ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទា​ទោស​លោក ​ថាច់ សេដ្ឋា ​ពី​បទ​ញុះញង់


លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ចៅក្រម​តុលាការ​កំពូល​ លោក ​យូ ឧត្តរា ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រកាស​សាល​ដីកា​ ដោយ​កាត់​ទោស​លោក​ ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ​ពី​បទ​ញុះញង់​ តាម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ដាក់​ពន្ធនាគារ​រូប​លោក​រយៈ​ពេល​៣​ឆ្នាំ។​សាល​ដីកា​របស់​តុលាការ​កំពូល​គឺ​ជា​សេចក្តី​សម្រេច​បិទ​ផ្លូវ​តវ៉ា។​

កាលពី​ខែ​តុលា ​ឆ្នាំ​២០២៣​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោក ​ថាច់ សេដ្ឋា ​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង។ ​

លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​កំណត់​ចំនួន​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល។​

លោក​ ជូង ជូងី ​មេធាវី​របស់​លោក ​ថាច់ សេដ្ឋា​ ថ្លែង​ថា​ លោក​មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​ឡើយ​លើ​ការ​សម្រេច​របស់​តុលាការ​កំពូល ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។​

មេធាវី ​ជូង ជូងី​ ធ្លាប់​ថ្លែង​ថា​ កូន​ក្តី​របស់​លោក​មិន​មានចេតនា​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ឬ​ក៏​មិន​មាន​ចេតនា​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។​

នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល​កាល​ពី​ចុង​ខែ​កក្កដា​ លោក​ ថាច់ សេដ្ឋា​ បាន​ទទូច​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​រូប​លោក។​ លោក​បញ្ជាក់​ថា ​ការ​លើក​ឡើង​របស់​លោក​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​ផ្អែក​តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​ដែល​លោក​ថា​ គណបក្ស​កំពុង​កាន់​អំណាច​មួយ​នេះ​មាន​ដើម​កំណើត​ពី​«យួន»។​

លោក​បន្ត​ថា​ ​រដ្ឋាភិបាល​គួរ​ដំឡើង​ស្តូប​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ជា​ជាង​ធ្វើ​ស្តូប​មិត្ត​ភាព​កម្ពុជា-វៀតណាម​ អរគុណ​វៀតណាម។​
លោក​ ថាច់ សេដ្ឋា ​បញ្ជាក់​ថា​ អ្វី​ដែល​លោក​ថ្លែង​កន្លង​មក​មិន​មាន​ចេតនា​ញុះញង់​ឡើយ​ ហើយ​វា​ជា​ការ​បញ្ចេញ​មតិ​របស់​លោក។​

លោក ​អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​របស់​អង្គការ​លីកាដូ​ ថ្លែង​ថា ​អ្នក​នយោបាយ​តែង​តែ​បញ្ចេញ​វោហារ​សព្ទ​របស់​ខ្លួន​ ដើម្បី​ទាក់​ទាញ​អ្នក​គាំទ្រ។​ លោក​បន្ត​ថា​ ការ​កាត់​ទោស​លោក ​ថាច់ សេដ្ឋា ​ប៉ះពាល់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

បើ​តាម​លោក ​អំ សំអាត​ ការ​បកស្រាយ​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​បទ​ញុះញង់​មាន​ភាព​ចម្រូង​ចម្រាស​នៅ​កម្ពុជា ​ដោយសារ​មាន​ការ​ចោទ​ប្រកាន់​លើ​អ្នក​នយោបាយ​ដែល​កំពុង​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពួកគេ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ការ​អនុវត្ត​សិទ្ធិ​និង​សេរីភាព​របស់​ពួកគាត់​ហ្នឹង​ត្រូវ​បាន​ចោទ​ប្រកាន់​ ត្រូវ​បាន​កាត់​ទោស ​ហើយ​នឹង​ធ្វើ​ការ​ចាប់​ខ្លួន​ទៅ​វិញ។ ​ អាហ្នឹង​គឺ​ធ្វើ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ថា​ ជា​ការ​បំពាន​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។​

គួរ​បញ្ជាក់​ថា​ ក្រៅ​ពី​សំណុំ​រឿង​បទ​ញុះ​ញង់​នេះ ​លោក ​ថាច់ សេដ្ឋា ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០២៣ ​ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន។ ​លោក​ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ ​និង​ត្រូវ​បង់​លុយ​ជំពាក់​ចំនួន ​៣៣.៤០០​ដុល្លារ​អាមេរិក​ ត្រូវ​បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ​ចំនួន ៣​លាន​រៀល និង ៥​លាន​រៀល​ត្រូវ​បង់​សង​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​បញ្ចាំ​មួយ​ដែល​ជា​ដើម​បណ្តឹង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG