ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​៖ ជន​សង្ស័យ​ជា​ឈ្មួញ​ជួញ​ដូរ​អាវុធ​ជាតិ​រុស្សី មួយ​រូប​ មាន​អាថ៌កំបាំង​ជា​ច្រើន


រូបគំនូរ​នៃ​បន្ទប់សវនការ​មួយ​ដែល​បង្ហាញ​ វីកទ័រ ប៊ូត​ (Viktor Bout) (ឆ្វេង) នៅ​ឯ​តុលាការ​សហព័ន្ធ​សហរដ្ឋអាមេរិក​ ជាមួយ​​លោកស្រី​ចៅក្រម​ ស្ហៀរ៉ា ស្ហេនលីន​ (Shira Scheindlin)​ នៅថ្ងៃ​ទី​ ១៧ ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ក្នុងទីក្រុង​ញូយ៉ក។
រូបគំនូរ​នៃ​បន្ទប់សវនការ​មួយ​ដែល​បង្ហាញ​ វីកទ័រ ប៊ូត​ (Viktor Bout) (ឆ្វេង) នៅ​ឯ​តុលាការ​សហព័ន្ធ​សហរដ្ឋអាមេរិក​ ជាមួយ​​លោកស្រី​ចៅក្រម​ ស្ហៀរ៉ា ស្ហេនលីន​ (Shira Scheindlin)​ នៅថ្ងៃ​ទី​ ១៧ ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ក្នុងទីក្រុង​ញូយ៉ក។

វ៉ាស៊ីនតោន៖ ជន​សង្ស័យ​រត់​ពន្ធ​អាវុធ​ជាតិ​រុស្សី​មួយ​រូប​ឈ្មោះ​ វីកទ័រ ប៊ូត ​(Viktor Bout)​ បាន​អះអាង​នៅ​ក្នុង​តុលាការ​របស់​រដ្ឋាភិបាល​សហ​ព័ន្ធសហ​រដ្ឋ​អាមេរិក​មួយ​ នៅ​ក្នុង​ទី​ក្រុង​ញូវ​យ៉ក​ក្នុងសប្តាហ៏​នេះ​ថា​ ខ្លួន​មិន​មាន​កំហុស​អ្វី​ទាំង​អស់​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ អំពី​ការ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ភេរវកម្ម។ វីអូអេ​ បាន​សន្ទនា​ជា​មួយ​លោក​ ឌឹកហ្ក្លាស ហ្វ៉ារ៉ា​ (Douglas Farah) ដែល​ជា​អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​លោក​ ប៊ូត​ អំពី​ការ​ចោទ​ប្រកាន់​អ្នក​ជួញ​ដូរ​អាវុធ​ ជាតិ​រុស្សី​រូប​នេះ។

សៀវ​ភៅ​របស់​លោក​ ឌឹកហ្ក្លាស ហ្វ៉ារ៉ា​ ដែល​មាន​ចំណង​ជើង​ថា «ឈ្មួញ​មរណៈ» គឺសំដៅ​ទៅ​លើការ​សង្ស័យ​ចំពោះ​សកម្ម​ភាព​រត់​ពន្ធ​អាវុធដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​លោក​ វីកទ័រ ប៊ូត។

លោក​ ហ្វារ៉ា​ និយាយ​ថា​ លោក​ ប៊ូត​ គឺ​ជា​អតី​ត​នាយ​ទាហាន​កងទ័ព​ជើង​អាកាស​របស់​សូវៀត​មួយ​រូប​ ដែល​បាន​មើល​ឃើញ​សក្តា​នុពល​នៃ​ការ​លក់​អាវុធ​ជា​អន្តរ​ជាតិ​ ខណៈ​ពេល​ដែល​សង្រ្គាម​ត្រជាក់​បាន​បញ្ចប់។

«ហើយ​ខណៈ​ពេល​ដែល​សហ​ភាព​សូវៀត​បាន​បញ្ចប់ គាត់​ហាក់​ដូច​ជា​មាន​ទស្សនៈ​វិស័យ​មួយ​ដែល​អ្នក​ណា​ផ្សេង​ទៀតមិន​មាន​ គឺថា​មាន​អាវុធ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ឃ្លាំង កង​ទ័ព​មិន​ត្រូវ​បាន​ផ្តល់​ប្រាក់​បៀវត្សរ៍​ នាយ​ទាហាន​មិន​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ ហើយ​មាន​អាវុធ​ដែល​អាច​រក​បាន​ក្នុង​តម្លៃ​ថោក​សមរម្យ។ ហើយ​មាន​យន្ត​ហោះ​ចត​ចោលក្នុង​ព្រលាន​ នៅ​ក្នុង​អតីត​សហ​ភាព​សូវៀត​ ដែល​មិន​អាច​ហោះ​ហើរ​បាន​ ដោយ​សារ​តែ​គ្មាន​លុយ​សម្រាប់​ចាក់​សាំង​ ឬ​ថែទាំ។ ហើយ​គាត់​បាន​ផ្គុំ​វត្ថុ​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា​ ហើយ​បាន​ចាប់​ផ្តើម​ដឹក​អាវុធ​តាម​យន្ត​ហោះ​ ចេញ​ពី​សហ​ភាព​សូវៀត​ និង​ធ្វើ​អាជីវកម្ម​នៅ​ជុំ​វិញ​ពិភពលោក»។

លោក​ ហ្វារ៉ា បាន​ផ្តល់​ឧទាហរណ៍​ខ្លះៗ អំពី​សកម្មភាព​ដែល​ត្រូវ​ចោទ​ប្រកាន់​ ថា​ជា​អំពើរត់​ពន្ធ​អាវុធ​របស់​លោក​ ប៊ូត។

«អង្គ​ការ​សហ​ប្រជាជាតិ​ សហរដ្ឋអាមេរិក​ អង់គ្លេស​ និង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ចោទ​ប្រកាន់​គាត់​ ពី​ការ​ដឹក​ជញ្ជូន​អាវុធ​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស ឡៃប៊ឺរៀ​ (Liberia)​ និង​ប្រទេស​សៀរ៉ាលីអូន​ (Sierra Leone)​ ជាពិសេស​នៅ​ក្នុង​ពេល​មាន​សង្រ្គាម​ឃោរ​ឃៅ​ខ្លាំង​នៅ​អាហ្រ្វិក​ខាង​លិច​។ គាត់​បាន​ធ្វើ​ការ​ជួញ​ដូរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជាមួយ​ក្រុម​ឧទ្ទាមនៃ​សម្ព័ន្ធ​ជាតិ​ដើម្បី​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​ អង់ហ្គោ​ឡា​ ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា​ UNITA។ គាត់​មាន​ទំនាក់ទំនង​ជាមួយ​លោក Mobuto Sese Seko នៃ​ប្រទេស​ Zaire ដែល​ឥឡូវ​នេះ​មាន​ឈ្មោះ​ថា​ សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ ប៉ុន្តែ​ គាត់​ក៏​ស្ថិត​នៅ​ក្នុង​ជម្លោះ​តែ​មួយ​ ដោយ​លក់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ ដែល​ឡើង​កាន់​អំណាច​ក្រោម​ការ​គ្រប់​គ្រង​របស់លោក​ប្រធានាធិបតី​ Laurent Kabila​ ដែរ។ ដូច្នេះ​ គាត់​មាន​ទំនាក់​ទំនង​ជាមួយ​ភាគី​ជា​ច្រើន​ នៅ​ក្នុង​ជម្លោះ​ផ្សេងៗ»។

អ្នក​និពន្ធ​ជីវប្រ​វត្តិ​របស់​ ប៊ូត​ និយាយ​ថា អ្នក​រត់​ពន្ធ​អាវុធ​ដែលត្រូវ​បាន​ចោទ​ប្រកាន់​រូប​នេះ មិន​បាន​ផ្តល់​អាវុធ​ទៅ​ឲ្យពួក​អាល់កៃដា​ (al-Qaida)​ ទេ​ ប៉ុន្តែ​ គាត់​បាន​ធ្វើ​ការ​ជួញ​ដូរ​អាវុធ​យ៉ាង​ច្រើន​ជាមួយ​ពួក​តាលីបាន់​ នៅ​ក្នុង​ប្រទេស​អាហ្កានីស្ថាន។

«មួយ​ផ្នែក​ គឺ​ដោយ​សារ​តែ​យន្ត​ហោះ​មួយ​គ្រឿង​របស់​គាត់​ដែល​ដឹក​ជញ្ជូន​អាវុធ​ទៅ​ឲ្យ​សម្ព័ន្ធ​ភាព​ភាគ​ខាង​ជើង​ ត្រូវ​តែ​ចុះ​ចត​នៅ​ក្នុង​តំបន់​របស់​ពួកតាលីបាន់។ ពួក​នោះ​បាន​ដក​ហូត​យក​គ្រាប់​រំសេវ​ និង​ចាប់​មនុស្សរបស់​គាត់​មួយ​ចំនួន​ធ្វើ​ជា​អ្នក​ទោស​ អស់​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ។ ហើយ​បន្ទាប់​មក​ភ្លាមៗ​នោះ ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ ហើយ​គាត់​ក៏​ចាប់​ផ្តើម​ផ្គត់​ផ្គង់​គ្រាប់​រំសេវ​ និង​ទី​បំផុត​មាន​ទាំង​យន្ត​ហោះ​ទៀត​ ទៅ​ឲ្យពួក​តាលីបាន់»។

អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍​ប៊ូត​ ត្រូវ​បាន​គេ​ចោទ​ថា​ បាន​ផ្គត់​ផ្គង់​អាវុធ​ទៅ​ឲ្យ​អ្នក​ណា​ ដែល​បង់​លុយ​ឲ្យ​គាត់។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ គាត់​បាន​គេច​ផុត​ពី​អាជ្ញាធរអន្តរជាតិ។

លោក​ ហ្វារ៉ា​ និយាយ​ថា​ ប៊ូត​ នៅ​ទី​បញ្ចប់​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ឆ្នាំ២០០៨​ នៅ​ក្នុង​ប្រតិបត្តិ​ការ​ក្លែង​ខ្លួន​មួយ​ ដែល​ដឹក​នាំ​ដោយ​ភ្នាក់ងារ​រដ្ឋបាលពង្រឹង​ច្បាប់​គ្រឿង​ញៀន​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​បន្លំ​ធ្វើ​ជា​សមាជិក​នៃ​កង​កម្លាំង​បដិវត្តន៍​កូឡុំបៀ​ (Columbia)​ ឬ​ហៅ​កាត់​ថា​ ជា​ចលនា​ទ័ពព្រៃ​FARC។

«ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ និង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជា​ច្រើន​លើក​ជា​មួយ​គាត់​ ជា​ចុង​ក្រោយ​ពួក​គេ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ទី​ក្រុង​បាងកក​ ដែល​នៅ​ទី​នោះ​ គាត់​នឹង​ធ្វើ​បង្ហើយ​លើ​ការ​លក់​ដូរ​មួយ។ ហើយ​គាត់​បាន​យល់​ព្រម​ផ្តល់​ឲ្យ​ពួកគេ​ នៅ​ឯ​កិច្ច​ប្រជុំ​នៅ​ក្នុង​ទី​ក្រុង​បាងកក​ នូវ​កាំ​ជ្រួច​ប្រឆាំង​យន្តហោះ​ យន្តហោះ​គ្មាន​អ្នក​បើក​សម្រាប់​វាយ​ប្រហារលើ​ទី​តាំងប្រព័ន្ធ​រ៉ាដា​របស់​សហរដ្ឋ​អាមេរិក​ និង​អាវុធ​មាន​លក្ខណៈ​បែប​នេះ។ ជា​ពិសេសស​ គាត់​និយាយ​ថា​ គាត់​បាន​ដឹង​ថា​ អាវុធ​ទាំង​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​សម្លាប់​ជន​ជាតិ​អាមេរិកាំង។ ហើយ​ដោយ​សារ​ពួកឧទ្ទាម​ FARC​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អង្គ​ការ​ភេវរកម្ម ភស្តុតាង​នេះ​គឺ​គ្រប់​គ្រាន់ហើយ​ដើម្បី​កាត់​ទោសគាត់ឲ្យ​ជាប់​គុកក្នុង​រយៈ​ពេល​មួយ​ដ៏​យូរ»។

នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ ​២០១០​ ប៊ូត​ ត្រូវ​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​ពី​ប្រទេស​ថៃ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពីការ​តស៊ូ​ផ្នែក​ច្បាប់រយៈ​ពេល​ពីរ​ឆ្នាំ។ គាត់​និយាយ​ថា​ គាត់​គឺ​ជា​ពាណិជ្ជករ​ស្លូត​ត្រង់​ម្នាក់ ហើយ​មិន​មានជាប់​ពាក់​ព័ន្ធ​អ្វី​ជាមួយ​នឹង​ការ​រត់​ពន្ធអាវុធ​ទេ​ ជា​ការ​អះអា​ង​មួយ​ ដែល​ត្រូវ​បាន​បន្ទរ​ដោយ​ក្រុម​មន្រ្តី​របស់​រុស្សី។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ក្រសួង​ការ​បរទេស​រុស្សី​បាន​ហៅ​ការ​ធ្វើ​បត្យាប័ន​នេះ​ថា​ «ខុស​ច្បាប់»​ ហើយ​បាន​សន្យា​ថា​ រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ នឹង​ផ្តល់​ឲ្យ​លោក​ ប៊ូត​ នូវ​ជំនួយ​គ្រប់​បែប​យ៉ាង​ ក្នុង​នាម​គាត់​ជា​ជន​ជាតិ​រុស្សី​មួយ​រូប​នៅ​បរទេស។

