ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អង្កេត៖ គ្រូ​មាន​ទុទិដ្ឋិនិយម​ខ្លាំង​​ចំពោះ​គុណភាព​អប់រំ​កម្ពុជា


ក្នុងរបាយការណ៍​អង្កេត​លើ​វិស័យ​​អប់រំ​ឆ្នាំ២០១១ អ្នក​ផ្តល់​ចម្លើយ​៤៥,៥​ភាគរយ​បាន​ឆ្លើយថា ការ​អប់រំ​គ្មាន​ការអភិវឌ្ឍ និង​៣៩,៤​ភាគរយ​ថា​ការ​អប់រំ​គ្មាន​គុណភាព​ទេ។ ប៉ុន្តែ​ជាង​១៤​ ភាគរយ​បាន​ឆ្លើយថា ការអប់រំ​មាន​ការអភិវឌ្ឍ​ច្រើន។
ក្នុងរបាយការណ៍​អង្កេត​លើ​វិស័យ​​អប់រំ​ឆ្នាំ២០១១ អ្នក​ផ្តល់​ចម្លើយ​៤៥,៥​ភាគរយ​បាន​ឆ្លើយថា ការ​អប់រំ​គ្មាន​ការអភិវឌ្ឍ និង​៣៩,៤​ភាគរយ​ថា​ការ​អប់រំ​គ្មាន​គុណភាព​ទេ។ ប៉ុន្តែ​ជាង​១៤​ ភាគរយ​បាន​ឆ្លើយថា ការអប់រំ​មាន​ការអភិវឌ្ឍ​ច្រើន។

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ គុណភាព​នៃ​ការ​អប់រំ​នៅ​តាម​សាលា​រៀន​រដ្ឋ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ប្រកាស​អាសន្ន។ របាយការណ៍​អង្កេត​លើ​វិស័យអប់រំ​ឆ្នាំ២០១១​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ធ្វើ​សម្ភាសន៍​គ្រូ​បង្រៀន​ចំនួន​៧២៦នាក់​នៅ​ក្នុង​១៧​ខេត្ត​ក្រុង​ ដូចជា​ រាជធានី​ភ្នំពេញ ​ខេត្ត​កំពង់ចាម សៀមរាប​ ព្រៃវែង ​បាត់ដំបង​ ស្វាយរៀង​ កណ្តាល​ បន្ទាយមានជ័យ​ ពោធិ៍សាត់​ជាដើម​ ចាប់ពី​ថ្ងៃទី១​ដល់​ថ្ងៃ​ទី​១៥​ខែ​មិនា​ឆ្នាំ២០១១។

លោក រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន ថា អ្នក​ផ្តល់​ចម្លើយ​៤៥,៥​ភាគរយ​បាន​ឆ្លើយថា ការ​អប់រំ​គ្មាន​ការអភិវឌ្ឍ និង​៣៩,៤​ភាគរយ​ថា ការ​អប់រំ​គ្មាន​គុណភាព​ទេ។ ប៉ុន្តែ​ជាង​១៤​ ភាគរយ​បាន​ឆ្លើយថា ការអប់រំ​មាន​ការអភិវឌ្ឍ​ច្រើន។ លោក​រ៉ុង ឈុន​ថ្លែង​ថា៖

«យើង​មាន​ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​គុណភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា។ គុណភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា​បាន​មក​ដល់​កន្លែង​មួយ​ប្រកាស​អាសន្ន​ហើយ»។

របាយការណ៍​អង្កេត​នេះ​បាន​បង្ហាញ​ថា អ្នក​ផ្តល់​ចម្លើយ​៥២​ភាគរយ​ឆ្លើយ​ថា ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​គឺ​ជា​ការ​ចាំបាច់​ពី​ព្រោះ​ប្រាក់បៀវត្សរ៍​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​អប់រំ។ អ្នក​ផ្តល់​ចម្លើយ​១៥​ភាគរយ​ថា ត្រូវ​ការ​តម្លាភាព និង​ការ​ផ្លាស់ប្តូរ​នាយក​សាលា​ដែល​ដឹកនាំ​មិន​ល្អ។

របាយការណ៍​អង្កេត​នេះ​បាន​បញ្ជាក់​ថា បញ្ហា​បី​ធំៗ​ប៉ះពាល់​ដល់​ការ​បង្រៀន​របស់​គ្រូ​គឺ​២៤​ភាគរយ​បាន​បណ្តាល​មក​ពី​ប្រាក់ខែ​ ១៧​ភាគរយ​បាន​បណ្តាល​មក​ពី​អំពើ​ពុករលួយ ​និង​១៥​ភាគរយ​បាន បណ្តាល​មក​ពី​ការ​ខ្វះខាត​សម្ភារៈ ​និង​ការ​មិន​បាន​បណ្តុះ​បណ្តាល​គ្រូ។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា អ្នក​ផ្តល់​ចម្លើយ​៨៥​ភាគរយ​មិន​បាន​ចូល​រួម​ធ្វើ​សេចក្តី​សម្រេច ចិត្ត ​ក្នុង​នោះ​៣៧​ភាគរយ​បាន​និយាយ​ថា នាយក​សាលា​មិន​ចង់​ធ្វើ​ការ​ប្រឹក្សា​ជាមួយ​ពួកគេ ​និង​២៥​ភាគរយ​បាន​លើក​ឡើង​អំពី​ការ​រើស​អើង​ប្រឆាំង​នឹង​ពួកគេ។

របាយការណ៍​នេះ​ក៏​បាន​បន្ថែម​ថា អ្នកផ្តល់​ចម្លើយ​ជាង​៤៣​ភាគរយ​មិន​ទាន់​បាន​យល់​ច្បាស់​ និង​មិន​ធ្លាប់​ឮ​អំពី​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​នៅ​ឡើយ​ និង​៥៦ភាគរយ​បាន​ដឹង​អំពី​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​នោះ។

លោក ​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ថ្លែងថា លទ្ធផល​អង្កេត​នេះ​ជា​ ឯកសារ​មួយ​សម្រាប់​ឱ្យ​ក្រសួង​អប់រំ​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​កែលំអរ​បញ្ហា​អប់រំ​នៅ​កម្ពុជា​ ហើយ​របាយការណ៍​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង​អប់រំ​នៅ​ថ្ងៃ​នេះ។

លោក អ៊ូ អេង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​អប់រំ​បាន​បដិសេធ​ការ​រក​ឃើញ​របស់​របាយការណ៍​អង្កេត​លើ​វិស័យ​អប់រំ​ឆ្នាំ​២០១១​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​អ៊ូ អេង បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«សេចក្តី​ប្រកាស​របស់​គាត់​អត់​ត្រឹម​ត្រូវ​ទេ។ អត់​ពិត​ទេ។ ក្រសួង​អប់រំ​អត់​ទទួល​យក​បាន​ទេ​ ហើយ​វិស័យ​អប់រំនៅ​កម្ពុជា​មិន​ធ្លាក់​ចុះ​ដល់​ថ្នាក់​ដូចគាត់​និយាយ​នោះ​ទេ»៕

XS
SM
MD
LG