អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះបានអំពាវនាវរកប្រាក់៣ពាន់លានដុល្លារដើម្បីយកទៅជួយជនរងគ្រោះដោយសារជម្លោះដែលបានផ្ទុះឡើងកាលពីខែមុននៅក្នុងប្រទេសស៊ូដង់។
ទីភ្នាក់ងារមនុស្សធម៌នៃអង្គការសហប្រជាជាតិ បាននិយាយថាខ្លួនត្រូវការប្រាក់ចំនួន ២,៦ពាន់លានដុល្លារដើម្បីជួយពលរដ្ឋនៅក្នុងប្រទេសស៊ូដង់ ដោយនិយាយថាមនុស្ស២៥លាននាក់ នៅក្នុងប្រទេសនេះ ត្រូវការជំនួយមនុស្សធម៌ និងការការពារ។
លោក Ramesh Rajasingham ប្រធាននៃការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ នៅក្នុងទីក្រុងហ្សឺណែវ និងជានាយកនៃសាខាសម្របសម្រួល បានថ្លែងថា ការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ ជា «រឿងតក់ស្លុតយ៉ាងសាហាវមួយ សម្រាប់ពលរដ្ឋស៊ូដង់»។
លោក Rajasingham បានថ្លែងថាជម្លោះនេះបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៦៧៦នាក់ ហើយថាចំនួនអ្នកស្លាប់ពិតប្រាកដអាចមានច្រើនជាងនេះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន បានអំពាវនាវរកប្រាក់៤០០លានដុល្លារផងដែរ ដើម្បីយកទៅជួយជនដែលបានភៀសខ្លួនទៅប្រទេសជិតខាង ដើម្បីរត់គេចពីការវាយប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់។
អ្នកស្រី Mervat Shelbaya ប្រធាននៃសាខាគាំទ្រអន្តរទីភ្នាក់ងារនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៅទីក្រុងហ្សឺណែវ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃពុធនេះថា ការប្រយុទ្ធគ្នា បានបង្ខំឱ្យមនុស្សជិត១លាននាក់ រត់ចោលផ្ទះសម្បែង ហើយបានបង្ខំឱ្យមនុស្សចំនួន២២០.០០០នាក់ រត់ទៅប្រទេសជិតខាង៕