លោក​ ហ្វារ៉ា​ និយាយ​ថា​ ប៊ូត​ មាន​មិត្តភក្តិ​ដែល​មាន​ឥទ្ធិពល​ នៅ​ក្នុង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្សី។

«ពួក​គេ​មាន​ចិត្ត​អន្ទះ​សារ​ខ្លាំង​ណាស់​ក្នុង​ការ​ការ​ពារ​រូប​គាត់​ ទីមួយ​ដោយ​សារ​ពួក​គេ​ចង់​ធ្វើ​ដូច្នេះ​ និង​ទីពីរ​ដោយសារ​អ្វី​ដែល​គាត់ដឹង»។

លោក​ ហ្វារ៉ា​ និយាយ​ថា​ ក្រុម​មន្រ្តី​រុស្សី​មាន​ការ​ព្រួយ​បារម្ភ​ អំពី​អ្វី​ដែល​ ប៊ូត​ អាច​ប្រាប់​អាជ្ញា​ធរ​សហរដ្ឋអាមេរិក។

«ខ្ញុំ​គិត​ថា​ គាត់​អាច​ប្រាប់​ពួក​គេ​ជា​ច្រើន​ អំពី​អ្វី​ដែល​រុស្សី​កំពុង​តែ​ធ្វើ​ នៅ​ក្នុង​ការ​លក់​អាវុធ​នៅ​ជុំ​វិញ​ពិភពលោក​ និង​អំពី​កិច្ច​ការ​របស់​ចលនា​សម្ព័ន្ធ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្សី​។ បាទ​ ខ្ញុំ​គិត​ថា​ នេះ​គួរ​តែ​ជា​កង្វល់​របស់​រុស្សី​ ហើយ​វា​ប្រហែល​ជា​អញ្ចឹង​មែន»។

ប៉ុន្តែ​ លោក​ ហ្វារ៉ា​ និយាយ​ថា​ មនុស្ស​ផ្សេង​ទៀត​ក៏​ប្រ​ហែល​ជា​មាន​ការ​ខ្វល់ខ្វាយ​ផង​ដែរ​ អំពី​អ្វី​ដែល​ ប៊ូត​ អាច​បង្ហើប​ឲ្យ​ដឹង​នៅ​ពេល​គាត់​ត្រូវ​បាន​សួរ​ចម្លើយ។

«វីកទ័រក៏​បាន​ធ្វើ​ការដឹក​ជញ្ជូន​ឲ្យ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ គាត់​ដឹក​ជញ្ជូន​ឲ្យ​ប្រទេស​អង់គ្លេស។​ គាត់​ដឹក​ជញ្ជូន​ឲ្យ​អង្គ​ការ​សហ​ប្រជាជាតិ។ ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ជា​មនុស្ស​មិន​ធម្មតា​គឺ​ថា​ គាត់​នឹង​ដឹក​ជញ្ជូន​អ្វីៗ​គ្រប់​បែប​យ៉ាង​ ទៅ​កាន់​គ្រប់​ទី​កន្លែង​ទាំងអស់​ ដែល​ទំនិញ​ចាំ​បាច់​ត្រូវ​ដឹក​ជញ្ជូន​ទៅ។ ដូច្នេះ​ គាត់​ដឹក​ជញ្ជូន​ផ្កា​ កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ សាច់​មាន់​ក្លាសេ​ កាំភ្លើង​ម៉ាកអាកា ៤៧ គឺ​ដឹក​ឲ្យ​អ្នក​ទាំង​ឡាយ​ណា​ដែល​បង់​លុយ​ឲ្យ​គាត់។ ហើយ​ខ្ញុំ​គិត​ថា​ មនុស្ស​ជា​ច្រើន​នឹង​សប្បាយ​ចិត្ត​ ប្រសិន​បើ​យើង​មិន​និយាយ​ជ្រៅ​ទៅ​ក្នុង​ប្រវត្តិ​វែង​ឆ្ងាយ​របស់​គាត់​ទេនោះ»។

ពេល​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​សប្តាហ៍មុន​ វីកទ័រ​ ប៊ូត​ បាន​អះ​អាង​ថា​ គាត់​មិន​មាន​កំហុស​នៅ​ក្នុង​បទ​ចោទ​ប្រកាន់​អំពី​អំពើភេវរកម្ម​ទេ៕

ប្រែសម្រួល​ដោយ​ ឌី ខាំបូលី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG