ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ អតីតអ្នកទោសគុកទួលស្លែង ដែលនៅរស់រានមានជីវិតមកប្រកបរបរជាអ្នកលក់សៀវភៅនៅក្នុងអតីតគុកដ៏សែនប្រល័យរបស់ខ្មែរក្រហមដែលពួកគេធ្លាប់រងទារុណកម្មយ៉ាងធ្ងន់ធ្ងរ។
សព្វថ្ងៃ លោកប៊ូ ម៉េងមិនទៅចូលរួមតាមដានសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមទេ។ លោកសុខចិត្តនៅលក់សៀវភៅរបស់លោក នៅក្នុងអតីតមន្ទីរធ្វើទារុណកម្មរបស់ខ្មែរក្រហមនេះវិញ។
លោករកប្រាក់បាន៧០ទៅ៨០ដុល្លារក្នុងមួយថ្ងៃ។ បើចំថ្ងៃហេង លោកអាចរកបានរហូតដល់២០០ឬ៣០០ដុល្លារពីការលក់សៀវភៅនេះ។
«ឧបមាថា ខ្ញុំលក់តម្លៃ១០ដុល្លារអញ្ចឹង ហើយគេឲ្យខ្ញុំ២០ដុល្លារ គេថាមិនបាច់អាប់ទេ។ ខ្ញុំក៏អរគុណគេ សំពះគេ ហើយក៏ចាប់ដៃគេថើប បានន័យថា ដៃហ្នឹងហើយដែលធ្វើការរកលុយ ដើម្បីជួយទិញសៀវភៅខ្ញុំ ដើម្បីជួយចិញ្ចឹមខ្ញុំ ឲ្យបានរស់រានមានជីវិត»។
លោកប៊ូ ម៉េងធ្លាប់រងទារុណកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងអតីតគុកទួលស្លែងដ៏សែនប្រល័យរបស់ក្រុមខ្មែរក្រហមមួយនេះ។
ដូច្នេះ វាមិនមែនងាយស្រួលប៉ុន្មានទេ ដែលលោកត្រូវវិលត្រឡប់មកទីនេះវិញជារៀងរាល់ថ្ងៃ ដើម្បីលក់សៀវភៅរបស់លោកនោះ។
«ខ្ញុំឲ្យតែចូលមកកន្លែងហ្នឹង ខ្ញុំអួលណែនហើយ។ ប៉ុន្តែមិនដឹងធ្វើ់ម៉េច ការរកស៊ី ការលក់ដូរ ដើម្បីបានថវិកាចិញ្ចឹមកូនខ្លះ ពីព្រោះថវិការដ្ឋដែលជួយខ្ញុំ បានតិចតួច វាចាយមិនគ្រាន់ ស៊ីមិនគ្រាន់។ អញ្ចឹងខ្ញុំឆ្លៀតពេលហ្នឹងមកលក់សៀវភៅដើម្បីយកកម្រៃហ្នឹងចិញ្ចឹមជីវិត»។
លោកហ៊ុយ វណ្ណៈគឺជាអ្នកនិពន្ធសៀវភៅដែលរៀបរាប់ពីជីវិតរបស់លោកប៊ូ ម៉េងនេះ និងបច្ចុប្បន្នលោកជាមន្ត្រីកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម។
«អ្វីដែលខ្ញុំបានធ្វើជាមួយលោកប៊ូម៉េងគឺខ្ញុំគិតយ៉ាងដូច្នេះ គឺប្រឹងប្រែងធ្វើឲ្យសៀវភៅនេះមានន័យសម្រាប់ជីវិតរបស់គាត់ ហើយក៏ជាវិធីមួយដើម្បីជួយគាត់ក្នុងផ្លូវផ្សេងៗ ក្នុងបញ្ហាហិរញ្ញវត្ថុ និងផ្នែកផ្លូវចិត្តរបស់គាត់»។
លោកក្លូត ប្រេលី (Claude Brale) គឺជាអ្នកទេសចរណ៍មកពីប្រទេសកាណាដា ដែលបានទិញសៀវភៅរបស់លោកប៊ូ ម៉េង។
