អាវយឺតអាមេរិកាំងដែលឈប់ប្រើ ហើយមានពោរពេញក្នុងទីផ្សារអាហ្វ្រិកជាច្រើនឆ្នាំមកនេះ កំពុងចាប់ផ្តើមត្រឡប់មកសរអាវិញដែលជាចំណែកនៃការផ្តួចផ្តើមគំនិតមិនរកកម្រៃមួយដែលត្រូវបានដឹកនាំដោយសហគ្រិនសង្គមអាមេរិកាំងក្មេងៗពីរនាក់។
Sean Hewensដែលជាជនជាតិអាមេរិកាំងនិយាយថា ថ្មីៗនេះគាត់បានជាប់ក្នុងការស្ទះចរាចរណ៍មួយ នៅក្នុងទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា (Kenya) នៅពេលនោះគាត់បានឃើញអាវយឺតមួយដែលពាក់ដោយអ្នករុញរទេះម្នាក់ដឹកមនុស្សដើម្បីផ្សាយអំពីពិធីឆ្លងវ័យឆ្នាំ២០០៦ របស់ក្មេងជំទង់ដែលត្រូវបានហៅថាJosh នៅរដ្ឋCalifornia។
Hewens ចង់ដឹងថាតើអាវយឺតនោះបានមកដល់ទីនេះយ៉ាងដូចម្តេច ហើយបានរកឃើញថាអាវយឺតជាច្រើនដែលគេឈប់ប្រើនៅសរអា កំពុងត្រូវបានដាក់លក់នៅពាសពេញទីផ្សារនៃប្រទេសកំពុងអភិវឌ្ឍន៍។ Hewensនិយាយថា៖
«អ្នកដឹងទេថាអាវយឺតមួយដែលត្រូវបានផលិតឡើងសម្រាប់ពិធីជាក់លាក់ណាមួយ ដូចជាពិធីឆ្លងវ័យរបស់ក្មេងជំទង់Joshនៅក្នុងកន្លែងមួយ ក្រោយមកអាវយឺតទាំងនេះ បានទៅដល់អង្គការសប្បុរសធម៌ Goodwill ហើយអាវទាំងនោះត្រូវបានដាក់លក់នៅឯនាយសមុទ្រនិងលក់បន្តៗទៅទៀត។ តាមទស្សនវិស័យវប្បធម៌ ឃើញថាអ្វីៗក្លាយជាច្រឡូកច្រឡំគ្នានិងវិលចុះឡើងពីចាស់ទៅថ្មី។»
Hewensបានសម្រេចចិត្តធ្វើអាវយឺតខ្លះៗ នៃអាវទាំងនេះឲ្យវិលមកសម័យមួយទៀតនៅក្នុងអ្វីដែលគាត់ហៅថាProject Repat គឺជាគម្រោងបន្ទាប់បន្សំមួយដើម្បីផ្តល់ទុនដល់អង្គការបច្ចេកវិទ្យានិងវប្បធម៌មិនរកកម្រៃរបស់គាត់ដែលកំពុងពង្រីក មានឈ្មោះថា Smallbean។
អាវដែលមានរូបពីសម័យមុន រូបកំប្លែង រូបចំអកឡកឡឺយ រូបកីឡា រូបទីកន្លែងនិងរូបព្រឹត្តិការណ៍សំខាន់ៗមានលក់នៅក្នុងផ្សារនៃប្រទេសអាហ្វ្រិក ដែលត្រូវបានបោកយ៉ាងស្អាត មានបោះត្រាថ្ងៃខែនិងទីកន្លែង និងស្លាកសញ្ញា Project Repat ហើយបានលក់ទៅឲ្យអ្នកប្រើប្រាស់នៅសរអាវិញក្នុងតម្លៃ២៥ដុល្លារ ដែល២០ដុល្លារនៃតម្លៃអាវ២៥ដុល្លារនោះ នឹងចូលទៅក្នុងអង្គការមិនរកកម្រៃ។
Hewensនិយាយថា គាត់ស្ញប់ស្ញែងដោយការឆ្លើយតបជាវិជ្ជមានដែលត្រូវបានជំរុញដោយបណ្តាញសង្គមដែលមិនគ្រាន់តែពីក្រុមអ្នកទិញទេ ប៉ុន្តែពីក្រុមអ្នកស្ម័គ្រចិត្តផងដែរ ដែលទិញអាវយឺត នៅក្នុងប្រទេសអាហ្វ្រិកហើយធ្វើអំណោយអាវទាំងនោះទៅអង្គការមិនរកកម្រៃ Project Repat ។ Hewens និយាយថា៖
