលជាង៦០មកហើយ ចាប់តាំងពីកងកម្លាំងអ្នកជាតិនិយមបានរត់ភៀសខ្លួនទៅតៃវ៉ាន់ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលនៅចិន។ តាមប្រវត្តិសាស្ត្រ ទំនាក់ទំនងចិន និងតៃវ៉ាន់មានភាពតានតឹង ប៉ុន្តែបានប្រសើរឡើងវិញនៅក្រោមលោកប្រធានាធិបតីតៃវ៉ាន់ ម៉ា យ៉ីងជៅ។ ចាប់តាំងពីលោកចូលកាន់តំណែងកាលពីឆ្នាំ២០០៨មក ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាប្រវត្តិសាស្រ្ត ហើយអនុញ្ញាតឲ្យមានការហោះហើរផ្ទាល់ និងការធ្វើទស្សនកិច្ចទេសចរណ៍។ ទោះយ៉ាងនេះក្តី តៃវ៉ាន់ និងចិននៅតែបង្កើនកងកម្លាំងយោធារបស់ខ្លួនដដែល។
លោក លីន ចុងពីន (Lin Chong-pin) ជាអតីតអនុរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ ហើយឥឡូវនេះជាសាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាថ្នាក់ក្រោយឧត្តមសិក្សាស្តីពីកិច្ចការអន្តរជាតិ និងយុទ្ធសាស្ត្រ (Graduate Institute of International Affairs and Strategic Studies) នៃសាកលវិទ្យាល័យតាំកាង (Tamkang University)។ លោកបានពន្យល់អំពីថា តើហេតុអ្វីបានជារដ្ឋាភិបាលក្រុងតៃប៉ិផលិតកាំជ្រួចស៊ុងហ្វេង។ លោកថ្លែងថា៖
«ប្រហែលជាកាំជ្រួចនេះជាគ្រឿងការពារដ៏ចាំបាច់ ដូច្នេះភាគីទាំងពីរនៅច្រកសមុទ្រតៃវ៉ាន់ត្រូវការពេលវេលា ដើម្បីកសាងទំនុកចិត្ត និងមិនងាកទៅរកសកម្មភាពសង្រ្គាមនោះឡើយ»។
លោក លីន គិតថា តៃវ៉ាន់ទំនងជានឹងមិនតម្រង់កាំជ្រួចទៅទីក្រុង ដូចជាសៀងហៃ ដែលអ្នកជំនួញតៃវ៉ាន់ជាច្រើនកំពុងរស់នៅនោះទេ។ អ្នកជំនាញមួយចំនួនខាងទំនាក់ទំនងអន្តរជាតិនិយាយថា រដ្ឋាភិបាលក្រុងតៃប៉ិចង់ផលិតអាវុធដោយខ្លួនឯង មួយផ្នែកដោយសាររដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងការលក់អាវុធរបស់រដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់។
ឆ្នាំនេះ អាមេរិកបានអនុម័តការលក់អាវុធក្នុងទឹកប្រាក់ចំនួន៦ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់។ មុខទំនិញភាគច្រើនរួមមានគ្រឿងសព្វាវុធការពារ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនទាន់យល់ព្រមលក់យន្តហោះចម្បាំងដ៏ទំនើបប្រភេទអេហ្វ១៦ (F-16) ដែលតៃវ៉ាន់ចង់បានជាខ្លាំងនោះឡើយ។ ការលក់យន្តហោះចម្បាំងដ៏ទំនើបទំនងជាបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។
ប៉ុន្តែ លោក លីន នៃសាកលវិទ្យាល័យតាំកាង មានប្រសាសន៍ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនមានប្រតិកម្មតបខ្លាំងពេកទេ ចំពោះកាំជ្រួចស៊ុងហ្វេងរបស់កោះតៃវ៉ាន់។ លោកបន្តថា៖
«ពួកគេដឹងហើយថា គេនឹងមិនមានប្រតិកម្មជ្រុលពេកទេ ទៅលើរឿងរ៉ាវដូចនោះ។ ឥឡូវនេះ ពេលខ្លះ អ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីនៃរដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា យើងយល់អំពីអារម្មណ៍របស់ពលរដ្ឋនៅតៃវ៉ាន់ ដែលខ្វាយខ្វល់បំផុតចំពោះរឿងពីរយ៉ាង។ ទីមួយគឺសុវត្ថិភាពរបស់ពួកគេ ហើយមួយទៀតគឺឋានៈនយោបាយ គឺសំដៅទៅលើនិយមន័យនៃពាក្យ សាធារណៈរដ្ឋចិន (Republic of China)»។
ប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានធ្វើកិច្ចការដើម្បីទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋតៃវ៉ាន់ ដោយទុកភាពខ្វែងគំនិតគ្នាខាងនយោបាយមួយឡែក ហើយខិតចូលជិតគ្នាខាងផ្នែកសេដ្ឋកិច្ច។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៤ ចាប់តាំងពីលោកប្រធានាធិបតី ម៉ា បានចូលកាន់មុខតំណែង ហើយចិនបានធ្វើសម្បទានជាច្រើនក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏សំខាន់នាពេលថ្មីៗនេះ។
ប៉ុន្តែចិននៅតែមានកាំជ្រួចជាង១ពាន់គ្រាប់តម្រង់ទៅរកតៃវ៉ាន់។ របាយការណ៍ថ្មីៗរបស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ចិនកំពុងបន្តបង្កើនកងកម្លាំងរបស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ បើទោះជាមានទំនាក់ទំនងដ៏កក់ក្តៅក៏ដោយ។
សូម្បីតែមានការបង្កើនកម្លាំងយោធារបស់ចិន លោកយ៉ាង តៃហ្សេន (Yang Tai-shuenn) អ្នកវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យវប្បធម៌ចិន (Chinese Culture University) នៃទីក្រុងតៃប៉ិ គិតថា ជម្លោះឆ្លងច្រកសមុទ្រមិនទំនងជាកើតឡើងទេ ដោយសារភាគីទាំងពីរកំពុងតែខិតចូលជិតគ្នា។ លោកមានប្រសាសន៍ថា៖
«បើទោះជាខ្ញុំគិតថា តុល្យភាពខាងយោធារបស់ភាគីទាំងពីរមិនមានលក្ខណៈអនុគ្រោះច្រើនសម្រាប់កោះតៃវ៉ាន់ក៏ដោយ ក៏ខ្ញុំពិតជាមិនព្រួយបារម្ភអំពីការអភិវឌ្ឍនេះទេ ដោយសារតែខ្ញុំគិតថា នឹងមិនមានជម្លោះយោធាណាមួយអាចកើតឡើងក្នុងរយៈពេល៥ ឬ១០ឆ្នាំខាងមុខនេះទេ»។
ពលរដ្ឋតៃវ៉ាន់ជាច្រើនយល់ស្រប។ ការស្ទាបស្ទង់មតិ ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ពលរដ្ឋតៃវ៉ាន់ភាគច្រើនគិតថា ជម្លោះឆ្លងកាត់ច្រកសមុទ្រទំនងជានឹងមិនកើតឡើងទេ។ ក្នុងកម្រិតពី១ទៅ១០ អ្នកឆ្លើយសំណួរបានថ្លែងថា ឱកាសនៃការកើតជម្លោះជាមួយចិនមានត្រឹមតែបីភាគប៉ុណ្ណោះ៕
ប្រែសម្រួលដោយ លី សុខឃាង