ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​ស៊ីរី​ត្រៀម​នឹង​ទទួល​រង​ការ​វាយ​បង្រ្កាប​បន្ទាប់​ពី​មាន​ការសម្លាប់​រង្គាល


ជនជាតិស៊ីរី កំពុងកាន់បដានៅជំរុំជនភៀសខ្លួន​​​ Altinozu​នៅ​ព្រំ​ដែន​ជាមួយប្រទេសតួគី​ នៅថ្ងៃទី១០ មិថុនា ​ឆ្នាំ២០១១។
ជនជាតិស៊ីរី កំពុងកាន់បដានៅជំរុំជនភៀសខ្លួន​​​ Altinozu​នៅ​ព្រំ​ដែន​ជាមួយប្រទេសតួគី​ នៅថ្ងៃទី១០ មិថុនា ​ឆ្នាំ២០១១។

ប្រជាពលរដ្ឋ​ស៊ីរី​ នៅ​ប៉ែក​ខាង​ជើង​នៃ​ទីក្រុង​ជីសរ៍ អាល់ សាក់គួរ (Jisr​ al-​Shughour)​ អាច​នឹង​ទទួលរង​ការសងសឹក​ដោយសារ​តែ​រដ្ឋាភិបាល​ថ្លែង​ថា​ មាន​ការសម្លាប់​រង្គាល​ទាហាន​ និង​ ប៉ូលីស​ចំនួន​១២០​នាក់​នៅ​ទីនោះ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ទីក្រុង​ជីសរ៍ អាល់ សាក់គួរ ​បាន​ភៀស​ខ្លួន​ពី​ទីក្រុង​នេះ​ ដើម្បី​ទៅ​ជ្រក​កោន​នៅ​ភូមិ​នានា​ ដែល​មាន​សុវត្ថិភាព​ជិតៗ​ទីក្រុង​នោះ​ ខណៈ​ ដែល​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​ឆ្លងដែន​ទៅ​ប្រទេស​ទួរគី​ដែល​នៅ​ជិត​ខាង។

អ្នក​ដែល​នៅ​ក្នុង​ទីក្រុង​នោះ​បាន​ចេញ​ផ្សាយ​តាម​សារ​បណ្តាញ​សង្គម​ បញ្ជាក់​ថា​ ពួក​គេ​ភ័យខ្លាច​នឹង​ការវាយ​បង្រ្កាប​ប្រកប​ដោយ​ហិង្សា​ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ថា​នឹង​ប្រើ​កម្លាំង​បង្រ្កាប​ប្រឆាំង​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា ជន​អន្ធពាល​ប្រដាប់​អាវុធ។

ផ្នែក​ជាច្រើន​នៃ​ទីក្រុង​នេះ​ត្រូវ​បាន​គេ​កាត់​ផ្តាច់​ ហើយ​អ្នក​កាសែត​បរទេស​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​ស៊ីរី​ទេ​ ដូច្នេះ​ រឿង​រ៉ាវ​ទាំងនេះ​ពិបាក​នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​ណាស់។ រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ ខ្មាន់​កាំភ្លើង​បាន​វាយប្រហារ​កម្លាំង​សន្តិសុខ​ជា​ច្រើន​នៅ​ក្រៅ​ទីក្រុង​ និង​សម្លាប់​មនុស្ស​អស់​រាប់​សិប​នាក់​នៅ​ក្នុង​ការវាយប្រហារ​ផ្សេងៗ​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក​ អាដណាន់ ម៉ាមូដ(Adnan​ Mahmoud)​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ចោទ​ប្រកាន់​ «ជន​អន្ធពាល​ប្រដាប់​អាវុធ» ពី​បទ​យក​ជន​ស៊ីវិល​ជា​ខែល​ក្នុង​ការប្រយុទ្ធ​នោះ។

លោក​មាន​ប្រសាសន៍​ថា​ កងទ័ព​នឹង​«ស្តារ​សន្តិសុខ​និង​ការស្ងប់​ចិត្ត​ » ទៅ​ឲ្យ​ប្រជាពលរដ្ឋ។ បាតុករ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ​ បដិសេធ​ថា​ គ្មាន​នរណា​ម្នាក់​មាន​អាវុធ​ក្នុង​ដៃ​ទេ​ក្នុង​ចលនា​តស៊ូ​របស់​ពួក​គេ។ អ្នក​ដទៃ​ទៀត​ទទួល​ស្គាល់​ថា​ អ្នក​មួយ​ចំនួន​មាន​អាវុធ​ដែរ​ តែ​ពួក​គេ​ប្រើ​អាវុធ​ទាំងនោះ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ។ នៅ​ខណៈ​ពេល​ដែល​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា​ ការប្រឆាំង​ដោយ​អហិង្សា​គួរ​តែ​បោះបង់​ចោល​ នៅ​ពេល​ដែល​ពួក​គេ​មិន​អាច​ទប់ទល់​នឹង​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​បាន​ទេ។

រដ្ឋាភិបាល​ស៊ីរី​ បាន​ប្រមូល​កម្លាំង​ខណៈ​ពេល​ដែល​ទទួល​រង​ការរិះគន់​ពី​ប្រទេស​ដទៃ​ រួមទាំង​សហរដ្ឋអាមេរិក​និង​សហភាពអឺរ៉ុប៕

ប្រែសម្រួល​ដោយ ហ៊ុយ សម្ភស្ស

XS
SM
MD
LG