«ការឆ្លើយតបដែលយើងបានទទួលពី Project Repatនោះ ខ្ញុំគិតថាវាមានអ្វីដែលទាក់ទងនឹងអាវយឺត។ ខ្ញុំគិតថាមានបង្កប់រឿងរ៉ាវពិតនៅក្នុងនោះ។ ប៉ុន្តែខ្ញុំនឹងឆ្លើយដោយឥតលាក់លៀមថា យើងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការ ឆ្លើយតបនៅក្នុងផ្លូវល្អមួយ»។
Hewensនិយាយថា ពួកដែលគេហៅថាភ្នាក់ងារអាវយឺត ឬពួក “repatriots” ជាពួកដែលមិនយកអាវដែលគេពាក់ហើយនោះទេ ប៉ុន្តែទិញអាវទាំងនោះ នៅក្នុងផ្សារ។
អ្នកផ្តួចផ្តើមគម្រោងម្នាក់ទៀតគឺ Ross Lohr។ គាត់ជាអ្នកដឹកនាំក្រុម Newton Tanzania Collective ដែលជួយសិស្សសាលានៅក្នុងប្រទេសតង់ស្ហានី ហើយជួយភ្ជាប់ទំនាក់ទំនងសិស្សទាំងនោះទៅនឹងសិស្សនៅក្នុងសរអា។ Lohrនិយាយថា “Project Repat” ក៏ពង្រឹងអត្ថន័យនៃអាវយឺតនិមួយៗឡើងវិញដែរ។ Lohrនិយាយថា៖
« អាវយឺតនិមួយៗមានលក្ខណៈពិសេសគ្មានពីរដ៏អស្ចារ្យ។ ក្នុងអាវមួយមានប្រវត្តិរបស់វា ហើយមានតួនាទីសំខាន់ពីរ ព្រោះវាជួយទ្រទ្រង់ទីផ្សារក្នុងស្រុកដូចជានៅប្រទេសកិនយ៉ានិងប្រទេសតង់ស្ហានីនេះផង និងជួយទ្រទ្រង់អង្គការមិនរកកម្រៃផង»។
លោក Lohr និយាយថា ដំណើរការនិវត្តរ៍របស់អាវយឺតត្រឡប់មកវិញបានបង្ហាញថាវាជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីរៃប្រាក់។
«វាពិបាកណាស់នឹងត្រឡប់ទៅរកមូលដ្ឋាននៃអ្នកធ្វើបរិច្ចាគគ្រប់ពេលនោះ ក្រុមអ្នកធ្វើបរិច្ចាគដដែលនោះព្យាយាមធានាថាមានមូលនិធិ។ សម្រាប់យើងកិច្ចការនេះជាវិធីមួយដើម្បីលើកកម្ពស់ការសិក្សានៃប្រជាសាស្ត្រថ្មីមួយ ការស្រឡាញ់មនុស្សជាតិ និងការរៃប្រាក់។ លោកអ្នកត្រូវការស្វែងរកគំរូរកប្រាក់ចំណូល លោកអ្នកត្រូវការស្វែងរកវិធីមួយ ដើម្បីទាក់ទាញមនុស្សថ្មី»។
អ្នករស់នៅ នៅទីក្រុង Boston ទាំងពីរនាក់នេះ ក៏បានប្រើកម្មវិធីរៃប្រាក់តាមអិនធឺណែតផងដែរ ដើម្បីផលិតភាពយន្តឯកសារមួយ។ ការថតភាពយន្តនោះមានកំណត់ពេលចាប់ផ្តើមនៅចុងខែនេះនៅក្នុងទីក្រុង ណៃរ៉ូប៊ី កន្លែងដែលអ្នកទាំងពីរមានបំណងពិនិត្យឲ្យបានស៊ីជម្រៅ ទៅក្នុងរឿងរ៉ាវទាំងឡាយដែលទាក់ទងនឹងប្រវត្តិអាវយឺត និងមនុស្សដែលពាក់ ដែលលក់ ដែលទិញ និងដែលរកឃើញអាវទាំងនោះ។
ប្រែសម្រួលដោយ នុច សារីតា