តុលាការតៃវ៉ាន់ សម្រេចកាលពីថ្ងៃសុក្រ រក្សាទោសប្រហារជីវិតនៅដដែល តែកម្រិតការអនុវត្ត«ត្រឹមករណីពិសេសនិងលើកលែង»ប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Agence France-Presse។
កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានអនុវត្តទោសប្រហារជីវិតចំនួន៣៥លើកហើយតាំងពីបម្រាមលើទោសប្រហារជីវិតត្រូវបានដកកាលពីឆ្នាំ២០១០មក។ ការប្រហារជីវិតលើកចុងក្រោយកើតឡើងនៅខែមេសាឆ្នាំ២០២០ លើបុរសអាយុ៥៣ឆ្នាំម្នាក់ដែលត្រូវបានកាត់ទោសពីបទដុតសម្លាប់គ្រួសាររបស់ខ្លួន។
សកម្មជនប្រឆាំងទោសប្រហារជីវិត បានលើកទឡ្ហីករណ៍ជាយូរមកហើយថា ការអនុវត្តទោសនេះ ជាវិធីដាក់ទោសដ៏អមនុស្សធម៌។ នៅតៃវ៉ាន់ ការអនុវត្តទោសនេះធ្វើឡើងដោយបាញ់អ្នកទោសពីក្រោយចំបេះដូង ពេលអ្នកទោសដេកផ្កាប់មុខផ្ទាល់ដី។
ការជជែកដេញដោលគ្នាអំពីទោសបែបនេះ បានឡើងដល់តុលាការធម្មនុញ្ញតៃវ៉ាន់ ដែលបានសម្រេចកាលពីថ្ងៃសុក្រថា ខ្លួននឹងរក្សាទោសប្រហារជីវិតនេះឲ្យនៅដដែល។
ក្នុងសេចក្តីថ្លែងការណ៍មួយ តុលាការថាទោះជាសិទ្ធិរស់រានមានជីវិតនឹងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញតៃវ៉ាន់ក៏ដោយ ក៏«ការការពារនេះ មិនមានលក្ខណៈដាច់ខាតនោះទេ»។
តុលាការក៏បានសម្រេចថាទោសប្រហារជីវិតនេះ ត្រូវបាន«ហាមប្រាម» ចំពោះ«ជនជាប់ចោទដែលមានស្ថានភាពផ្លូវចិត្តមិនប្រក្រតី ទោះបីជាស្ថានភាពផ្លូវចិត្តរបស់ពួកគេ មិនជះឥទ្ធិពលលើបទល្មើសក្នុងសំណុំរឿងក៏ដោយ»។
តុលាការបន្ថែមថា អ្នកទោសដែលរង់ចាំអនុវត្តទោសនេះ«មិនត្រូវប្រហារជីវិតទេ បើពួកគេមានស្ថានភាពផ្លូវចិត្តមិនប្រក្រតីដល់កម្រិតមួយដែលបង្កជាឧបសគ្គដល់សមត្ថភាពពួកគេក្នុងការទទួលទោសប្រហារជីវិតនេះ»។
សំណុំរឿងនេះ ត្រូវបានដាក់ជូនតុលាការសម្រេចដោយអ្នកទោស៣៧នាក់ ដែលបច្ចុប្បន្នកំពុងរង់ចាំការអនុវត្តទោសប្រហារជីវិតនៅតៃវ៉ាន់៕