«ខ្ញុំមើលឃើញពីភាពស៊ីជម្រៅយ៉ាងច្រើននៅក្នុងមុខ និងភ្នែករបស់គាត់ ហើយតាមរយៈនោះ ខ្ញុំចង់អានបន្ថែមទៀតអំពីរឿងរបស់គាត់»។
ដូចលោកប៊ូ ម៉េងដែរ លោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងម្នាក់ទៀត ក៏មកលក់សៀវភៅនៅទីនេះជារៀងរាល់ថ្ងៃដែរ ជាជាងទៅចូលរួមសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
លោកនិយាយថា មានតែមកទីនេះទេ ទើបលោកអាចរកប្រាក់បានខ្លះដើម្បីទ្រទ្រង់ជីវិតនិងគ្រួសាររបស់លោកបាន។
«ព្រោះក្មួយដឹងស្រាប់ហើយថា តុលាការចាប់តាំងពីរចាប់ផ្តើមថ្ងៃណាម៉ោ មិនដែលបានផ្តល់អីដល់ជនរងគ្រោះទេ។ នៅសល់តែបីគ្រាប់ហ្នឹង ហើយឥឡូវវ៉ាន់ ណាតស្លាប់ទៀត នៅសល់តែពីរទេ។ មិនទាន់ឃើញលទ្ធផលអីដល់ជនរងគ្រោះបន្តិចណាទេ»។
លោកប៊ូ ម៉េងបន្ទរ៖
«បានជាបាត់ភាគីខ្ញុំមិនទៅចូលរួម ភាគីដែលនៅរស់ហ្នឹង ពីរនាក់ហ្នឹង នៅជ្រងោហ្នឹង នៅអង្គុយលក់សៀវភៅយកលុយ ដើម្បីក្រពះហ្នឹង ម្តេចមិនអាណិតគ្នាផង អាណិតតែអាចុងចោទហ្នឹងខ្លាំងម្ល៉េះ? តុលាការហ្នឹង តុលាការស្អី? ខ្ញុំតូចចិត្តណាស់ ខកចិត្តយ៉ាងខ្លាំង»។
លោកហ៊ុយ វណ្ណៈឆ្លើយតប៖
«តុលាការមិនបានប្រើគំនិតមួយដើម្បីបែងចែកថា ជនរងគ្រោះទួលស្លែងសំខាន់ ឬនៅគុកណាផ្សេងសំខាន់ជាងនោះទេ។ តុលាការស្វាគមន៍ការចូលរួមរាល់ពេលវេលារបស់សាធារណជន តែយើងមិនបានគិតថា ត្រូវតែគាំពារជាពិសេសទៅដល់ភាគីណាមួយទេ»។
យ៉ាងណាក៏ដោយ ក្រុមអ្នកទស្សនាសារមន្ទីរទួលស្លែងនេះជឿថា ការទិញសៀវភៅរបស់អ្នករស់រានមានជីវិតពីអតីតគុកនេះ អាចជួយរួមចំណែកធ្វើឲ្យជីវិតរបស់ពួកគេប្រសើរជាងមុន។
លោកអាដាម ម៉ារីស(Adam Marris) មកពីប្រទេសអូស្ត្រាលី៖
«ខ្ញុំសង្ឃឹមថា វាជួយផ្តល់ភាពសុខស្រួលខ្លះដល់ជីវិតរបស់គាត់ និងអាចឲ្យគាត់មានជីវិតដែលប្រកបដោយគុណភាពល្អជាងនេះ។ ហើយខ្ញុំក៏សង្ឃឹមថា គាត់ទទួលបានការពេញចិត្តខ្លះៗពីការនិយាយចេញនូវរឿងរ៉ាវរបស់គាត់និងប្រហែលជាអាចធ្វើឲ្យពិភពលោកនេះប្រសើរជាងមុន»។
គេមិនដឹងថា តើអតីតអ្នកទោសគុកទួលស្លែងនេះនៅអាចនិយាយរឿងរ៉ាវរបស់ខ្លួនប្រាប់ពិភពលោករហូតដល់ពេលណាទេ នៅពេលដែលវ័យរបស់គាត់កាន់តែជ្រេទៅហើយនោះ។ ប៉ុន្តែសម្រាប់ពេលនេះ ពួកគាត់នៅតែអង្គុយលក់សៀវភៅរបស់គាត់ ដើម្បីបន្តជីវិតរបស់ខ្លួនតទៅទៀត៕